ព័ត៌មាន

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធ​យោធា​ចាស់​ ថ្មី​ កង​ទ័ព​ជើង​គោក​ និង​កង​ទ័ព​ជើង​ទឹក​ នៃ​កង​ទ័ព​ភូមិន្ទ​ថៃ ​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ចូលជួបសំ​ដែងការគួរសម និង​ជម្រាប​លា
នាយកដ្ឋានព័ត៌មាន(៣)
61
1232 នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធ​យោធា​ចាស់​ ថ្មី​ កង​ទ័ព​ជើង​គោក​ និង​កង​ទ័ព​ជើង​ទឹក​ នៃ​កង​ទ័ព​ភូមិន្ទ​ថៃ ​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ចូលជួបសំ​ដែងការគួរសម និង​ជម្រាប​លា

     ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ (Sarayuth Bunchheur) អនុព័ន្ធយោធាកងទ័ពជើងគោក​ នៃកងទ័ពភូមិន្ទថៃ និងលោកវរនាវីឯក ចាក់ទុរុង ឌីភីងទុន (Chak​tou​rong​ Diphingtun) អនុព័ន្ធយោធាកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែល​ត្រូវបញ្ចប់អាណត្តិការទូតយោធា នៅកម្ពុជា ចូលជួបសំដែងការគួរសម ជម្រាបលា និងបង្ហាញមុខ លោកប្រធានការិយាល័យអនុព័ន្ធយោធាកងទ័ពជើងគោក និងកងទ័ពជើងទឹកថ្មី ដែលត្រូវបន្តអាណត្តិការទូត ពីលោក​អនុព័ន្ធយោធាចាស់​ ដែលត្រូវបញ្ចប់អាណត្តិ នៅបន្ទប់សំណាក់សំណាលអគ្គបញ្ជាការដ្ឋាន នាទីក្រុងភ្នំពេញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ 


     ក្នុងជំនួបនាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​សម្ដែងការស្វាគមន៍ និង​ជម្រាប​ជូន​សង្ខេប​អំពី​ស្ថាន​ការណ៍​ទូទៅ​នៅកម្ពុជា ពិសេសកម្ពុជា និងថៃ ដែលទើបតែបានធ្វើការបោះឆ្នោតរួចប្រកប​ដោយ​ជោគ​ជ័យ​ និងតម្លាភាព។ ពាក់ព័ន្ធដល់បញ្ហាទណ្ឌិតសមរង្ស៊ី ឯកឧត្តមក៏បានបញ្ជាក់​អំពី​គោល​ការណ៍​នេះ​ថា​៖ ទណ្ឌិត សម រង្ស៊ី បានដើរឆ្លងផុតបន្ទាត់ក្រហម នៃលទ្ធិប្រជាធិបតេយ្យហើយ ហើយមួយ​ទៀតលើផ្នែក​នយោ​​បាយ​ទណ្ឌិត សម រង្ស៊ី កំពុងបង្ហាញនូវធាតុពិត របស់ខ្លួនក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរបបរាជា​និយមអាស្រ័យធម្មនុញ្ញ ដែលជាអ្នកទោសក្បត់ជាតិ មិនអាចលើកលែងបានឡើយ។ ឯកឧត្តម អគ្គមេបញ្ជាការ​ បានបន្តទៀតថា៖ អ្នកដែលមានការពាក់ព័ន្ធក៍ត្រូវមានទោសទៅតាមច្បាប់របស់កម្ពុជា ដូចគ្នា។ ឯកឧត្តម អគ្គមេបញ្ជាការ វង្ស ពិសេន បានបន្តទៀតថា៖ នាយករដ្ឋមន្ត្រី នៃប្រទេសយើងទាំងពីរមានទំនាក់ទំនង​កិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ប្រជាជនយើងទាំងពីររស់នៅតាមខ្សែបន្ទាត់ព្រំដែនទទួលបានសុខសន្តិភាព។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណផងដែរ ដល់ភាគីថ្នាក់ដឹកនាំ នៃកងទ័ពភូមិន្ទថៃ តាម​រយៈលោកអនុព័ន្ធយោធាកងទ័ពទាំងពីរប្រភេទ ដែលកន្លងមកបានទទួលយកសិក្ខាកាមកម្ពុជា​ទៅ​បណ្ដុះបណ្ដាល​លើ​ជំនាញ​ប្រឆាំងភារវកម្ម​ ហើយនៅក្នុងខែក្រោយនេះ ឯកឧត្តម នឹងអញ្ជើញទៅចូលរួម ក្នុងពិធីតាំងពិព័រណ៍អន្តរជាតិនៅប្រទេសថៃ។

លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ (Sarayuth Bunchheur) អនុព័ន្ធយោធាកងទ័ពជើងគោក​ នៃកងទ័ពភូមិន្ទថៃ


     លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ បានសម្ដែងនូវអំណរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ច និងបញ្ជាក់អំពី​ស្ថានការណ៍នយោបាយនៅកម្ពុជា ជូនដល់លោកបានកាន់តែយល់ច្បាស់។ លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ ក៏បានសំដែងនៅអំណរគុណផងដែរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់កងយោធពលខេមរភូមិន្ទ​ ដែលក្នុងអាណត្តិការទូតយោធារបស់លោក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានផ្ដល់គ្រប់លទ្ធភាព ក្នុងការបំពេញ​ការងារការទូត របស់លោកក្នុងការពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងក្នុងការរឹតចំណងសាមគ្គីភាព​មិត្តភាព រវាងរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពភូមិន្ទថៃ ជាមួយនឹងរាជរដ្ឋាភិបាល ប្រជាជន និង​កងយោធពលខេមរភូមិន្ទ បានទទួលជោគជ័យរហូតដល់ពេលបញ្ចប់អាណត្តិការទូតយោធារបស់លោក នៅ​កម្ពុជា​។ លោក សារ៉ាយុទ្ធ ប៊ុនជឺ ក៏បានសំ​ដែងនៅកាលកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងនាយក​រដ្ឋមន្ត្រី​ នៃប្រទេសទាំងពីរ​ក៏​ដូច​ជា​អគ្គមេបញ្ជាការ កងទ័ពប្រទេសទាំងពីរ ថៃ និងកម្ពុជា។ ហើយលោក​វរសេនីយ៍​ឯក​ ទាំង​ពីររូប ដែលបានមកដល់កម្ពុជា ដើម្បីបន្តអាណត្តិការទូតយោធា ពីលោកអនុព័ន្ធយោធាចាស់ បានសន្យាថានឹងបន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អថែមទៀត ជាមួយនឹងកងយោធ​ពល​ខេមរភូមិន្ទ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ