ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត​ អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​អនុរដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ ជប៉ុន​-​អាស៊ាន ​លើក​ទី​១១​ នៅ​ប្រទេស​ជប៉ុន​
នាយកដ្ឋានព័ត៌មាន(៣)
33
1249 ឯកឧត្តម​ នាង​ ផាត​ អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​អនុរដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ ជប៉ុន​-​អាស៊ាន ​លើក​ទី​១១​ នៅ​ប្រទេស​ជប៉ុន​

     បន្ទាប់​ពីបានអញ្ជើញទៅដល់ប្រទេសជប៉ុន ​នៅថ្ងៃទី០៩​ ខែតុលា ឆ្នាំ២០១៩ ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ​ ក្រសួងការពារជាតិ ព្រមទាំងគណៈប្រតិភូអមតំណើរ បានអញ្ជើញចូលរួមក្នុងវេទិការ​ ​អនុរដ្ឋមន្ត្រី​ការពារ​ជាតិជប៉ុន-អាស៊ាន លើក​ទី១១ ជាបន្តទៀត។ នៅក្នុងកិច្ចប្រជុំវេទិកា​​អនុ​រដ្ឋមន្ត្រី​ការ​ពារ​​ជាតិ​​ជប៉ុន អាស៊ាន លើកទី១១នេះ មានការចូលរួម ថ្នាក់អនុរដ្ឋមន្ត្រី​ការពារ​ជាតិ នៃបណ្តា​ប្រទេសជា​សមា​ជិក​​អាស៊ាន​​​​ទាំង​១០​ប្រទេស និងអគ្គលេខាធិការ​អាស៊ាន​ផងដែរ។

      នៅក្នុងកិច្ចប្រជុំនាឱកាសនោះ បន្ទាប់ពីមតិស្វាគមន៍ និងសន្ទកថាបើកវេទិកា​​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន-អាស៊ាន រ​បស់​អនុរដ្ឋមន្ត្រី​ការពារ​ជាតិជប៉ុនរួចមក បណ្តាអនុរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ានបាន​ឡើងថ្លែង​សន្ទរក​​​​ថា​​​​ជាបន្តបន្ទាប់ ដោយបានធ្វើការវាយតំលៃលើសភាពការណ៍ សន្តិសុខ ការប្រឈមនានា ដែលកើត​មាន​ឡើង​នៅក្នុងតំបន់ និងលើពិភពលោក។

     ថ្លែងសន្ទរកថាទៅកាន់វេទិកា​​កិច្ចប្រជុំអនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន អាស៊ាន លើកទី១១ នាឱកាសនោះដែល ​ឯកឧត្តម នាង ផាត បាន​សម្តែង​នូវ​ជំនឿជឿ​ជាក់​ថា​ ការពិភាក្សា វេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន អាស៊ានលើកទី១១នេះ នឹងធ្វើឲ្យមានទំនុកចិត្ត និងការសម្រេចចិត្តជាយុទ្ធសាស្ត្រ របស់យើងកាន់តែមានភាពស៊ី​ជម្រៅ​បន្ថែមទៀត។ សំខាន់ជាងនេះទៅទៀតវេទិកានេះនឹងជួយអោយយើង ទទួលបាននូវលទ្ធផលជាទីគាប់ចិត្ត​ ដែលអាចឆ្លើយតបយ៉ាងពេញចិត្ត ទៅនឹងបញ្ហាប្រឈមបញ្ហាសន្តិសុខជាច្រើន រាប់ចាប់ពីការគំរាមកំហែងផ្នែកសន្តិសុខ ដែលមានលក្ខណៈប្រពៃណី និងមិនប្រពៃណី។ ឯកឧត្តម នាង ផាត បានបន្តទៀតថា៖ បញ្ហាប្រឈម​មួយផ្សេងទៀត ដែលតំបន់របស់យើងកំពុងជួបប្រទះ គឺការគំរាមកំហែងផ្នែកសន្តិសុខឆ្លងដែន ដែលមាន​លក្ខណៈមិនប្រពៃណី។ ការគំរាមកំ​ហែងឆ្លងដែនដូចជាភេរកម្ម ការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា និង គ្រោះ​ធម្មជាតិ បានសាយភាយ និងបង្កើនភាពមិនប្រាកដប្រជាក្នុងសន្តិសុខពិភពលោក និងតំបន់ដូចដែលយើង​បាន​ឃើញ​រួច​ហើយ​ អំពីភេរវកម្មនៅតំបន់ផ្សេងៗនៃពិភពលោក ការវាយប្រហារភារវកម្ម​ដោយមិនរើស​អើង​​របស់​ក្រុមជ្រុលនិយម នៅតែបន្តកើតមានឡើង។ ឯកឧត្តម នាង ផាត បានសង្កត់ធ្ងន់ថា៖ ដើម្បីចូលរួម​ក្នុ​​ង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ពហុភាគីក្នុងតំបន់ ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹង​ប្រែងជាច្រើន នៃយន្តការដែលដឹកនាំដោយអាស៊ាន។ ឯកឧត្តម បានសំដែងនូវជំនឿជឿជាក់ថា៖ កិច្ចពិភាក្សា​នៅក្នុងវេទិកា​​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន អាស៊ាន លើកទី១១នេះ នឹងធ្វើឲ្យជំនឿទុកចិត្តនិងទំនុកចិត្ត​របស់យើងកាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត។ វេទិកា​​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន អាស៊ាននេះ ក៏​នឹង​ផ្ដល់ឲ្យយើងនូវឱកាស​ដ៏ល្អ ដើម្បីបង្កើន​កិច្ចសហ​ប្រតិ​បត្តិការការពារជាតិ ក្នុងការផ្ដួចផ្ដើមគំនិតថ្មី នៃកិច្ច​សហប្រតិបត្តិការ ក្នុងការឆ្លើយតបទៅនឹងគំរាមកំហែងសន្តិសុខរួមដែលកំពុងលេចឡើង។

      នៅក្នុងឱកាសនោះ កិច្ចប្រជុំ​វេទិកា​អនុរដ្ឋមន្ត្រី​ការពារ​ជាតិជប៉ុន-អាស៊ាន លើក​ទី១១ ​ក៏បានធ្វើផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក ​ទាក់ទងទៅនឹងបញ្ហា​ប្រឈម​​​ផ្នែកសន្តិសុខ​ក្នុង​តំបន់ ដើម្បីលើក​កម្ពស់​ទំនាក់​ទំនងឲ្យ​កាន់តែជិតស្និត ប្រទេសជប៉ុន និងអាស៊ាន ក្នុងវិស័យកិច្ចសហប្រតិបត្តការការពារជាតិ ហើយតាមរយៈកិច្ចប្រជុំនេះ​ ក៏បានលើកយកបញ្ហាមួយចំនួនមកធ្វើការពិភាក្សា​ផងដែល ដូចជាបញ្ហា ភេរវកម្ម បញ្ហាសន្តិសុខ បញ្ហាកើតឡើងនូវ គ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ការគំរាមគំហែងតាម​ប្រព័ន្ធបច្ចេកវិទ្យា និង បញ្ហា​ផ្សេងៗ​មួយ​ចំនួនទៀត ដើម្បិរួមគ្នា​ធ្វើអោយ​មានសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ និងលើពិភព​លោក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ