ព័ត៌មាន

ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក​ ហ៊ុន ​ម៉ាណែ​ត​ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​វរសេនា​​តូច​​ថ្មើរ​ជើង​​សហ​ការ​វាយ​លុក ​នៅ​ទីលាន​ហ្វឹក​ហ្វឺន​បាញ់​គ្រាប់​ពិត​ មរតក​តេ​ជោ​សែន​
នាយកដ្ឋានព័ត៌មាន(៣)
150
1303 ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក​ ហ៊ុន ​ម៉ាណែ​ត​ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​វរសេនា​​តូច​​ថ្មើរ​ជើង​​សហ​ការ​វាយ​លុក ​នៅ​ទីលាន​ហ្វឹក​ហ្វឺន​បាញ់​គ្រាប់​ពិត​ មរតក​តេ​ជោ​សែន

    ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមបញ្ជា​ការ​កង​ទ័ពជើងគោក បានបញ្ជាក់ប្រាប់យោធិនសិក្ខាកាម ដែលទើបបានបញ្ចប់ការសិក្សាវគ្គហ្វឹកហ្វឹក​ នាថ្ងៃនេះថា៖ ​ត្រូវយកចំណេះដឹង ដែលទទួលបានពីការសិក្សារៀនសូត្រ ទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធ​ភាព​ខ្ព​ស់​ ក្នុងកិច្ចការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋ​ធម្មុញ្ញ ការពារដាច់ខាតសុខសន្តិភាព និងសេចក្តីសុខសាន្តជូនប្រពលរដ្ឋ មិនឲ្យជនណាបំផ្លិចបំផ្លាញបានឡើយ​។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់បែបនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញវរសេនា​តូច​ថ្មើរជើង​សហការវាយលុក នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោសែន​ ភ្នំវាលចាប​ យោធភូមិ​ភាគ​ទី៥​ កងទ័ពជើងគោក នៅថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តម ឧត្តមសេនីយ៏ទោ ម៉ៅ ផល្លា នាយសេនាធិការរង និងជាអ្នកនាំពាក្យកងទ័ពជើង​គោក ផ្តល់បទសម្ភាស


    នៅក្នុង​បទ​សម្ភាស​ ឯកឧត្តម ឧត្តមសេនីយ៏ទោ ម៉ៅ ផល្លា នាយសេនាធិការរង និងជាអ្នកនាំពាក្យកងទ័ពជើង​គោក ​បានបញ្ជាក់់ថា៖ ការហ្វឹកហ្វឺនបំប៉នជំនាញលំហាត់យុទ្ធវិធីបាញ់ប្រយុទ្ធ ថ្នាក់វរសេនាតូចថ្មើរជើងសហ​ការ​វាយ​លុក ប្រចាំឆ្នាំ២០១៩ ដែលបានប្រារព្ធពិធីបិទនាពេលនេះគឺ៖

    ១- ដើម្បីពង្រឹងពង្រីកចំណេះជំនាញពិតប្រាកដ ទាំងទ្រឹស្តី ការអនុវត្តន៏ជាក់ស្តែង ទាំងនៅក្នុងថ្នាក់ ក៏ដូច​ជា​នៅ​ទីលាន​ ដែលបានឆ្លងកាត់ការសិក្សាអស់រយៈពេលច្រើនខែ ​របស់​យោធិន​ជា​សិក្ខាកាម​ នៃខ.ភ.ម។

    ២- បង្ហាញពីសមត្ថភាពេរបស់សិក្ខាកាម​ ថាតើពួកគេមានការយល់ដឹងកំរិ​តណា​ ក្រោយពីពួកគេបានសិក្សាមួយ​រយៈ ក្នុងថ្នាក់ និងពីភាពជាក់ស្តែង ភាពខុសគ្នារវាងទ្រឹស្តី និងអនុវត្តន៏ជាក់ស្តែងនៅលើទីលាន ក៏ដូចជានៅ​សមរភូមិ​ប្រយុទ្ធ​ផ្ទាល់។

    ៣- ចង់បង្ហាញពីសមត្ថភាពកម្លាំងប្រតិបត្តិការរបស់យើង ឆ្លើយតបទាន់ពេលវេលារាល់បទបញ្ជាថ្នាក់លើ​ ក្នុងភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងសុខសន្តិភាព ជូនប្រជាជន។

    ៤- បង្ហាញពីភារកិច្ចចំពោះមុខរបស់កងទ័ព ត្រូវបំពេញក្នុងការរក្សាសន្តិសុខ សន្តិភាព និងរក្សាសណ្តាប់​ធ្នាប់​សង្គម​នៅកម្ពុជា។

    ៥- ការហ្វឹកហ្វឺនបំប៉នជំនាញលំហាត់យុទ្ធវិធីបាញ់គ្រាប់ពិត គឺជាសកម្មភាព ហ្វឹកហាត់ជាប្រចាំរបស់ខ.ភ.ម ដែល​តែង​ធ្វើជារៀងរាល់ឆ្នាំ តាមបណ្តាយោធភូមិភាគ កងឯកភាព និងតាមសាលា។ សកម្មភាពហ្វឹកហ្វឺននេះ មិន​មែន​ជាការបង្ហាញសាច់ដុំ ឬការគំរាមកំហែងណាមួយទេចំពោះប្រទេសជិតខាង ដែលការហ្វឹកហ្វឺននេះ ក្នុង​គោល​​បំណង​បង្កើនសម្ថភាព ការពារបូរណភាពទឹកដី និងការពារសន្តិសុខជូនប្រជាជន។

   ៦- កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមក្សត្រ ការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត ដែលផ្តល់ទំនុកចិត្តភាគច្រើនពីប្រជាពលរដ្ឋ ការពារសុខសន្តិភាព និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ​កម្ពុជា​ មិនឲ្យជនណាមកបំផ្លិចបំផ្លាញបាន​ឡើយ។

 ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមបញ្ជា​ការ​កង​ទ័ពជើងគោក 


    ប្រសាសន៍សំខាន់ៗរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត ថ្នាក់វរសេនាតូចថ្មើរជើងសហការវាយលុក នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោសែន ភ្នំវាលចាប យោធភូមិភាគទី៥ ខេត្តបាត់ដំបង។

   ១- វគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតថ្នាក់វរសេនាតូចថ្មើរជើងសហការវាយលុក របស់យោធភូមិភាគទី៥នេះ  គឺ​ជាវគ្គហ្វឺកហ្វឺន ដែលត្រូវរៀបចំធ្វើជាប្រចាំក្នុងមួយឆ្នាំម្តង ស្របតាមផែនការហ្វឹកហ្វឺន របស់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពយោធិន ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងជាការផ្តល់ឱកាសរៀនសូត្រ ដល់នាយទាហានជំនាន់ក្រោយនៅក្នុងការដឹកនាំរៀបចំការងារហ្វឹកហ្វឺន សម្រាប់អនាគតទៅ​មុខ​ទៀត​។​

   ២- ជាចក្ខុវិស័យទៅអនាគត កងទ័ពជើងគោកមានគោលដៅពង្រឹង និងលើកកម្ពស់គុណភាព ហ្វឹកហ្វឺន តាម​រយៈការជំរុញដំណើរការ នៃការហ្វឹកហ្វឺនឱ្យកៀកទៅនឹងការពិត នៃការប្រយុទ្ធជាក់ស្តែង។ ការរៀបចំវគ្គហ្វឹកហ្វឺននេះ គឺជាការបន្តចូលរួមចំណែកក្នុងការអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ  និង​គោល​នយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យការពារជាតិ ឱ្យទទួលបានជោគជ័យ។ គោលដៅសំខាន់ពីរ នៃគោលនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាង​ឱកាស​សម្រាប់​ការអភិវឌ្ឍជាតិ។ ក្នុងនោះ ការពង្រឹងខឿនការពារជាតិ គឺជាអាទិភាពចម្បងខ្ពស់បំផុត ដែល​ត្រូវធានាឱ្យបានដាច់ខាតនៅគ្រប់កាលៈទេសៈ។

   ៣- ការខិតខំយកចិត្តទុកដាក់របស់យោធភូមិភាគទី៥ ក្នុងការចាត់តាំងឱ្យមានការហ្វឹកហាត់ក្បាច់​គុន​កងយោធ​ពលខេមរភូមិន្ទ គឺជាការចូលរួមចំណែកក្នុងការចាប់ផ្តើមទំព័រថ្មីនៃការ ហ្វឹកហ្វឺន និងប្រើប្រាស់ក្បាច់គុនបុរាណខ្មែរយើង ដែលសព្វថ្ងៃបានក្លាយជាក្បាច់គុនផ្លូវការរបស់កងយោធពលខេមរភូមិន្ទ ក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបង្កើតឱ្យមានអត្តសញ្ញាណវប្បធម៌សម្រាប់កងយោធពលខេមរភូមិន្ទ និងជាការចូលរួមចំណែកធ្វើឱ្យក្បាច់គុនបុរាណរបស់បុព្វបុរស​ខ្មែររស់រានឡើងវិញ និងបន្តអភិវឌ្ឍទៅមុខសម្រាប់កូនខ្មែរ និងកងយោធពលខេមរភូមិន្ទគ្រប់ៗជំនាន់។

   ៤- លើមូលដ្ឋាននៃសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់​តែមានភាពប្រសើរឡើងជាលំដាប់។ ផ្ទុយទៅវិញពួកអ្នកនយោបាយជ្រុល​និយម​នៅតែចិញ្ចឹមឧបាយកលខ្មៅកខ្វក់ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការ​បោះ​​ឆ្នោតដោយឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញសកម្មភាពប្រទូស្តរាយខុសច្បាប់នានាបែបអនា​ធិប​តេយ្យ ​សំដៅញុះញង់បញ្ឆេះកំហឹងមហាជន ធ្វើឱ្យចុះខ្សោយនីតិរដ្ឋ និងបង្ករអស្ថិរភាព ដែលជាការបង្កវិនាសកម្ម​យ៉ាងធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់ជោគវាសនាប្រទេសជាតិ និងអាយុជីវិតប្រជាជន ដើម្បីបម្រើ​ឱ្យ​តែ​មហិច្ឆិតា​ ​លោ​ភ​លន់​ចង់​បាន​អំណាចដោយខុសច្បាប់ ផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ។

  ៥- យើងទាំងអស់គ្នាត្រូវយល់អោយច្បាស់ពីតម្លៃនៃសន្តិភាព ពីព្រោះប្រសិនបើឧបាយការណ៍ញុះញង់ បំបែកបំបាក់ ​និងលាបពណ៌នេះ បានសម្រេច នោះប្រទេសយើងនឹងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមបំផ្លិចបំផ្លាញ​ហិន​ហោចវេទនា ស្លាប់ព្រាត់ប្រាសជាមិនខាន។

  ៦- សូមបំបាត់ឱ្យបាននូវវប្បធម៌លាបព៌ណ ដោយឈប់លាបពណ៌ប្រជាជន លាបពណ៌កងទ័ព បង្កើតឱ្យមានគំនុំ​សងសឹង ធ្វើសង្គ្រាមកាប់សម្លាប់គ្នា នាំឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងវិនាសកម្ម។ ត្រូវមានមនសិការភ្ញាក់រលឹកគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ នោះខ្មែរនឹងបានសេចក្តីសុខសាន្ត អាចបន្តការភិវឌ្ឍរីកចម្រើនទៅមុខទៀត​សម្រាប់កូនចៅយើងជំនាន់ក្រោយ។

  ៧- ការអនុវត្តច្បាប់ដ៏តឹងរ៉ឺងម៉ឺងម៉ាត់កន្លងមក ចំពោះផែនការឧបាយកលបំផ្លាញសន្តិភាព គឺដើម្បីការពារប្រជាពលរដ្ឋ ១៦ លាននាក់ឱ្យរស់នៅក្នុងសុខសន្តិភាព។ សូមលើកទឹកចិត្ត និងគាំទ្រចំពោះស្មារតីខិតខំប្រឹងប្រែង​របស់កម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមថែរក្សាការពារសន្តិភាព ស្ថិរភាព និងសមិទ្ធផលសង្គមជាតិ សម្រាប់សេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអបអរសាទរ និងកំសាន្តសប្បាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងពេលខាងមុខនេះកុំបីខាន ជាមួយនឹងភាពរីករាយក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងភាពសុខសាន្តជួបជុំក្រុមគ្រួសារញាតិមិត្ត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ