ព័ត៌មាន

សម្តេចពិជ័យសេនា​ ទៀ ​បាញ់ ​ប្រជុំ​បូក​សរុប​៩​ខែ​ និង​ទិស​ដៅ​ត្រី​មាស​ទី៤​ ឆ្នាំ​២០១៩
នាយកដ្ឋានព័ត៌មាន(៣)
67
1233 សម្តេច​ ទៀ ​បាញ់ ​ប្រជុំ​បូក​សរុប​៩​ខែ​ និង​ទិស​ដៅ​ត្រី​មាស​ទី៤​ ឆ្នាំ​២០១៩

    ក្រសួងការពារជាតិ បានប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារ​​៩ខែ និង​លើក​​ទិសដៅ​អនុវត្តត្រីមាស​ទី​៤​ ឆ្នាំ​២០១៩ ​នៅព្រឹកថ្ងៃទី០២ ខែ​តុលា ឆ្នាំ២០១៩ ស្ថិតក្រោម​អធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ។ នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវ​​ការ​វាយ​តម្លៃ​ខ្ពស់​​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែងរបស់ ខ.ភ.ម ក្នុងរយៈពេលពេញ៩ខែ នៃឆ្នាំ២០១៩​កន្លងមកនេះ ដែលបាន​ចូលរួមបំពេញតួនាទី​ភារកិច្ចយ៉ាងសកម្ម និងទទួលបានជោគជ័យនៅ​គ្រប់ការ​បំពេញ​​ការ​ងារ​​របស់​ខ្លួន។ សម្តេច​ពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ កិច្ចប្រជុំ​នេះ​នឹងត្រិះរិះពិចារណា​លើ​ការ​កែ​​ទម្រង់​ថ្មីៗ​ ​ក្នុងការ​អនុវត្ត​នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០១៩ ដែលជាឆ្នាំមានសារៈសំខាន់​សម្រាប់មាតុភូមិ​កម្ពុជា ​ជាពិសេស​សម្រាប់ ខ.ភ.ម កងកម្លាំង​ប្រដាប់​អាវុធ និងមន្ត្រីរាជការ​គ្រប់លំដាប់ថ្នាក់។ 

    កិច្ច​ប្រជុំក៏បាន​តាម​​ស្តាប់​ដោយ​ការ​យក​ចិត្តទុកដាក់ ក្នុងរបាយការណ៍បូកសរុប ដែល​អាន​ដោយ ​ឯ.ឧ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ ក្រសួងការពារជាតិ ដោយបាន​ឲ្យដឹងថា៖ ក្នុងរយៈ​ពេល៩ខែ ដើមឆ្នាំ​២០១៩​នេះ​ ខ.ភ.ម​ បាន​យក​ចិត្ត​ទុក​ដាក់​​ប្រមូល​ផ្តុំ​​អនុវត្ត​​សកម្មភាព​ការងារ​របស់ខ្លួន​ ក្នុងវិស័យការពារជាតិ តាមកម្មវិធី​នយោបាយ​​យុទ្ធ​សាស្ត្រ​ចតុកោណដំណាក់​កាលទី៤ ផែនការកែទម្រង់ ខ.ភ.ម រយៈពេល៥ឆ្នាំ។ ក្នុងនោះ​ការអនុវត្តភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី, ខ.ភ.ម បានបន្ត​យក​ចិត្ត​ទុក​ដាក់ពង្រឹងខឿន​ការពារជាតិ ​នៅតាមតំបន់ព្រំ​ដែន ធ្វើការល្បាត​ជាប្រចាំ ​ដើម្បីតាមដាន​ត្រួតពិនិត្យ​គ្រប់គ្រងសភាពការណ៍ និង​ភូមិសាស្ត្រទទួលខុសត្រូវ និងចូលរួមទប់ស្កាត់​បទល្មើសគ្រប់ប្រភេទ និងសកម្មភាពឆ្លងដែនខុស​ច្បាប់​ទៅ​វិញ​ទៅមក ព្រម​ទាំង​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេសជិតខាង ដោះស្រាយ​បញ្ហា​ផ្សេងៗ​​ដែល​​កើត​ឡើង​​ដោយ​​សន្តិវិ​ធី​ បានទាន់ពេលវេលា ធានាបាននូវ​ប្រក្រតីភាពតាមតំបន់ព្រំ​ដែន​។​ ទន្ទឹម​​នឹ​ង​​​នេះ បានបន្ត​​បញ្ជូន​កម្លាំងទៅបំពេញបេសកកម្ម​រក្សា​សន្តិភាព​ ​​ក្រោម​ឆត្រ​របស់​​អង្គការ​សហ​ប្រជាជាតិ នៅ​សាធារណរដ្ឋ​​​ស៊ូដង់ខាង​ត្បូង​, ​លីបង់,​ ​ម៉ាលី ​នៅ​សាធារណរដ្ឋ​​អាហ្វ្រិ​ក​កណ្តាល​ ហើយ​ត្រូវបាន​អង្គការ ​សហ​ប្រជាជាតិ​វាយ​តម្លៃ បាន​បរិច្ចាគ​កម្លាំង​ច្រើន​ជាង​គេ​​ក្នុង​​លំដាប់​ប្រទេស​នាំ​​មុខ​៣០​​លើ​​១២២ប្រទេស និង​ទទួល​បាន​ចំណាត់ថ្នាក់ទី​២៦​ ទៀត​ផង​​​។ ក្រៅពីនេះ​បានម្ចាស់ការ​ និង​សហការ​​ចូល​រួម​ពង្រឹង​​កា​រ​អនុវត្ត​ច្បាប់ ​កសាង​ភូមិ​-​ឃុំមាន​​សុវត្ថិភាព ​ធ្វើ​ការ​បង្ការ​ ​និ​ង​បង្រាបនូវ​រាល់​​ប​ទល្មើស​គ្រប់​​ប្រភេទ ភាព​អនាធិបតេយ្យនានា ការពារសន្តិ​សុខ សណ្តាប់​​ធ្នាប់​​សាធារណៈ ​ការ​ពារ​​គណៈ​ប្រតិភូជាតិ ​អន្តរជាតិ​ និង​​ពិធី​​បុណ្យ​​ជាតិ​នានា។​

       អង្គប្រជុំក៏​បានពិភាក្សា​​​ផ្លាស់ប្តូរយោបល់ ដោយមានយកចិត្តទុក​ដាក់ខ្ពស់​​​ទៅ​លើ​ផែន​​ការ​ ទិសដៅ​​អនុវត្ត​ត្រីមាសទី៤ ​ខាងមុខ ដោយផ្តោតលើការអនុវត្ត​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ ច​តុកោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្មវិធីការងារ ផែនការ​កែទម្រង់ ខ.ភ.ម ៥ឆ្នាំ(២០១៥ដល់២០១៩) ដែលជាឆ្នាំចុងក្រោយ ហើយអំឡុង​ពេល​ដែល​ព្រះរាជាណាចក្រកម្ពុជា ត្រូវប្រារព្ធបុណ្យជាតិធំៗមួយចំនួន, ការ​ការពារ​អធិបតេយ្យ​ភាព​​ជាតិ, រក្សាសន្តិភាព ស្ថិរភាពនយោបាយ ប្រឆាំងភេរវកម្ម​គ្រប់ប្រភេទ​ និងបដិវត្តពណ៌ ជួយ​​ប្រជាពលរដ្ឋជួបការលំបាក​ ការពារថែរក្សាព្រៃឈើ ថែទាំអាវុធ​យុទ្ធភ័ណ្ឌ ជីវភាព​កងទ័ពពិសេស​នៅតំបន់ដាច់ស្រយាល ទំនាក់ទំនង​កាទូត​ជាមួយ​ប្រទេស​ជិតខាង និង​ការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស ពង្រឹងវិន័យបង្កើន​សមត្ថភាព​កងទ័ព​សម្រាប់​បន្តវេន ខ.ភ.ម ទៅថ្ងៃអនាគត ៕