ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​តែង​តាំង​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
94
1305

     រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ តាម​រយៈ​ ឯកឧត្តម ផាទ្រីក ម៊ួរហ្វី (W. Patrick Murphy) ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យយោធាជាមួយប្រទេស​កម្ពុជា​ ពិសេស​នៅក្នុងឱកាសបុណ្យគម្រប់ខួបលើកទី៧០ នៃទំនាក់ទំនងកាទូត កម្ពុជានិងសហរដ្ឋអាមេរិក នៅ​ក្នុង​ឆ្នាំក្រោយនេះ។​ សំណើនេះបានធ្វើឡើងនៅក្នុងជំនួបរវាង ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ជា​មួយ​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី នា​រសៀល​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៩ កន្លង​ទៅ​នេះ​។​

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  និងឯកឧត្តម ផាទ្រីក ម៊ួរហ្វី (W. Patrick Murphy) ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា


    ​ក្រោយបញ្ចប់ជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ ភាគីអាមេរិក​ចង់​ឱ្យមានកិច្ចសហប្រតិបត្តិការយោធា​បន្ថែម​ទៀត ​ជា​មួយ​កម្ពុជា ​ដើម្បី​ស្តារទំនាក់ទំនងរវាងប្រទេស​ទាំង​ពីរ​។​ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ឯកឧត្តម ផាទ្រីក ម៊ួរហ្វី ចង់ឱ្យមាន​ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យបានខ្លាំងក្លាឡើង ក្នុងនោះលោកបានលម្អិតជាក់ស្តែងនូវបញ្ហាមួយចំនួនដូចជា៖ ចង់ឱ្យមានទស្សនកិច្ចនាវាចូលសំចត​ឡើងវិញ ​ការបើកហ្វឹកហ្វឺនរួមគ្នា និងរឿងមួយចំនួនទៀត។ ប្រមុខការពារជាតិកម្ពុជា បានបន្តថា៖ ការលើក​ឡើង​នូវ​សំណើមួយចំនួនរបស់ឯក​អគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិករូបនេះ គឺហាក់បីដូចខិតខំធ្វើយ៉ាង​ណា ​ស្តារ​ឡើង​វិញ​​នូវ​ទំនាក់​ទំនង​រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បន្ថែមពីនេះ ឯកឧត្តម ផាទ្រីក ម៊ួរហ្វី (W. Patrick Murphy) ចង់ឱ្យកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញ​បេសកកម្មនៅប្រទេសម៉ាលី ផ្តល់កិច្ចសហប្រតិបត្តិការលើការផ្តល់ព័ត៌មាន ទៅវិញទៅមក រវាងកងទ័ពប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ​។​ ចំពោះសំណើរនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសស្វាគមន៍ចំពោះការលើកឡើងរបស់ឯកឧត្តមទូតអាមេរិកថ្មីរូបនេះ ព្រោះបញ្ហានេះ ជាបញ្ហារួមរវាងបណ្តា​កងទ័ពរបស់ប្រទេសនានា ដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលកំពុងតែហួងហែង ដោយសារតែភ្លើង​សង្គ្រាមនៅលើពិភពលោក និងនៅក្នុងតំបន់មជ្ឈឹមបូព៌ា។ ក្នុងកិច្ចសន្ទនានេះ គឺភាគីអាមេរិក ចង់ឱ្យមាន​កាន់​តែឆាប់​រហ័ស​ លើកិច្ចសហប្រតិបត្តិការយោធា ជាពិសេសការធ្វើលំហាត់ហ្វឹកហ្វឺនយោធារួមគ្នា ឱ្យកាន់​តែ​ឆាប់​រហ័ស​។ ស​​ម្តេច​ បន្តថា៖ ប្រទេសកម្ពុជា តែងតែស្វាគមន៍ គឺមិនដែលបិទការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាមួយបណ្តាប្រទេសណាមួយនោះទេ ក៏ប៉ុន្តែកម្ពុជា ត្រូវការពេលវេលា លទ្ធភាព និងកាលៈទេសៈ ដែលត្រូវទាម​ទារ​ឱ្យ​អនុវត្ត ប៉ុន្តែប្រសិនបើការធ្វើនោះហួសពីសមត្ថភាព ក៏កម្ពុជាមិនអាចទទួលយកបាននោះដែរ។

    នៅក្នុងជំនួបនោះដែរឯកឧត្តម ឯកអគ្គរដ្ឋទូតអាមេរិក សម្តែងនូវក្តីរីករាយចំពោះការវិវត្តន៍រីកចម្រើនរបស់​ប្រទេសកម្ពុជា ពិសេសផ្នែកនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការដោះលែង លោក កឹម សុខា ហើយ​ឯកឧត្តម បានបញ្ជាក់យ៉ាងច្បាស់ សហរដ្ឋអាមេរិក មិនដែលគាំទ្រដល់ការដណ្តើមអំនាចណាមួយតាម​រយៈ​ហឹង្សា​នោះ​ឡើយ ​ដែលផ្ទុយពីរបបលទ្ធិប្រជាធបតេយ្យ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ