ព័ត៌មាន

ឯកឧត្តម សៅ សុខា អញ្ជើញ​ជា​អធិបតីភាព​ក្នុងពិធី បិទវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់សព្វាវុធ និងបាញ់គ្រាប់​ពិតរថពាសដែក ជំនាន់ទី២
នាយកដ្ឋានព័ត៌មាន(៣)
22
1247 ឯកឧត្តម សៅ សុខា អញ្ជើញ​ជា​អធិបតីភាព​ក្នុងពិធី បិទវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់សព្វាវុធ និងបាញ់គ្រាប់​ពិតរថពាសដែក ជំនាន់ទី២

    ឯកឧត្តម សៅ សុខា បានថ្លែងថា៖ ចំពោះប្រទេសជាតិ យើងត្រូវតែការពារ ចំពោះប្រជាជនត្រូវតែបម្រើ ច្បាប់​ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប។ ជាមួយនឹងការអបអរសាទរលទ្ធផលដែលវគ្គបំប៉នទាំងមូលសម្រេចបាន ឯកឧត្តម រំលឹកឡើងវិញនូវការ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ននូវរាល់ឧបាយកលបំ​បែកបំបាក់ បំផ្លិច​បំផ្លាញ ត្រៀមកម្លាំង និងមធ្យោបាយ ដើម្បីអនុវត្តដីការបស់តុលាការចំពោះទណ្ឌិត សម រង្ស៊ី និងបក្សពួក ក្នុងករណីដែលពួកនោះជាន់ទឹកដីកម្ពុជា និងអនុវត្តម៉ឺងម៉ាត់បទបញ្ជារបស់សម្តេចតេជោ ចំពោះមុខនោះ​គឺ​បទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ការលើកឡើងបែបនេះក្នុងពេល ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស  អញ្ជើញ​ជា​អធិបតីភាព​ក្នុងពិធី បិទវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់សព្វាវុធ និងបាញ់គ្រាប់​ពិតរថពាសដែក ជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ កាលពីថ្ងៃ ទី០៧ ខែតុលា កន្លងទៅនេះ។

    ឯកឧត្តម សៅ សុខា បានសំដែងនូវមោទនភាព និងមានក្តីសោមនស្សរីករាយក្រៃលែង បន្ថែមពីស្នាដៃ សមិទ្ធ​ផល​ ដែលកងរាជអាវុធហត្ថសម្រេចបាន២៦ឆ្នាំកន្លង ហើយថ្ងៃនេះបានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញ​រថពាស​ដែក ឆ្នាំ២០១៩ ដែលជាជំនាញមួយ ក្នុងរចនាសម្ពន្ធកងរាជអាវុធហត្ថ។ ឯកឧត្តម សៅ សុខា បានបន្ត​ថា​៖ ដើម្បី​ធ្វើឱ្យកងទ័ពមួយមានសមត្ថភាព ធានារ៉ាប់រងដោយជោគជ័យ តួនាទី ភារកិច្ច ចាំបាច់ណាស់នូវលក្ខខណ្ឌ​មួយ​ចំនួន​ មានដូចជា៖ ត្រូវ​មានរចនាសម្ពន្ធចាត់តាំងច្បាស់លាស់ សមស្រប និងស្ថានភាពសង្គម សេដ្ឋ​កិច្ច​ ភូមិសាស្ត្រ និងសំណូមពរភារកិច្ច, មានធនធានមនុស្ស ប្រកបដោយគុណភាពគឺ៖ ស្មោះត្រង់ ប្រជាជនស្រឡាញ់ ​គាំទ្រ ផ្ទៃក្នុងមានធ្លុងសាមគ្គីឯកភាព និងមានវិន័យថ្លៃថ្នូរ មានមធ្យោបាយ ឧបករណ៍ សម្ភារៈបរិក្ខារបំពាក់សមស្រប មានការអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន និងមានរបៀបរបបធ្វើការម៉ឺងម៉ាត់ច្បាស់លាស់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ