ព័ត៌មាន

សម្តេច​​ពិជ័យ​​សេនា ​​ ទៀ ​​បាញ់ ​​អញ្ជើញ​​បើ​ក​​អង្គ​​មិន្ទីញ​​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៦៦​ ទិវា​កំណើ​ន​​កង​យោធពល​ខេមរ​ភូមិន្ទ​
នាយកដ្ឋានព័ត៌មាន(៣)
59
1301 សម្តេច​​ពិជ័យ​​សេនា ​​ ទៀ ​​បាញ់ ​​អញ្ជើញ​​បើ​ក​​អង្គ​​មិន្ទីញ​​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៦៦​ ទិវា​កំណើ​ន​​កង​យោធពល​ខេមរ​ភូមិន្ទ​

    នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពបើកអង្គមិន្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាថ្ងៃកំណើនកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៩)។ អង្គមិន្ទីញនេះបានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យការពារជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបណ្តាថ្នាក់ដឹកនាំអង្គភាពទ័ពទាំងបីប្រភេទ និងទ័ពជំនាញយ៉ាងច្រើនផងដែរ។

   គួរជម្រាបថា៖ កងយោធពលខេមរភូមិន្ទ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជ​កិច្ច​ដឹកនាំរបស់អតីត ព្រះ​ករុណា​សម្ដេច​ព្រះបាទ​ នរោត្តម​ សីហនុ ​ព្រះ​បរមរតន​កោដ្ឋ ​ដោយបានបំពាក់បំប៉ន​ច្បាស់លាស់ លើគោលដៅតួនាទីភារកិច្ចរបស់ខ្លួន ផ្សាភ្ជាប់សាច់ឈាមជាមួយប្រជាពលរដ្ឋ ដោយធ្វើពលិកម្ម​គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ សន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ការពារកសាងព្រះ​រាជាណាចក្រកម្ពុជា លើគ្រប់វិស័យ។ ក្នុងដំណាក់កាលនោះ កងយោធពលខេមរភូមិន្ទ បានបង្ហាញពីវីរភាព អង់​អាច​ក្លាហាន មោះមុត ក្នុងប្រតិបត្តិកាសឹក រំដោះតំបន់ខ្លះ ពីកណ្ដាប់ដៃអាណានិគមបរទេស និងពួកឧទ្ទម​ដោយការពារបាននៅអធិបតេយ្យ បូរណភាពទឹកដី បានយ៉ាងរឹងមាំ។ ឆ្លងកាត់នូវរបទពិសោធន៍​នយោ​បាយ​ជា​ច្រើន​ជំនាន់​ ក្រោមឥទ្ធិពលសង្គ្រាម​ដែលបានអូសបន្លាយអស់ជាងបីទសវត្សរ៍ ​ចាប់ពីក្រោយថ្ងៃរដ្ឋប្រហារ​ ០៨ មីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជា​បានធ្លាក់ក្នុងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ។ ​សង្គ្រាមផ្ទៃក្នុងបានផ្ទុះឡើង​នៅ​ក្នុងប្រទេស​ បង្កគ្រោះមហន្តរាយ ការឈឺចាប់ខ្លោចផ្សា ពិសេសក្នុងអំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ ដែលដឹកនាំដោយសេនាប្រមុខ លន់ ណុល និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩ ​បាន​ធ្វើ​ឲ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធជាតិ ​និង​ព្រលឹង​ជាតិ ​ស្ទើរ​រលាយ​សាប​សូន្យ​។ ចាប់តាំងពីពេល​នោះ​មក​ កងយោធពលខេមរ​ភូមិន្ទ ត្រូវបានបាត់បង់លក្ខណៈសម្បត្តិ អត្ដសញ្ញាណ និងឈ្មោះជាកង​យោធ​​ពល​ខេមរភូមិន្ទ។ ដោយអនុវត្តតាមស្មារតីបង្រួបបង្រួមជាតិ និងតាមកិច្ចព្រមព្រៀងសន្តិភាពទី​ក្រុង​ប៉ារីស​ ថ្ងៃទី២៣ ​ខែតុលា ឆ្នាំ១៩៩១ និងក្រោយថ្ងៃបោះឆ្នោតសកល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើង​ដោយ​អាជ្ញាធរអ៊ុនតាក់ ​កម្ពុជា​បង្កើតបាននូវរដ្ឋធម្មនុញ្ញ ស្ថាប័នព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ឡើងវិញ​។​ ក្នុងនោះកងយោធពលខេមរភូមិន្ទ​ ត្រូវ​បានដំណើរការកសាងឡើងវិញនៅថ្ងៃទី១៤​ ខែ​មិថុនា ​ក្នុង​ឆ្នាំ ១៩៩៣​។​ ក្រោម​ការដឹកនាំរបស់រាជរដ្ឋាភិបាល​ដែល​មាន​ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ កងយោធពល​ខេមរ​ភូមិន្ទបាន​បំពេញតួនាទី​របស់​ខ្លួន​ ផ្តោត​ជា​កម្លាំង​អព្យាក្រឹត្យ​ ចូលរួមយ៉ាងសកម្មអនុវត្តរាល់កម្មវិធី​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ​ជា​ពិសេស​អនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃកម្ពុជា ជាគោលដៅចំបង ដើម្បីបញ្ចប់ការបង្ហូរឈាមគ្នា ធ្វើការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ​ស្វែងរកសន្តិភាពពេញបរិបូណ៍​ជូនប្រទេសជាតិ ​នៅថ្ងៃទី២៨ ​ខែធ្នូ ​ឆ្នាំ​១៩៩៨​។​ លើស​ពី​នេះទៀត ​កងយោធពលខេមរភូមិន្ទ​ បានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន ក្នុងភារកិច្ចការពារបូរណភាពទឹកដី អធិប​តេយ្យ​ភាពជាតិ រួមចំ​ណែក​ការ​ពារ​ថែរក្សាសន្តិសុខ​ សណ្ដាប់ធ្នាប់សង្គមជាតិ រក្សាសុខសន្តិភាព ​និងភាពសុខដុមរមនាសម្រាប់ជាតិមាតុភូមិ និងប្រជាជន។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ


    ថ្លែ​ង​ទៅកាន់​នាយ​ ពលទាហាន នៃកងយោធពលខេមរភូមិន្ទ​ពេលនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួសមុខឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្ដេចបានថ្លែងនូវការ​លើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងារ និងសមិទ្ឌិផលទាំងឡាយ ដែលនាយ ពលទាហាន នៅ​ក្នុងកងយោធពលខេមរភូមិន្ទរបស់យើង សម្រេចបានក្នុងរយៈពេលកន្លងមកនេះ ដោយបានលះបង់កម្លាំង​កាយ​ចិត្ត និងពុះពាររាល់ការលំបាកក្នុងការបំពេញតួនាទី ភារកិច្ចបំរើជាតិ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់​សមិទ្ធិផល​ទាំង​ឡាយ​របស់រាជរដ្ឋាភិបាល។ សម្ដេចពិជ័យសេនា ក៏បានដាស់តឿនរំលឹក​នាយពលទាហានទាំងអស់​ ត្រូវ​មានការស្មោះត្រង់ជានិច្ច​ចំពោះជាតិ មាតុភូមិ និង​ចំពោះរាជរដ្ឋាភិបាល ដែល​មាន​ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ហើយត្រូវយល់ឲ្យបានច្បាស់ ពីតម្លៃនៃសន្តិភាព ដែល​យើង​ទទួលបានដោយលំបាក​បំផុត​ ត្រូវតែថែរក្សាការពារឲ្យបានដាច់ខាត ​ទោះស្ថិតក្នុងរូបភាព និងតម្លៃ​ណា​ក៏​ដោយ​ ជាពិសេសកុំជឿ​តាម​កា​រ ញុះញ៉ុង ឃោសនា​អូសទាញ​របស់​ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលប៉ុន​ប៉ង​បំផ្លាញ​សុខសន្តិភាព នាំ​ប្រទេស​ជាតិ​ធ្លាក់​ក្នុងគ្រោះមហន្តរាយ​តាមរយៈការធ្វើ​បដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជ​រដ្ឋាភិបាល​ស្របច្បាប់។ ជាមួយគ្នានេះដែរ​ ក៏ត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជាអនុសាសន៍​របស់​ សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីនយោបាយយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី ៤ អាណត្តិទី ៦ របស់រាជរដ្ឋាភិបាល និងកំណែទម្រង់កងយោធពលខេមរភូមិន្ទ និង​អនុវត្តឲ្យបាន​នូវ​អនុសាសន៍ ​១០ ​ចំណុចអភិក្រមទាំង ៥ និង​បាវចនាពីរ ​រប​ស់​សម្ដេចនាយករដ្ឋមន្ត្រី។ សម្ដេច​ពិជ័យ​សេនា ​ក៏​បាន​ជំរុញឲ្យនាយពលទាហាន​ទាំង​អស់​ បង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈនៃការអនុវត្ត​គោល​នយោបាយ​ភូមិ​ ឃុំ មានសុវត្តិភាព ដោយត្រៀមកម្លាំងមធ្យោបាយ សម្ភារៈ ដើម្បីអនុវត្តតាមសេចក្តីសំរេច​របស់​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្ដីពីការបង្កើតក្រុមការងារសម្រប​សម្រួល​ ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ ព្រមទាំងត្រូវបន្តបង្កើនការងារហ្វឹក​ហ្វឺន​រៀន​សូត្រ​ឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនបន្ថែមទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ