សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​លំហាត់​សម​យុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨​

      លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាង ខ.ភ.ម និង កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​​បញ្ចប់​​ប្រកប​ដោយ​​ជោគ​ជ័យ​ នាព្រឹកថ្ងៃទី២៩ ​ខែ​មីនា ​ឆ្នាំ២០១៨​នេះ ​នៅ​តំបន់​ភ្នំ​ធំ​ម្រះ​ព្រៅ ​ឃុំ​ក្រាំង​អំពិល​ ស្រុក​សំរោង​ទង​​ ខេត្ត​កំពង់​ស្ពឺ​, ​ដែល​ពិធី​បិទ​បាន​ប្រព្រឹត្ត​ទៅ​​ក្រោម​​​​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​,​ ឯកឧត្តម​ ស្យង់​ បូ ​ឯក​អគ្គរដ្ឋទូត​ចិន​ប្រ​ចាំ​នៅ​កម្ពុជា​ និង​ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ​ចុវ​ សុងហឺរ​​ (Zhou Songhe) ​មេ​បញ្ជាការ​រង​កងទ័​ព​ជើង​គោក ​នៃ​កង​ទ័ព​រំដោះ​ប្រ​ជា​ជន​ចិន​។​លំហាត់​​សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាង ខ.ភ.ម និង កងទ័ពរំដោះប្រជាជនចិន ត្រូវបាន​ធ្វើឡើង​ដើម្បី​អបអរ​​សាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើង​នៅក្នុង​ឆ្នាំ១៩៥៨។ លំហាត់​សម​យុទ្ធ​​នេះ​ មានរយៈពេល១៧ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ឆ្នាំ២០១៨ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង​​ការ​ងារ​មនុស្សធម៌» ដោយ​ផ្តោត​លើសកម្មភាពប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការដោះមីន និងការ​ជួយ​សង្គ្រោះ​​​ប្រជា​ពលរដ្ឋ​ពីគ្រោះមហន្តរាយ។ លំហាត់សមយុទ្ធនេះ មានកម្លាំងចូលរួមសរុប ៥១៦នាក់​៖ លំហាត់​​ទី​​បញ្ជាការ មានចំនួន ៤៤នាក់/ កងទ័ពចិន ២០នាក់ និងកម្ពុជា ២៤នាក់។ លំហាត់​លើទីលាន មាន​ចំនួន​​ ៤២៧នាក់/ កងទ័ពចិន ១៧១នាក់ និងកម្ពុជា ២៥៦នាក់ ។តាមរបាយការណ៍របស់ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និង​ជាប្រធាន   គណៈកម្មការដឹកនាំលំហាត់នាគមាស២០១៨ បាន​រាយការណ៍ឲ្យដឹងថា លំហាត់​ហ្វឹ​កហ្វឺនរួមគ្នានាពេលនេះ មានរៀបចំទាំងលំហាត់នៅទីបញ្ជាការ និង​លំហាត់​អនុវត្តជាក់​ស្តែង​នៅលើទីលាន សំដៅលើកកម្ពស់សមត្ថភាពវិស័យប្រឆាំងភេរវកម្ម និងការងារ​មនុស្ស​ធម៌ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ តាមរយៈលំហាត់ហ្វឹកហ្វឺននេះ បានផ្តល់​ឱកាស​ឲ្យ​កង​ទ័ព​ប្រទេស​ទាំងពីរបានរៀនសូត្រ ដកបទពិសោធន៍ ពង្រឹងសមត្ថភាព សហការ​គ្នាកាន់តែជិតស្នីទថែមទៀត ដើម្បី​ចូលរួ​​មក្នុងកិច្ចការមនុស្សធម៌ទាំងក្នុងតំបន់ និង​សកលលោក។ ប្រការដែលគួរកត់សម្គាល់នោះ ការ​រៀប​ចំលំហាត់ហ្វឹកហ្វឺន មានរយៈ​ពេល១៧ថ្ងៃ មានកងទ័ពប្រទេសទាំងពីរចូលរួមកាន់តែច្រើន ប្រើ​ប្រាស់​មធ្យោបាយ សម្ភារៈ បច្ចេកទេស គ្រឿងចក្រ ឧបករណ៍អាវុធយុទ្ធភណ្ឌកាន់តែទំនើប និងបាញ់គ្រាប់ពិត​មាន​ចំនួន​ច្រើន បើប្រៀបធៀបជាមួយការរៀបចំ លំហាត់ហ្វឹកហ្វឺន​នាគមាស​កាលពីឆ្នាំ២០១៦​កន្លងមក ។
       ឧត្តមសេនីយ៍ឯក ចុវ សុងហឺរ (Zhou Songhe) មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ព​រំដោះ​ប្រជា​ជន​ចិន បានហៅទំនាក់ទំនងរវាងកម្ពុជា-ចិន ថាជាមហាមិត្តភាពជាប្រពៃ ដែល​បាន​កសាង​ឡើង​ដោយ​ផ្ចិត​ផ្ចង់​ ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរគឺលោកប្រធាន ម៉ៅ សេទុង, លោកនាយករដ្ឋមន្ត្រី ជូ អេន​ឡាយ​ និងព្រះបរមរតនៈកោដ នរោត្តម សីហនុ ហើយបន្តរហូតដល់បច្ចុប្បន្ន។ ឧត្តមសេនីយ៍ឯក ចុវ សុងហឺរ​​ បាន​បន្តថា ការហ្វឹកហ្វឺនសមយុទ្ធយោធារួមគ្នាពេលនេះ គឺជាការពង្រឹង និងការអភិវឌ្ឍន៍មហាមិត្ត រវាង​ប្រទេស​ទាំងពីរ ហើយប្រទេសទាំងពីរ គឺជាដៃគូរដែលបានទុកចិត្តលើគ្នាយ៉ាងស្មោះត្រង់ កង​ទ័ព​ទាំង​ពីរ​កម្ពុជា​-​ចិន គឺជាបងប្អូនដ៏ល្អ ចិត្តមួយថ្លើមមួយ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏ល្អ ហើយ​ទំនាក់​ទំនង​ការទូត​៦០ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម ការ​វិនិ​យោគ ទំនាក់ទំនងទូរគមនាគមន៍ វិស័យធនធានថាមពល កិច្ចការតំបន់ និងកិច្ចការ​អន្តរជាតិ ឲ្យ​ទទួល​បាន​លទ្ធ​ផលជាផ្លែផ្កាយ៉ាងត្រចេះត្រចង់ផងដែរ។ឧត្តម​សេនីយ៍​ឯក ចុវ សុងហឺរ បានបញ្ជាក់ថា ក្រសួង​ទាំង​ពីរ​ បានបង្កើតជាកិច្ចសហប្រតិបត្តិ ជាច្រើនគ្រប់ទ្រង់ទ្រាយ កងទ័ព​ទាំងពីរ​បាន​រក្សា​ទំនាក់​ទំនង​ផ្លាស់​ផ្តូរ​បទ​ពិសោធន៍​​គ្រប់​​ជាន់​ថ្នាក់​។ ដោយឡែកចាប់ពីឆ្នាំ២០០២មក កងទ័ពចិន បានជួយកសាងវិទ្យាស្ថាន និង​សា​លា​​ក្នុ​ងកងយោធពលខេមរភូមិន្ទ បច្ចុប្បន្នវិទ្យាស្ថាន និងសាលាកងទ័ពជើងគោក នៃកងទ័ព​រំដោះ​ប្រជា​ជន​ចិន​ សរុប ១២សាលា ក្នុងនោះមាន៨សាលា (វិទ្យាស្ថានបញ្ជាការ សកលវិទ្យាល័យ​វិស្វកម្ម វិទ្យា​ស្ថាន​កង​ទ័ព​ថ្មើរ​ជើង វិទ្យាស្ថានរថពាសដែក វិទ្យាស្ថានកាំភ្លើងធំ ការពារអាកាស វិទ្យាស្ថានទ័ពអាកាស វិទ្យា​ស្ថាន​ទ័ព​ពិសេស និងវិទ្យាស្ថានការពារជីមីសាស្ត្រ។អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម ស្យង់ បូ អះអាងថា រដ្ឋា​ភិបាល​ចិន​ នៅតែបន្ត​គាំទ្រ​ពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារបូរណភាព អធិប​​តេយ្យ​​របស់​ខ្លួន។ ជាមួយនឹងការប្រកាសជំហររបស់ចិននេះ ឯកឧត្តម ស្យង់ បូ ក៏បានកោតសរសើរ​ចំពោះ​​ភាព​រីក​ចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ហើយលោក ជឿជាក់ថា ប្រទេសកម្ពុជា នឹង​បន្ត​រីក​ចម្រើនរឹងមាំកាន់តែខ្លាំងថែមទៀត នៅថ្ងៃខាងមុខ។
      ថ្លែង​ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ការពារ​ជាតិ គូស​បញ្ជាក់​ថា គុណសម្បត្តិនៃសមយុទ្ធនាគមាសឆ្នាំ២០១៨ គឺដើម្បីឲ្យកងទ័ពកម្ពុជា មានសមត្ថភាពកាន់តែខ្ពស់​ក្នុង​ការការពារជាតិ។ សម្តេចពិជ័យសេនា ចាត់ទុកថា​ លំហាត់​ហ្វឹកហ្វឺននេះ គឺជា​ការ​ងារ​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​ការអភិវឌ្ឍសមត្ថភាពយោធិន ដែលជា​ជ្រុងអាទិភាពមួយ នៃ​ការកែ​ទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​កម្ពុជា​ នាពេលអនាគត។សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ក្នុង​យុទ្ធ​សាស្ត្រ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែលមាន​សម្តេច​តេជោ ហ៊ុន​សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ផែនការកែទម្រង់​កងយោធ​ពល​​​ខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់ប្រភេទ ដើម្បី​ធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យភាពជាតិ បូរណ​ភាព​ទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា។ប្រមុខការពារជាតិ បានបញ្ជាក់ថា កងយោធពខេមរភូមិន្ទ បាន​ធ្វើ​ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើគុណភាពហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុង​គោលដៅ​កសាងជួរកងកម្លាំងប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត ដែលជាកត្តាគន្លឹះ ដ៏​សំខាន់​មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តភាព​ក្នុង​ការ​កែ​ទម្រង់​លើ​គ្រប់វិស័យនៅកម្ពុជា៕

រូបភាព
វីដេអូ