សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ផុតលេខ ផ្កាយមាស៥, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិ ដែលបានសាងសង់ថ្មីយ៉ាងស្កឹមស្កៃ នៅលើទីតាំងចាស់។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គូសបញ្ជាក់ថា៖ ពិធីសម្ពោធ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី នាព្រឹកថ្ងៃទី២៩ ធ្នូនេះ បានប្រព្រឹត្តទៅស្រប ពេលទិវានយោបាយឈ្នះ ឈ្នះ ខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា «២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១» និងក្នុងស្ថានភាពប្រទេសជាតិ មានភាពប្រសើរឡើងវិញ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបាន ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសនៅក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលជានិច្ចកាល បានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គ្រប់គ្រងស្ថានការណ៍ នៃការឆ្លងរីករាលដាលជំងឺកូរ៉ដ-១៩ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ចំពោះការសាងសង់អគាររដ្ឋបាល និងសាលប្រជុំ ទីស្តីការក្រសួងការពារជាតិ ដែលបានចំណាយថវិកាសរុប ជាង ៣០លាន ៥សែនដុល្លាអាមេរិក នោះ សម្ដេចពិជ័យសេនា បញ្ជាក់ថា៖ ក្នុងនេះមានតម្លៃរចនាបថ ប្លង់ ស្ថាបត្យកម្ម ជាង៥សែន៩ម៉ឺនដុល្លាអាមេរិក និងតម្លៃសាងសង់ជាង ២៩លាន៩សែនដុល្លារអាមេរិក, ហើយការចំណាយនេះ ពុំទាន់គិតបញ្ចូលនូវថវិកាមួយចំនួនដូចជា៖
-ពន្ធអាករ និងពន្ធនាំចូល ជាបន្ទុករបស់រដ្ឋ ជាង៣លានដុល្លារអាមេរិក
-គ្រឿងបំពាក់ ដូចជាមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ បច្ចេកវិទ្យាទំនើប រួមមាន ផ្ទាំងLED, ប្រព័ន្ធសំឡេង ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ទ្វារចេញចូលសុវត្ថិភាព វិទ្យុទាក់ទង អ៊ីនធឺណេត និងការរៀបចំ ជណ្តើរយន្ត ជណ្តើរយោង ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនពន្លត់អគ្គិភ័យ និងគ្រឿងសង្ហារឹមផ្សេងៗសរុប ជាង៩លានដុល្លារអាមេរិក ថែមទៀត។
-ព្រមជាមួយរចនាសម្ព័ន្ធរណប ដូចជាការជួសជុលរៀបចំឡើងវិញ ផ្លូវជុំវិញ និងទីលានមុខក្រសួង ដងទង់ជាតិ សួនច្បារ ប្រព័ន្ធលូទឹកកខ្វក់ បណ្ដាញទឹកភ្លើង បន្ទប់ចរន្តអគ្គិសនី។ល។
អគារក្រសួងការពារជាតិថ្មីនេះ ត្រូវបានសាងសង់ក្រោមថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងការចូលរួម ជួយគាំទ្រឧបត្ថម្ភ ទាំងថវិកា ឧបករណ៍ សម្ភារៈ ពីដៃគូកិច្ចសហប្រតិបត្តិការ សប្បុរសជន និងក្រុមហ៊ុន។ អគារថ្មីនេះ មានទទឹង ២៨ម៉ែត្រ បណ្តោយ១៩១ម៉ែត្រ និងកំពស់ ៣២ម៉ែត្រ ដែលមានផ្ទៃក្រឡាសរុប ៣ម៉ឺន ៤ពាន់ម៉ែត្រក្រឡា និងមានចំណតរថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបាន ១៥០គ្រឿង។ តាមគម្រោងកិច្ចសន្យាសាងសង់ សំណង់អគារនេះគ្រោងនឹងបញ្ចប់រយៈពេល ៣៦ខែ ប៉ុន្តែដោយសារការ រីករាលដាលជំងឺកូដ១៩ បានពន្យាពេល៤ខែបន្ត ដូចនេះ ប្រើប្រាស់រយៈពេលសាងសង់ ៤០ខែ គិតចាប់ ពី ថ្ងៃសាងសង់រហូតដល់ពេលបិទបញ្ចប់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ សំណង់អគារទីស្តីការក្រសួងការពារជាតិ មាន រចនាបថតាមស្ថាបត្យកម្មបែបទំនើបទាន់សម័យ ស្របនឹងភាពរីកចម្រើនប្រទេសជាតិ លើគ្រប់វិស័យ សម្រាប់បំពេញការងារតាមតួនាទី ភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន។
ថវិកាដែលចំណាយ លើការសាងសង់រួមមាន ៖
-ថវិកាបដិភាគរាជរដ្ឋាភិបាល ប្រហែល ២លាន៨សែនដុល្លារអាមេរិក
-ការជួយគាំទ្រឧបត្ថម្ភពីប្រទេសជាដៃគូ មានក្រសួងការពារជាតិចិន និងក្រសួងការពារប្រទេសវៀតណាម ។
-ការជួយគាំទ្រពីសប្បុរសជន និងក្រុមហ៊ុននានាក្នុងស្រុក
-ការជួយគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលផ្លូវ និងរៀបចំលំអរឡើងវិញសួនច្បារនៅមុខក្រសួងការពារជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវអបអរសាទរ និងមោទនភាព ចំពោះសមិទ្ធផល អគាររដ្ឋបាល និងសាលប្រជុំ នៃទីស្ដីការក្រសួងការពារជាតិ ដែលត្រូវបានសាងសង់ ឲ្យមានទំហំយ៉ាងធំ ឆ្លើយតបទៅ ស្ថានភាព នៃការរីកចម្រើន និងតម្រូវការ នៃការប្រើប្រាស់ក្នុងវិស័យការពារជាតិ ហើយសម្ដេចតេជោ ក៏ចូលរួមជាមួយសម្ដេចពិជ័យសេនា ថ្លែងនូវការអរគុណ ដល់ថ្នាក់ដឹកនាំ ទាំងរដ្ឋ ទាំងវិស័យឯកជន ក៏ដូចជាការចូលរួមពីកងទ័ព សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។
បន្ថែមលើនេះ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងមេបញ្ជាការដ្ឋាន នៃគ្រប់ប្រភេទទ័ព ទាំងជើងទឹក, ជើងគោក និងជើងអាកាស ព្រមទាំង យោធភូមិភាគ, កងពល និងតំបន់ប្រតិបត្តិការសឹកទាំងឡាយ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយ សម្ដេច គូសបញ្ជាក់ថា៖ កងទ័ពរបស់យើង បន្ទាប់ពីសង្គ្រាម យើងបានចូលរួមយ៉ាងសកម្ម នៅក្នុងយុទ្ធនាការ ទាំងឡាយ ដែលពាក់ព័ន្ធនឹងការកើតឡើងនូវគ្រោះមហន្តរាយ យើងបានឆ្លងកាត់នូវការងារលំបាកៗជាច្រើន ដែលក្នុងនោះ ការជួបប្រទះកាន់តែច្រើនឡើង ទាក់ទិននឹងគ្រោះមហន្តរាយ ដូចជាទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត ក៏ដូចជាការរលំបាក់អាគារជាដើម ហើយចុងក្រោយនេះ យុទ្ធនាការ នៅក្នុងការចាក់វ៉ាក់សាំង សម្រាប់ប្រជាជនទូទាំងប្រទេស រួមចំណែក ដើម្បីទប់ស្កាត់នូវការរីករាលដាល នៃកូវីដ-១៩។ ជាពិសេសកងទ័ពរបស់យើង ក្នុងរយៈពេលកន្លងទៅនេះ បានធ្វើកិច្ចការជាច្រើន ស្របជាមួយនឹងគោលនយោបាយ នៃខឿនការពារជាតិរបស់ប្រជាជន។ ជាមួយនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកបញ្ហាមួយចំនួន ពាក់ព័ន្ធទៅនឹងកាតព្វកិច្ច ហើយនិងបកស្រាយទៅនឹងបញ្ហាខ្លះ ដែលទាក់ទងទៅនឹងកិច្ចការនៅពេលខាងមុខ ដែលក្នុងនេះ សម្ដេចតេជោ បានឲ្យក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុនអគ្គិសនីកម្ពុជា ពិនិត្យលើលទ្ធភាព ក្នុងការលុបបំណុលចាស់ ដែលក្រសួងការពារជាតិ ជំពាក់ថ្លៃអគ្គិសនី ដែលមានប្រមាណ ៩ពាន់លាន រៀល ឬប្រមាណជាង២លានដុល្លា។
បន្ថែមលើនេះ សម្ដេចតេជោ ក៏នឹងចេញបទបញ្ជា លើបញ្ហាការរៀបចំបន្ថែមថវិកា សម្រាប់ការប្រើប្រាស់អគ្គីសនី ប្រចាំឆ្នាំ របស់ក្រសួងការពារជាតិ, ប៉ុន្តែទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏សុំត្រឡប់មកវិញ ពីបណ្ដាអង្គភាព ទាំងអស់ទូទាំងកងយោធពលខេមរភូមិន្ទ ឲ្យសំចៃក្នុងការប្រើប្រាស់អគ្គិសនី ដែលនេះជាផ្នែកមួយ ប្រឆាំង នឹងភាពខ្ជះខ្ជាយ ខ្វះការសន្សំសំចៃ។ ចំណុចមួយទៀត សម្ដេចតេជោ បានស្នើឲ្យពិនិត្យមើល ដើម្បីដាក់ចូលទៅក្នុងប្រក្រតិទិន នូវទិវាអបអរសាទរ រំលឹកខួប នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ។ សម្ដេចតេជោបានបញ្ជាក់ថា គ្រាន់តែដាក់បញ្ចូលក្នុងប្រក្រតិទិន ហើយធ្វើពិធីរំលឹករៀងរាល់ឆ្នាំ ប៉ុន្តែមិនបាច់ដាក់ការឈប់សម្រាកទេ។ ជាងនេះទៀត និងជាថ្មីម្ដងទៀត សម្ដេចតេជោ បានប្រកាសថា មិនអនុញ្ញាតឲ្យអ្នកណា មកធ្វើបដិវត្តន៍ព៌ណ នៅលើទឹកដីកម្ពុជាបានទេ។ សម្ដេចបន្ថែមថា៖ យើងស្គាល់រសជាតិ នៃការឈឺចាប់នៅពេលដែលកើតសង្គ្រាម យើងមិនធ្វេសប្រហែសជាមួយនឹងការគិតគូរទាំងឡាយ ទៅលើសន្តិសុខជាតិរបស់យើងទេ។ ក្នុងបញ្ហានេះដែរ ជាចំណុចបន្ថែម សម្ដេចតេជោ បានប្រាប់ពីគន្លឹះ របស់មេបដិវត្តន៍ព៌ណ គឺអព្យាក្រឹតកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល, ឯគន្លឹះនៃអ្នកការពារប្រទេស ការពាររដ្ឋធម្មនុញ្ញ គឺត្រូវតែក្ដាប់ឱ្យជាប់កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ បន្ថែមលើនេះ សម្ដេចតេជោ ក៏រំលឹកផ្ដាំផ្ញើផងដែរ លើការបន្តការកែទម្រង់កងទ័ពតទៅទៀត ដោយក្នុងនោះ ការហ្វឹកហ្វឺនត្រូវធ្វើឲ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងកម្លាំងកងទ័ពឲ្យរឹងមាំ និងត្រូវតែពង្រឹង នូវនយោបាយ ខឿនការពារជាតិរបស់ប្រជាជន។
បន្ទាប់ពីបញ្ចប់ប្រសាសន៍ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់កិត្តិយស បំពាក់ឥស្សរិយយស សហមេត្រី ជូនដល់តំណាងក្រសួងការពារជាតិចិន, តំណាងក្រសួងការពារប្រទេសវៀតណាម និងបំពាក់ឥស្សរិយយសជូន នាយទាហានជាន់ខ្ពស់មួយចំនួន ផងដែរ ៕