ព័ត៌មាន

ឯកឧត្តម​ មាស​ សាវ៉ន​ ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្ត្រ​ នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​
នាយកដ្ឋានព័ត៌មាន(៣)
31
1251 ឯកឧត្តម​ មាស​ សាវ៉ន​ ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្ត្រ​ នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​

   ទោះបីក្នុងតម្លៃណាក៏ដោយ ខ.ភ.ម ត្រូវតែប្តូរផ្តាច់ មិនត្រូវបណ្តែតបណ្តោយឲ្យនរណាម្នាក់មកបំផ្លាញដល់សុខសន្តិភាព​ ដែលកំពុងកើតមាននៅប្រទេសជាតិកម្ពុជានាពេលនេះ បាននោះឡើយ។ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានថ្លែងដូចនេះក្នុងពិធីផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗដល់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែតុលានេះ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ


   ពិធីផ្សព្វផ្សាយនេះបានរៀបចំឡើង ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៦ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃខួបកំណើត ខ.ភ.ម (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆកា ២០១៩) ដែលនៅសល់រយៈពេលមិនដល់១ខែទៀតនោះទេ, អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានផ្សព្វផ្សាយមានគោលបំណងចង់ឲ្យនាយទាហាន នាយទាហានរង នៃ ខ.ភ.ម យល់ដឹងពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិកម្ពុជា និងកំណើតនៃ ខ.ភ.ម ដែលបានកើត​ឡើង​ និងមានតស៊ូដ៏អង់អាចក្លាហ៊ាននៅគ្រប់ដំណាក់កាល និងនៅក្នុងសង្គមជាតិនីមួយៗ។ ចង់ឲ្យយុវជន​សម័យក្រោយ​ មើលឃើញពីតម្លៃសុខសន្តិភាព និងចង់ឲ្យនាយទាហាន ពលទាហាន ក៏ដូចជាមហាជននិង​ប្រជាជនយើង មើលឃើញឲ្យបានយល់ច្បាស់ពីមេរៀនដ៏ជូរចត់ ដែលបន្សល់ពីអតីតកាល និងចូលរួមថែ​រក្សា​ការពារសុខសន្តិភាព និងការអភិវឌ្ឍន៍។ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បានបន្តថា៖ សុខសន្តិភាព​ បានមកដល់សព្វថ្ងៃនេះ ពិតជាមានការលំបាកខ្លាំងណាស់ ដោយមានការលះបង់សាច់ស្រស់ ឈាម​ស្រស់​ពីយុទ្ធមិត្ត អ្នកស្នេហាជាតិ និងនាយទាហាន ពលទាហានយ៉ាងច្រើន ពិសេសគណបក្សប្រជាជន និងសម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន នាយប់ថ្ងៃ២១ ខែមិថុនា ឆ្នាំ១៩៧៧ រត់ទៅកាន់ប្រទេស​វៀតណាម ដើម្បីកសាងកម្លាំងប្រដាប់អាវុធ តស៊ូរំដោះប្រទេសឲ្យរួចពីរបបប្រល័យពូជសាសន៍ ប៉ុលពត រហូត​ទទួលជ័យជំនះនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និងបានប្តូរជីវិតចូលជំរុំតំបន់ខ្មែរក្រហម ហើយបានដាក់ចេញនូវនយោបាយ​ឈ្នះឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុង នៅចុងឆ្នាំ១៩៩៨។ ឯកឧត្តម មាស សាវ៉ន បានគូសបញ្ជាក់​ថា​៖ បច្ចុប្បន្នពួកប្រឆាំងនៅក្រៅប្រទេស ដែលមាន សមរង្សី ជាមេក្លោង ទោះបីទទួលបរាជ័យជាបន្តបន្ទាប់​ និង​បាត់បង់ឥទ្ធិពលកាន់ច្រើនក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ នៅតែបន្តឃោសនាសង្គ្រាមចិត្តសាស្ត្រ​មួល​បង្កាច់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលជាបន្ទបន្ទាប់ ពួកបរទេសដែលមាននិន្ទនាប្រឆាំង ក៏​បាន​រៀបចំយុទ្ធសាស្ត្រ និងបានដាក់ចេញនូវវិធីសាស្ត្រប្រទាក់ក្រឡាគ្នា ជាមួយពួក សមរង្សី តាមគ្រប់រូបភាព និង​គ្រប់វិធីទាំងអស់ ប៉ុនប៉ងធ្វើឲ្យរស់ឡើងវិញគណៈបក្សសង្គ្រោះជាតិ ដែលជានយោបាយដ៏គ្រោះថ្នាក់បំផុត និង​បង្កមហន្តរាយដ៏ធ្ងន់ធ្ងរ​ដល់ប្រទេសកម្ពុជា។ ឯ.ឧ បានបន្តថា៖ បទពិសោធន៍ប្រវត្តិសាស្ត្រដែលយើងទទួលបានច្រើនណាស់មកហើយ ការដណ្តើមអំណាច ការផ្លាស់ប្តូររបបដឹកនាំប្រទេស តាមរយៈកងកម្លាំងប្រដាប់អាវុធ ការធ្វើរដ្ឋប្រហារ ពិសេសតាមរយៈការធ្វើបដិវត្តន៍ពណ៌ ដូចជានៅប្រទេសមជ្ឈឹមបូរព៌ា និងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ដែលរហូតមកដល់បច្ចុប្បន្នមិនទាន់មានសន្តិភាពនោះទេ ថែមទាំងធ្វើឲ្យប្រទេស​នោះទៀតសោត ​រងគ្រោះខ្ទេចខ្ចាំ លំបាកវេទនា និងស្លាប់ព្រាត់ប្រាស់ប្តីប្រពន្ធ កូនចៅ សាច់ញាត្តិថែមទៀតផង។ ទាក់ទងនឹងបញ្ហានេះ ឯ.ឧ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានផ្តាំផ្ញើរដល់នាយទាហាន ពលទាហាន បញ្ជាកាដ្ឋានអង្គរក្ស នៃ ខ.ភ.ម ត្រូវបន្តការពារជាតិ សាសនា ព្រះមហក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងវាយបំបាក់រាល់ឧបាយកលទាំងឡាយ ដែលមាន​បំណងធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម បំផ្លាញសុខសន្តិភាពនៅកម្ពុជា ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ