ពិធីបើកវគ្គថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ គឺជាលំហាត់ហ្វឹកហ្វឺនរួមគ្នាជាលើកទីពីរ រវាងកងទ័ពទាំងពីរកម្ពុជា និងចិន ដែលបន្ទាប់ពីរលំហាត់នាគមាសឆ្នាំ២០១៦។ កម្មវិធីបើកវគ្គលំហាត់ហ្វឹកហ្វឺននេះ មានការចូលរួមជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃខ.ភ.ម និងឯកឧត្តម ឧត្តមសេនីយ៍ទោ ចាំង ជៀង មេបញ្ជាការកងទ័ពជើងគោកតំបន់ទិសខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន និងនាយទាហាន នាយទាហានរង ពលទាហានចូលរួមលំហាត់នៃកងទ័ពទាំងពីរ។
ក្នុងសន្ទរកថារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រាល់គោលបំណង ខ្លឹមសារនៃលំហាត់ហ្វឹកហ្វឺនរួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជានិងចិន កម្ពុជាធ្វើឡើងជាលក្ខណៈទ្វេភាគី ក្រោមការជួយឧបត្ថម្ភគាំទ្រពីសាធារណៈរដ្ឋប្រជាមានិតចិន បានឆ្លុះបញ្ចាំង និងផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅ ទៅនឹងកិច្ចសហប្រតិបត្តិការលើកស្ទួយទំនាក់ទំនងល្អ បង្កើនចំណងមិត្តភាព សាមគ្គីភាព ចូលរួមការបណ្តុះបណ្តាលនូវចំណេះដឹង ចំណេះធ្វើ ផ្តល់ឱកាសដ៏មានតម្លៃក្នុងការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ក្នុងការបំពេញភារកិច្ច និងការរស់នៅរួមគ្នាជាមួយជាតិសាសន៍ជាច្រើនក្នុងពេលប្រតិបត្តិការ។
ក្នុងសន្ទរកថារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាំង ជៀង មេបញ្ជាការកងទ័ពជើងគោកតំបន់ទិសខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនឆ្នាំនេះ លំហាត់នាគមាសបានលេចរូបរាងជាថ្មីម្តងទៀត ដែលមានកម្លាំងទ័ពចូលរួមហ្វឹកហ្វឺនកាន់តែច្រើន ខ្លឹមសារប្រធានបទកាន់តែមានលក្ខណៈខិតជិតការប្រយុទ្ធពិត បរិក្ខាសព្វាវុធចូលរួមបំរើក្នុងលំហាត់កាន់តែច្រើនចម្រុះ នេះគឺជាកាដូអបអរសាទរមួយនៃដំណើរដ៏រុងរឿង នៃទំនាក់ទំនងប្រទេសទាំងពីរ ដែលរួមសុខរួមទុក្ខនឹងគ្នាក្នុងរយៈកាល៦០ឆ្នាំ និងថែមទាំងជាឱកាសមួយសម្រាប់ជំរុញលើកកម្ពស់សមត្ថភាព ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការ និងបន្តស្នងនូវចំណងមិត្តភាពនៃកងទ័ពទាំងពីរផងដែរ។ ដែលមុខជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងកងទ័ពទាំងពីរអោយកាន់តែមានការរីកចម្រើនឆ្ពោះទៅមុខ។
អនុព័ន្ធចិនប្រចាំកម្ពុជា លោក លី នីងយ៉ា បានមានប្រសាសន៍ពេលសម្ភាស៍មុខបើកវគ្គលំហាត់ហ្វឹកហ្វឺនថា លំហាត់ហ្វឹកហ្វឺនរួមគ្នាលើកនេះ គឺឈរលើប្រធានបទប្រឆាំងភេរវកម្ម ដើម្បីរៀបចំការហ្វឹកហ្វឺន ក្រោមសេនារីយោមួយដែលមានក្រុមភេរវកម្មមួយក្រុម ដែលចូលមកសំងំនៅក្នុងតំបន់មួយកន្លែងក្នុងប្រទេសកម្ពុជា ដោយមានបំណងបន្តសកម្មភាពភេរវកម្ម ដោយភាគីទាំងពីរនឹងរៀបចំធ្វើការហ្វឹកហ្វឺនប្រតិបត្តិការវាយប្រហារ និងបោសសម្អាតនឹងរៀបចំការងារជួយសង្គ្រោះមនុស្សធម៌មួយចំនួន។ យោងតាមការឧទ្ទេសនាមរបស់ប្រធានក្រុមដឹកនាំលំហាត់របស់ភាគីចិន លោក ចាំង យ៉ានសុង លំហាត់ហ្វឹកហ្វឺនលើកនេះ គឺជាការហ្វឹកហ្វឺនចម្រុះគ្នា ដោយផ្តោតលើខ្លឹមសារបួនសំខាន់ដូចជា យុទ្ធវិធីជំនាញប្រឆាំងនឹងភេរវកម្ម ការសហការបញ្ជាប្រយុទ្ធរួមគ្នា ការហ្វឹកហាត់ប្រយុទ្ធលើទីលានជាក់ស្តែង និងការងារជួយសង្គ្រោះមនុស្សធម៌ជាដើម ដោយរៀបចំជាមេរៀនហ្វឹកហ្វឺនសំខាន់ដូចជា ការប្រើប្រាស់បរិក្ខាប្រឆាំងភេរវកម្ម ការបាញ់អាវុធធន់ស្រាល ក្បាច់គុណប្រយុទ្ធ ហ្វឹកហាត់ទម្លាក់កម្លាំងពីឧទ្ធម្ភាចក្រ ការចល័តចូល ការតាមចាប់ និងបោសសម្អាតជាដើម។ គោលបំណង់គឺដើម្បីពង្រឹងសមត្ថភាពកងទ័ពទាំងពីរក្នុងការហ្វឹកហ្វឺនរួមគ្នាប្រយុទ្ធនឹងអំពើភេរវកម្ម និងការងារជួយសង្គ្រោះមនុស្សធម៌។ ក្នុងកំឡុងពេលហ្វឹកហ្វឺន ភាគីទាំងពីរនឹងរៀបចំការងារមនុស្សធម៌ដូចជា ជូនអំណោយប្រជាពលរដ្ឋក្នុងតំបន់ ប្រគល់សម្ភារៈសិក្សាដល់សិក្សានុសិស្ស ជួយជួសជុលផ្ទះប្រជាពលរដ្ឋ និងរៀបចំពិនិត្យសុខភាពបើកជាថ្នាំព្យាបាលផ្សេងៗជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ជាដើម ៕