ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​៖ កង​ទ័ព​ប៉ា​គី​ស្ថាន​ និង​កម្ពុជា​ ជំរុញ​ល្បឿន​នៃ​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ នៃ​ការ​រឹត​ចំណង​សាមគ្គី​ភាព​ រវាង​កង​ទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​ជិត​ស្និត​ និង​ប្រសើរ​ឡើង
នាយកដ្ឋានព័ត៌មាន(៣)
54
1244 នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​៖ កង​ទ័ព​ប៉ា​គី​ស្ថាន​ និង​កម្ពុជា​ ជំរុញ​ល្បឿន​នៃ​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ នៃ​ការ​រឹត​ចំណង​សាមគ្គី​ភាព​ រវាង​កង​ទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ និង​ប្រសើរ​ឡើង

     ជំនួប​សំ​ដែង​ការ​គួរ​សម ​និង​ពិភាក្សា​ការ​ងារ​មួយ ​បាន​ប្រព្រឹត្តិ​ទៅ​កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ​២០១៩​នេះ ​​នៅ​សាល​សវនា​ការ​របស់​អគ្គ​បញ្ជាការដ្ឋាន ​នា​ទី​ក្រុងភ្នំពេញ ​រវាង ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​ និង​ជានាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ ជាមួយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ (Mohammad Chiragh Haider) នាយ​សេនាធិការចម្រុះ ​អគ្គបញ្ជាការដ្ឋាន​ កង​ទ័ព​នៃ​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ា​គី​ស្ថាន ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ដឹក​នាំគ​ណៈប្រតិភូយោធាជាន់​ខ្ពស់​ កង​ទ័ព​ប៉ាគីស្ថាន ​អញ្ជើញ​មក​បំពេញ​ដំណើរទស្សនកិច្ច​ជា​ផ្លូវការ​ និង​មិត្តភាព ​នៅលើទឹកដី នៃព្រះ​​រា​ជា​ណា​ចក្រ​​កម្ពុជា ​ដើម្បីពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ ទំនាក់​ទំនង​ នៃ​ការ​រឹត​ចំណង​សាមគ្គី​ភាព​មិត្តភាព ​រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​ ប៉ាគីស្ថាន ​និង​កម្ពុជា ​ឲ្យ​កាន់​តែ​ប្រសើរ។ សូមបញ្ជាក់ថា៖ ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​ និង​មិត្តភាព​ របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ នៅ​កម្ពុជា​លើក​នេះ​ មាន​រយៈ​ពេល​ ៤ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃទី០៧ ​រហូត​ដល់​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ទើបបញ្ចប់ ដែលក្នុងដំណើរទស្សនកិច្ចនេះឯកឧត្តម​ ឧត្តមសេនីយ៍ឯក នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋានកងទ័ពប៉ាគីស្ថាន រួមនិងសមាជិកប្រតិភូ មានគម្រោងចូលជួបសំ​ដែងការគួរសម​ ជា​មួយ​ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធពល​ខេម​រភូ​មិ​ន្ទ​ ចូល​ជួបសំ​ដែង​ការ​គួរ​សម​ និង​ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ជួបសំ​ដែងការ​គួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំកងទ័ពជើង​គោក​ នឹង​ធ្វើ​ទស្សនកិច្ចសិក្សា ដកពិសោធន៍ នៅអង្គភាពកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ របស់​កង​​យោធពលខេមរភូមិន្ទ ព្រម​ទាំង​ធ្វើទស្សនកិច្ចសិក្សា​ស្វែង​យល់​អំពី​ភាព​រីក​ចម្រើន​របស់​កម្ពុជា ​នៅតំបន់មួយ​ចំនួន​ផង​ដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​ និង​ជានាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ


      ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅរីករាយបំផុត ចំពោះវត្តមានរបស់ ឯកឧត្តម ឧត្តម​សេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន នៃកងទ័ពប្រទេសប៉ាគីស្ថាន រួមនិងសមាជិកប្រតិភូ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តម បានចាត់ទុកថា វត្ត​មាន​របស់​ឯកឧត្តម​នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋានកងទ័ព នៃប្រទេសប៉ាគីស្ថាន រួមនិងសមាជិកប្រតិភូ នៅលើទឹកដីកម្ពុជា នាលើកនេះ ពិតជាមានសារៈសំខាន់ណាស់ សំរាប់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិ​ការ​ទំនាក់​ទំនង​ដ៍មានផ្លែផ្កា និងកាន់​តែ​ជិត​ស្និត​ រវាង​កង​ទ័ព​ប្រទេសទាំង​ពីរកម្ពុជា នឹងប៉ាគីស្ថាន ឲ្យកាន់តែមានភាពប្រសើរឡើង។ ឯកឧត្តម ឥត សារ៉ាត់ បានបញ្ជាក់ថា៖ នៅក្នុងតំបន់ និងនៅលើសកលលោក​កំពុង​ប្រឈម​នូវ​បញ្ហាជាច្រើន ជាពិសេសអំពើភារវកម្ម។ កម្ពុជាបច្ចុប្បន្នមិនទាន់មានមែន ប៉ុន្តែកម្ពុជាមាន​អង្គភាព​ប្រឆាំង​ភារវកម្ម ​រួចជាស្រេច ដើម្បីត្រៀមគ្រប់លក្ខណៈទាំងអស់សំរាប់ប្រយុទ្ធ​ប្រឆាំង​នូវ​សកម្មភាព​នេះ ​ពីព្រោះយើងពុំដឹងថា អំពើភរវកម្មនេះ​វា​កើតឡើងនៅពេលណា និងនៅកន្លែងណានោះទេ។ ពាក់​ព័ន្ធទៅនឹងការទទួលយកសិក្ខាកាម ខ ភ ម ទៅបណ្តុះបណ្តាលនៅប៉ាគីស្ថាន នឹងការពង្រឹងកិច្ចសហ​ប្រតិបត្តិការ​ជាមួយគ្នា រវាងកងទ័ពទាំងពីរនោះ ឯកឧត្តម ឥត សារ៉ាត់ បានស្នើរសុំឲ្យឯកឧត្តម នាយសេនាធិការ​ចម្រុះ អគ្គបញ្ជាការដ្ឋានកងទ័ពប៉ាគីស្ថាន ពិចារណាបន្តជួយទទួលយកនៅសិក្ខាកាមនាយទាហាន នៃកងយោធពលខេមរភូមិន្ទ​បាន​ទៅ​បណ្ដុះ​បណ្ដាល​ជំនាញ នៅប្រទេសប៉ាគីស្ថាន។ ឯ.ឧ ឥត សារ៉ាត់ បញ្ជាក់​ទៀត​ថា៖  ព្រះ​រាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន  សែន​ នាយករដ្ឋមន្ត្រី ដឹកនាំប្រទេស បានធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព យ៉ាងពិតប្រាកដ មានការរីក​ចម្រើន​លើ​គ្រប់វិស័យយ៉ាងឆាប់រហ័ស។ ឯ.ឧ ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា៖ ពីមុនកម្ពុជា ជាប្រទេសមួយដែល​ពោរ​ពេញ​ដោយ​សង្គ្រាម​ ហើយក៍ធ្លាប់ទទួលឲ្យកងកម្លាំងរក្សាសន្តិភាព អង្គការ​សហប្រជាជាតិ ចូល​មក​ជួយ​ដោះស្រាយ​ ស្វែង​រក​សន្តិភាព​សំរាប់កម្ពុជាផងដែរ ដែលក្នុងនោះក៍មានកងទ័ពរបស់ប្រទេសប៉ាគីស្ថានផង​ដែរ​ ដើម្បី​ជួយរកដំណោះស្រាយរាល់វិវាទ​ នៃជំលោះប្រដាប់អាវុធក្នុងស្រុករបស់កម្ពុជា ប៉ុន្តែឥលូវបន្ទាប់ពីកម្ពុជាទទួល​បានសុខសន្តិភាព ដោយសារ​នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ កម្ពុជាក៍បានបញ្ជូនកង​កម្លាំង​របស់​ខ្លួន​យ៉ាង​ច្រើន ឲ្យចេញទៅបំពេញបេសកកម្ម​ ជាកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅគ្រប់បណ្តា​ប្រទេស​ដែល​មាន​ជំលោះ​ផង​ដែរ​។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា៖ ប៉ាគីស្ថាន និងកម្ពុជា នៅមិន​ឆ្ងាយ​ពី​គ្នា​ទេ​ ដូច្នេះយើងត្រូវ​រួម​គ្នា​ ដើម្បីពង្រឹងសន្តិភាពក្នុងតំបន់របស់យើង។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ (Mohammad Chiragh Haider) នាយ​សេនាធិការចម្រុះ ​អគ្គបញ្ជាការដ្ឋាន​ កង​ទ័ព​នៃ​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ា​គី​ស្ថាន ​


   ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ បានសំ​ដែង​នូវ​អំណរគុណយ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និង​ជា​នាយ​សេនាធិការចម្រុះ​ រួមនិង​ថ្នាក់ដឹកនាំ​នៃ​ ខ ភ ម គ្រប់​លំដាប់​ថ្នាក់​ ដែល​បាន​ផ្ត​ល់​នៅ​ពេល​វេលា​ ទទួលស្វាគមន៍​ប្រកប​ដោយ​ភាព​រាក់​ទាក់​ស្និត​ស្នាល​ហ្នឹង​កក់​ក្តៅ​បំផុត​ ចំពោះ​គណៈប្រតិភូ​មក​កាន់​កម្ពុជា​លើក​នេះ ​និង​បាន​ថ្លែងនូវការលើក​សរសើរ​ ចំពោះ​ជំហ៊ាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់ប្រទេសកម្ពុជា និង ខ ភ ម នាពេលបច្ចុប្បន្ន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ បានបញ្ជាក់ថា៖ រាល់សំណើរបស់ ខ ភ ម ឯកឧត្តមនឹងទទួលយក ហើយនិងរាយការណ៍ទៅក្រសួងការពារប្រទេសប៉ាគីស្ថាន ជុំវិញសំណើរបស់កម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ ក៍បានគោរព​អញ្ជើញ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញទៅ​ធ្វើ​ទស្សនកិច្ច​ជាផ្លូវការ និងមិត្តភាព នៅប្រទេស​ប៉ាគីស្ថាន ទៅតាមពេលវេលា​សម​គួរ​ណាមួយ​ ដើម្បី​ប្រទេសយើងទាំងពីរ កងទ័ពទាំងពីរ បានពង្រឹងពង្រីកទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ នៃ​ការ​រឹត​ចំណង​សាមគ្គីភាព ​មិត្តភាព ​តាម​រយៈ​នៃការ​ផ្លាស់​ប្ដូរ​ប្រតិភូ​ ដើម្បី​សិក្សាដកពិសោធន៍ ស្វែងយល់ រកភាពរីកចម្រើនពីគ្នាទៅវិញទៅមក នៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-ប៉ាគិស្ថាន ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ