ព័ត៌មាន

ឯកឧត្តម ​មាស ​សំអុល ​ប្រជុំ​ជ្រើស​រើស​និស្សិត ​សិស្ស​ប្រឡង​ចូលសិ​ក្សា​វគ្គ​នាយ​ទាហាន​ ឆ្នាំ​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
68
1236 ឯកឧត្តម ​មាស ​សំអុល ​ប្រជុំ​ជ្រើស​រើស​និស្សិត ​សិស្ស​ប្រឡង​ចូលសិ​ក្សា​វគ្គ​នាយ​ទាហាន​ ឆ្នាំ​២០២០​

    អនុគណៈកម្មការជ្រើសរើស ស្តីពីកម្មវិធីជ្រើសរើសនិស្សិត សិស្សប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់​ទី​២៤​ នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី១​២ ​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី​១៣​ និង​នាយ​ទាហាន​ជំនាញ​បច្ចេក​ទេស​យោធា ​បាន​បើក​កិច្ច​ប្រជុំនាព្រឹកថ្ងៃទី០៣ ខែតុលានេះ​ ក្រោម​អធិបតីភាព ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា នាយក នាយកដ្ឋានបុគ្គលិក និងជា​ប្រធាន​អនុគណៈកម្មការជ្រើសរើស និងត្រួត​ពិនិត្យ​លក្ខណៈសម្បត្តិ​និស្សិត​ សិស្ស។

     តាម​របាយការណ៍របស់ នាយកដ្ឋាន​បុគ្គលិក​ និង​អនុគណៈកម្មការ​ជ្រើស​រើស​ និង​ត្រួត​ពិនិត្យ​លក្ខណៈ​សម្បត្តិ​និស្សិត​ សិស្ស ​ស្តី​ពីការចាត់តាំងអនុវត្តការងារជ្រើសរើស របស់ក្រសួងការពារជាតិ សម្រាប់ឆ្នាំ២០២០ វគ្គនាយ​ទាហាន​សកម្មជំនាន់ទី២៤ ចំនួន ២០០នាក់, នាយទាហានទ័ពជើងគោកជំនាន់ទី១២ ចំនួន ២០០នាក់,  នាយហានបន្តវេនជំនាន់ទី១៣ ចំនួន ២២០នាក់, នាយទាហាន​ជំនាញបច្ចេកទេសយោធា ចំនួន ៦០នាក់។ ក្នុង​កិច្ច​ប្រជុំ​នោះ ​​ឯកឧត្តម ឧត្តមសេនីយ៍ទោ ងួន តារា នាយក​រង​ នាយក​ដ្ឋាន​បុគ្គលិក បាន​ប្រកាស​ក្រុម​ការ​ងារ​ជ្រើស​រើស​ នៃ​អនុគណៈកម្មការ​ជ្រើស​រើស​ និង​ត្រួត​ពិនិត្យលក្ខណៈ​សម្បត្តិ​និស្សិត ​សិស្ស ​មាន​សមាស​ភាព​ចូល​រួម​សរុបចំនួន ១២៧នាក់ ចែកជា៤ក្រុម ក្នុងនោះមានក្រុមការងារផ្សព្វផ្សាយ, ក្រុម​ការងារជ្រើសរើស,  ក្រុម​ការ​ងារបូកសរុប, ក្រុមការងារយោធភូមិភាគទាំង៥ ​និង​ក្រុមការងារតំបន់ប្រតិបត្តិការសឹករង។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា នាយក នាយកដ្ឋានបុគ្គលិក និងជា​ប្រធាន​អនុគណៈកម្មការជ្រើសរើស និងត្រួត​ពិនិត្យ​លក្ខណៈសម្បត្តិ​និស្សិត​ សិស្ស


     មាន​មតិ​បូក​សរុបកិច្ចប្រជុំ ឯកឧត្តម មាស សំអុល បានប្រសាសន៍ថា៖ កម្មវិធីជ្រើសរើស និងត្រួត ពិនិត្យលក្ខណៈសម្បត្តិនិស្សិត សិស្ស ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៤ នាយទាហានទ័ពជើងគោកជំនាន់​ទី១២ បានចាប់ផ្តើមពីថ្ងៃទី១៩ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជាលទ្ធផលជ្រើស​រើស​បឋម ​គិត​ម​កដល់​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បេក្ខជនបានមកទទួលពាក្យមានចំនួន ៦១០០ច្បាប់ នៅទូ​ទាំង​ប្រទេស ​ក្នុងនោះមណ្ឌលសាកលវិទ្យាល័យការពារជាតិ(រាជធានីភ្នំពេញ)១០០០ច្បាប់, យោធភូមិភាគទី១ មាន​៦០០ច្បាប់, យោធភូមិភាគទី២ មាន១១០០ច្បាប់, យោធភូមិភាគទី៣ មាន១១០០ច្បាប់, យោធភូមិភាគទី ៤​ មាន១២០០ច្បាប់ និងយោធភូមិភាគទី៥ មាន១១០០ច្បាប់។ បេក្ខជនមកដាក់ពាក្យវិញ បាន២០០​ច្បាប់​ ក្នុង​នោះ​វគ្គនាយទាហានសកម្មជំនាន់​ទី​២៤ ​មាន​៦៣​នាក់​, ​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី១២ មាន ៦៧​នាក់​, នាយទាហានបន្តវេនជំនាន់ទី១៣ មាន​៥៣នាក់ និងនាយទាហានជំនាញបច្ចេកទេសយោធា មាន​១៧​នាក់​។​ ឯកឧត្តម បានថ្លែងការកោតសរសើរចំពោះក្រុមការងារជ្រើសរើស នៃអនុគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិនិស្សិត សិស្ស ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តម បានបញ្ជាក់ថា៖ ការជ្រើសរើសនិស្សិត សិស្សប្រឡងចូលសិក្សាវគ្គនាយទាហាន ខ.ភ.ម ទាំង៤វគ្គនេះ បាន​ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយការជ្រើសរើសប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពមិនមានការសូកប៉ាន់អ្វីទាំងអស់ គឺអ្នកចេះគឺជាប់ អ្នកមិនចេះគឺពិតជាធ្លាក់ មិនយោគយល់អ្វីនោះឡើយ។ ឯកឧត្តម មាស សំអុល ក៏បានជំរុញដល់ក្រុមការងារ យកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីឲ្យ​យុវជន​របស់យើងបានមកទទួលពាក្យ និងបានមកដាក់ពាក្យកាន់​តែច្រើន នៅក្នុងការចូលមកបំរើក្នុងជួរ ខ.ភ.ម ប្រកបដោយធនធានខ្ពស់ ៕