ព័ត៌មាន

ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ នៃ​សាធារដ្ឋ​សង្គម​និយម​វៀត​ណាម​ ជូន​កង​ឯក​ភាព​ និង​នាយ​ទាហាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​
នាយកដ្ឋានព័ត៌មាន(៣)
91
1291 ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ នៃ​សាធារដ្ឋ​សង្គម​និយម​វៀត​ណាម​ ជូន​កង​ឯក​ភាព​ និង​នាយ​ទាហាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​

     ប្រធានរដ្ឋ​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈនាយករដ្ឋមន្ត្រី និងក្រសួងការពារប្រទេសកង​ទ័ព​ប្រជាជនវៀតណាម បានប្រកាសសេចក្តី​សម្រេច​លើក​សរសើរ ​នឹងជូនរង្វាន់ បំពាក់នូវគ្រឿង​ឥស្សរិយយសថ្នាក់​​មិត្តភាព ​ជូនដល់អង្គភាព និងបុគ្គល នាយទាហានជាន់ខ្ពស់ របស់កងយោធពលខេមរភូមិន្ទ ចំនួន ១៤១ រូប និងអង្គភាព ដែលមានស្នាដៃក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ វៀតណាម និងកម្ពុជា កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអាគារ​មិត្តភាព ​ទីស្ដីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង អនុរដ្ឋមន្ត្រីក្រសួង​ការ​ពារ​ប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម។ ពិធីបំពាក់គ្រឿងឥស្ស​រិយ​យស​ថ្នាក់​ មិត្តភាព របស់ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់បុគ្គលនាយទាហានជាន់ខ្ពស់ និងអង្គភាព នៃកងយោធពលខេមរភូមិន្ទនាពេលនេះ បានប្រព្រឹត្តទៅ ក្នុងឱកាសដែល ឧត្ដមសេនីយ៍​ឯក​បម្រុង​ ផាន វ៉ាន់ហ្សាង ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់​ អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមអញ្ជើញមក​បំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហ៊ូ ហ្វាងមិញ (HOU VANG MING) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានវត្តមាននាយទាហាន​ជាន់​ខ្ពស់​ ថ្នាក់អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពទាំង ៣ ប្រភេទ មេបញ្ជាការ​គ្រប់បណ្ដាយោធភូមិភាគ កងពលតូច កងពលធំ មេបញ្ជាការទ័ពជំនាញ និងនាយទាហានជាន់ខ្ពស់ក្នុងកងយោធពលខេមរភូមិន្ទជាច្រើនរូបផងដែរ។

នាយឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង អនុរដ្ឋមន្ត្រីក្រសួង​ការ​ពារ​ប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម


     ក្នុងសេចក្តីប្រកាសរបស់ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការលើកសរសើរ និងជូនរង្វាន់ ​បំពាក់គ្រឿងឥស្សរិយយស (មិត្តភាព) ជូនដល់ ឥស្សរជននាយទាហានជាន់ខ្ពស់ នឹងបណ្ដាលអង្គភាពរបស់កងយោធពលខេមរភូមិន្ទ ដែលអានដោយ ឧត្តមសេនីយ៍ត្រី ឡេ ទួនសាង អនុប្រធានស្នងការឃោសនាអប់រំ ​អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម បានសម្រេចបំពាក់ជូនគ្រឿងឥស្សរិយយសថ្នាក់ (មិត្តភាព) ជូនដល់ កងពលធំអន្តរាគមន៍លេខ២, កងពលធំអន្តរាគមន៍លេខ៣, យោធភូមិភាគទី១, ទី២,  ទី៣, ទី៤,  ទី៥ និង​យោធភូមិភាគពិសេស, បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ, បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក, បញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក និងបណ្ដាអង្គភាពជាច្រើនទៀត។ ដោយឡែកសម្រាប់បុគ្គល ត្រូវបានបំពាក់ជូនគ្រឿងឥស្សរិយយសមិត្តភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, បំពាក់ជូននាយឧត្តមសេនីយ៍ ជាង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ, បំពាក់ជូននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈម​ណ្ឌល​ជាតិ​ គ្រប់គ្រងកងរក្សាសន្តិភាពបោកសំអាតមីន និងកាកសំណល់សង្គ្រាម, បំពាក់ជូននាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក​ អគ្គនាយកដ្ឋានយោធសេវា, បំពាក់ជូននាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក​ដ្ឋានសម្ភារៈបច្ចេកទេស, បំពាក់ជូននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស, បំពាក់ជូននាយឧត្តមសេនីយ៍ ឈឹន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, បំពាក់ជូននាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ, បំពាក់ជូននាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ, បំពាក់ជូនលោកជំទាវនាយឧត្តមសេនីយ៍ ម៉ី ម៉ុនដារី អគ្គមេបញ្ជាការ​រង​, បំពាក់ជូននាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងទឹក, បំពាក់ជូននាយឧត្តមសេនីយ៍ ស៊ឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាស, បំពាក់ជូននាយឧត្ដម​សេនីយ៍​សាស្រ្តាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ នៃកងយោធពលខេមរភូមិន្ទ, ជូនឧត្តមសេនីយ៍ឯក ចាន់ សុភក្រ្តា នាយរងសេនាធិការចំរុះ និងជានាយកទីចាត់ការ​ហ្វឹក​ហ្វឺន​អគ្គបញ្ជាការ, បំពាក់ជូនឧត្តមសេនីយ៍ឯក ម៉ម យឿន នាយរងសេនាធិការចំរុះ និងជានាយកវិទ្យាស្ថាន​ទ័ព​ជើង​គោក​, បំពាក់ជូនឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការបញ្ជាការដ្ឋានរថក្រោះ, បំពាក់ជូនឧត្តមសេនីយ៍ឯក មែក មុនី នាយរង​សេនាធិការ​ចម្រុះ​ និងជាមេបញ្ជាការបញ្ជាការដ្ឋានបញ្ជូនសារ, បំពាក់ជូនឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក, បំពាក់ជូនឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពល​ធំអន្តរាគមន៍លេខ២, បំពាក់ជូនឧត្តមសេនីយ៍ឯក នាង អេង អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជានាយក​ នាយកដ្ឋានអប់រំក្រសួងការពារជាតិ, បំពាក់ជូនឧត្តមសេនីយ៍​ឯក​ ស្រី​ ឌឹក​ មេបញ្ជាការ​រង​កង​ទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, បំពាក់ជូនឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរង​កង​ទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១, បំពាក់ជូនឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រ​យោង​លេខ៩១១, បំពាក់ជូនឧត្តមសេនីយ៍ឯក ហ៊ួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និង​ជាមេបញ្ជាការ​យោធ​ភូមិភាគ​ទី១​, ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ​យោធ​ភូមិ​ភាគ​ទី៣​, បំពាក់ជូនឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ​បញ្ជាការ​ដ្ឋាន​ការពារ​កោះឆ្នេ​រ, បំពាក់ជូនឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និង​ជាមេបញ្ជាការមូលដ្ឋានសមុទ្រ និងបំពាក់ជូនឧត្តមសេនីយ៍ឯក នួន ណារិន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស រួមទាំងនាយទាហានជាន់ខ្ពស់ក្នុងកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត។

   ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមិត្តភាពរបស់ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនដល់បុគ្គល​នាយ​ទាហានជាន់ខ្ពស់ និងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសនោះ ឧត្ដមសេនីយ៍​ឯក​បម្រុង​ ផាន​ វ៉ាន់ហ្សាង​ បាន​ថ្លៃង​ថា៖ វៀតណាមនិងកម្ពុជា គឺជាប្រទេសភូមិផងជិតខាងគ្នាដែលមានប្រវត្តិសាស្រ្តនៃការទំនាក់ទំនងសហប្រតិបត្តិការតាំងពីយូរលង់មកហើយ ក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីតស៊ូរំដោះ​ប្រទេសជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ដោយបានប្រកៀកស្មាគ្នាជាពិសេស អតីតប្រធានរដ្ឋ​ហូជីមិញ និងអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធតាំងពីអតីតកាលកាល​ពីជាង៤០ឆ្នាំមុន រួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ជាមួយរដ្ឋកម្ពុជា ក្នុងការវាយផ្ដួលរំលំរបបប្រល័យ​ពូជ​សាសន៍​ប៉ុលពត​ ហើយបានបង្កើតព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។ តាំងពីពេលនោះមកប្រជាជនប្រទេសទាំងពីរ​ បានសហការជាមួយគ្នាក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ​ ទំនាក់ទំនងមិត្តភាព លើ​គ្រប់​វិស័យ ដើម្បីកសាងតាមទិសស្លោកប្រទេសជិតខាងគ្នា​ មិត្តភាពជាប្រពៃណី នៃកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ​ និងយូរអង្វែង។ ទំនាក់ទំនងជាប្រពៃណីនោះហើយ ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជនប្រទេសទាំងពីរ​បានរក្សាហើយ ពង្រឹងពង្រីកទុកដំណរតដល់មនុស្សជំនាន់ក្រោយ។ លោក ផាន វ៉ាន់ហ្សាង បញ្ជាក់ទៀតថា៖ ប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពប្រទេសទាំងពីរបានទំនាក់ទំនងយ៉ាងជិតស្និទ្ធជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យ អាចសន្និដ្ឋានបានថា៖ ទំនាក់ទំនងការពារជាតិ រវាងប្រទេសទាំងពីរកាន់តែមានការអភិវឌ្ឍលើកិច្ចសហប្រតិបត្តិការ​ ទំនាក់ទំនងរវាង​ប្រទេសយើងទាំងពីរ ក្នុងការរួមចំណែករក្សាស្ថេរភាព សន្តិភាពសង្គម ធ្វើឲ្យប្រទេស​យើងទាំងពីរ កាន់តែមានភាពរឹងមាំមិនអាចបំបែកបំបាក់បានឡើយ។ ថ្ងៃនេះបក្សរដ្ឋាភិបាលកងទ័ពនិងប្រជាជនវៀតណាម បានបំពាក់ជូនគ្រឿងឥស្សរិយយស មិត្តភាព ជូនដល់អង្គភាព និងបុគ្គលរបស់កងយោធពលខេមរភូមិន្ទ​ លើការបង្កើតនូវសមិទ្ធិផលក្នុងការរួមចំ​ណែកកសាង​ទំនាក់ទំនង​មិត្តភាព ជាប្រពៃណីកិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យ រវាងវៀតណាមកម្ពុជា ហើយនឹងបន្តពង្រឹងបន្ថែមទៀតលើការរឹតចំណងសាមគ្គីភាព​ រវាងកងទ័ពប្រជាជនប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធថែមទៀត។ លោក ហ្សាង បានបញ្ជាក់អំពីជំហរ​ របស់បក្សរដ្ឋ និងកងទ័ពវៀតណាមថា៖ គ្មានអ្វីដែលអាចបំបែកបំបាក់ចំណងសាមគ្គីភាពមិត្តភាពយូរអង្វែង​ របស់ប្រទេសទាំងពីរបានឡើយ បើទោះមានក្រុមប្រឆាំងចង់បំបែកបំបាក់ទំនាក់ទំនងមិត្តភាពសាមគ្គី​ភាព​ រវាងប្រទេសទាំងពីរយ៉ាងណាក៏ដោយ។ រហូតមកទល់ពេលនេះប្រទេសយើងទាំងពីរបានកសាងទំនាក់​ទំនង​ នៃការរឹតចំណងសាមគ្គីភាពមិត្តភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងការជួយគ្នាទៅវិញទៅមកបានរយៈពេលជាង៥០ឆ្នាំ​ហើយ​ តាមរយៈនេះ លោកសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ​ និងមានការអភិវឌ្ឍរីកចម្រើនរឹងមាំលើគ្រប់វិស័យពេលទៅមុខ ក្នុងកាតព្វកិច្ចកសាងប្រទេសជាតិនីមួយៗ​ ដើម្បីរក្សាស្ថេរភាពសន្តិភាពកិច្ចសហប្រតិបត្តិការ អភិវឌ្ឍក្នុងតំបន់ក៏ដូចជាពិភពលោក។ ជំនួសមុខឱ្យបក្សរដ្ឋ និងក្រសួងការពារជាតិ និងប្រជាជនវៀតណាម លោក ហ្សាង បានជូនពរ ឲ្យនាយ​ទាហាន​នៃ​កងយោធពលខេមរភូមិន្ទ ដែលបានទទួលគ្រឿងឥស្សរិយយសរបស់បក្ស​រដ្ឋ​វៀតណាមថ្ងៃនេះ សូមឲ្យទំនាក់ទំនង​មិត្តភាពជាប្រពៃណីជាបងប្អូន រវាងកងទ័ពយើងទាំងពីរ កាន់តែមានការអភិវឌ្ឍល្អប្រសើរ។

    នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានថ្លែងថា៖ ការបំពាក់ជូននូវគ្រឿងឥស្សរិយយសរបស់បក្សរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់អង្គភាព និងបុគ្គលនាយទាហាន​ជាន់​ខ្ពស់​ នៃកងយោធពលខេមរភូមិន្ទនាពេលនេះ គឺមានអត្ថន័យ ដើម្បីឆ្លុះបញ្ចាំងពីស្មារតីពូនជ្រុំលើក​កម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជាវៀតណាម ដោយបានជ្រោងទង់ខ្ពស់យុទ្ធសាមគ្គីកម្ពុជាវៀតណាម ដែលមានភាព​ជាប្រពៃណីជិតខាង​ដ៏​ល្អ​ ក្នុងការចូលរួមក្នុងបុព្វហេតុកសាង​ការពារមាតុភូមិប្រទេសជាតិយើងទាំងពីរ​ រឹងមាំរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន ក៏ដូចជាពង្រឹងថែរក្សាសន្តិភាពកិច្ចសហប្រតិបត្តិការជាមិត្តជិត​ខាងល្អយូរអង្វែង។ ស្ថិតក្នុងបរិយាកាសដ៏ពិសេសពិសាល​នេះ​ ឯកឧត្តមអគ្គមេបញ្ជាការបាន​សំ​ដែង​​នូវមនោសញ្ចេតនា​សប្បាយ​រីករាយចូលរួមអបអរសាទរយ៉ាងក្លៀវក្លាខួបលើកទី៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនិងឆ្នាំមិត្តភាពកម្ពុជាវៀតណាម និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបក្សរដ្ឋាភិបាលកងទ័ព​ និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់កងយោធពលខេមរភូមិន្ទ ជាបន្តបន្ទាប់។ ឯកឧត្តម វង្ស ពិសេន បានបន្តថារយៈពេល ជាង៥០ឆ្នាំ​កន្លងមកនេះ កម្ពុជា​ និងវៀតណាមបានផ្សាភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ហើយជាង៥០ឆ្នាំ នៃចំណងសាមគ្គីភាព មិត្តភាពរវាងកម្ពុជានិង​វៀត​ណាម​ ដែលបានពូនជ្រុំក្នុងស្មារតីស្មោះត្រង់របស់អ្នកស្នេហាជាតិ និងស្រឡាញ់ប្រជាជនពិតប្រាកដបានការជួយឧបត្ថម្ភ​ និងការឆ្លងកាត់ដូចជោគជ័យពុះពារនូវការលំបាកជំនះគ្រប់ឧបសគ្គទាំងឡាយរួមគ្នាពង្រឹងជាធ្លុងមួយនៅ មហាសាមគ្គីភាពហើយសម្រេចបាននូវឧត្តមគតិនិងបំណងប្រាថ្នាដ៏ពិតប្រាកដ របស់ប្រជាជនយើងទាំងពីរ។ ការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅ រវាងកងទ័ពប្រទេសយើងទាំងពីរទាំងក្នុងអតីតកាលក៏ដូចជាបច្ចុប្បន្ន និងទៅអនាគតបាននាំមកនូវផលប្រយោជន៍ពីគ្នាទៅវិញទៅមកយ៉ាងធំធេង នៅលើគ្រប់វិស័យនឹងកាន់តែត្រូវបានយកយល់ជឿជាក់គ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍកងទ័ព និងប្រជាជនប្រទេសទាំងពីរ ព្រមទាំងរួមគ្នាអភិវឌ្ឍនឹងមានវិធានការដោះស្រាយ ឲ្យមានប្រសិទ្ធភាពក្នុងការ​ទប់​ស្កាត់នៅរាល់យុទ្ធសាស្ត្រល្បិចកលរបស់ពួកអមិត្ត ដែលមានហូបបាយក៏ចង់បំបែកបំបាក់ចំណងមិត្តភាពសាមគ្គី​ភាព​ប្រជាជនប្រទេស​ទាំង​ពីរ​ កាន់តែមានភាពរឹងមាំថែមទៀត។ ដោយ​ឡែក​ថ្ងៃនេះភាគីយើងទាំងពីរមានមោទនភាពបំផុត​ ចំពោះកិច្ចសហប្រតិបត្តិការនៅតាមបណ្ដោយព្រំ​ដែន និងការអនុវត្តបានល្អតាមសន្ធិសញ្ញាកិច្ចព្រមព្រៀងព្រំ​ដែន​ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរបានចុះហត្ថលេខា​កន្លង​មក​ ក៏ដូចជាពេលថ្មីៗនេះគឺជាសក្ខីភាព នៃការកសាងព្រំដែនសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតំបន់ព្រំដែនរីកចម្រើន។ ទន្ទឹមនឹងនេះភាគី នៃកងប្រាប់យើងទាំងពីរ និងធានាអោយបានល្អប្រសើរនូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម បង្ការបង្ក្រាប បានទាន់ពេលវេលានូវរាល់បទល្មើសផ្សេងៗ តាមបណ្ដោយព្រំដែន ពិសេសកិច្ចសហប្រតិបត្តិការការងារសង្គ្រោះគ្រោះមហន្តរាយអចិន្ត្រៃយ៍ នៅតាមព្រំដែនគោក ដែលភាគីយើងទាំងពីរបាន និងកំពុងដំណើរការពិនិត្យលទ្ធភាពក្នុងការសាងសង់មណ្ឌលថែមទាំសុខភាព​ ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង របស់កម្ពុជាជាប់ និងខេត្តតៃនិញរបស់វៀតណាម។ នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំនួសមុខឱ្យរដ្ឋាភិបាលក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវអំណរ​គុណចំពោះបក្សរដ្ឋាភិបាលកងទ័ព និងប្រជាជនវៀតណាម ដែលរហូតមកតែងគាំទ្ររាល់គោលនយោ​បាយ​ដឹកនាំប្រទេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបានអនុវត្តយ៉ាងល្អក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាចំពោះក្រុមអមិត្តទាំងឡាយណា ដែលមានបំណងបំបែកបំបាក់ចំណងសាមគ្គីភាពមិត្តភាព នៃប្រទេសទាំងពីរ ៕    


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ