ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអនុញាតិឲ្យ លោកវរសេនីយ៍ទោ ម៉ាក រ៉ាហ្សាហ្វីនដ្រាណាលី (Marc Razafindranaly) អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា ដែលមាននិវេស្សនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាម និងលោកវរសេនីយ៍ទោ សេបាស្ទៀន គែល (Sebastien Kail) ប្រធានបេសកកម្មសហប្រតិបត្តិការ ផ្នែកការពារបារាំងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន នាទីក្រុងភ្នំពេញ ដើម្បីបន្តការងារពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-បារាំង ឲ្យកាន់តែប្រសើរ ក្នុងឱកាសដែលលោកមកបំពេញការងារកម្ពុជា។
ក្នុងជំនួបនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឲ្យ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ រីករាយបំផុតចំពោះវត្តមាន លោកវរសេនីយ៍ទោ ប្រធានការិយាល័យអនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា និងលោកវរសេនីយ៍ទោ ប្រធានបេសកកម្មសហប្រតិបត្តិការ និងការពារបារាំង ប្រចាំនៅកម្ពុជា ដោយឯកឧត្តម បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងាររបស់លោកអនុព័ន្ធយោធា និងលោកប្រធានបេសកកម្មការពារបារាំង ដែលក្នុងអាណត្តិបេសកកម្មការទូតយោធារបស់លោកនៅកម្ពុជា បានធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដ៍ល្អជាមួយ ខ.ភ.ម។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោពលខេមរភូមិន្ទ បានសំដែងនូវអំណរគុណ ជាពន់ពេកចំពោះរដ្ឋាភិបាល និងកងទ័ពនៃសាធារណរដ្ឋបារាំង ដែលជានិច្ចកាល តែងបានជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី សម្ភារៈ ថវិកា និងផ្នែកបច្ចេកទេស ក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដល់កងយោធពលខេមរភូមិន្ទរហូតមក នៅកម្ពុជា និងនៅប្រទេសបារាំង។ ដែលមានជាអាថ៌ ដូចជាការជួយបណ្ដុះបណ្ដាលនាយទាហានសកម្ម ដែលមានវ័យក្មេង នៅសាលានាយទាហានសកម្ម នៃកងយោពលខេមរភូមិន្ទ ការជួយបណ្ដុះបណ្ដាលកងកម្លាំងផ្នែកច្បាប់ដល់កងរាជអាវុធហត្ថ, ការជួយបណ្ដុះបណ្ដាលកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា និងជួយលើផ្នែកបច្ចេកទេសផ្សេងៗ ដទៃទៀតជាច្រើន សំដៅជួយឲ្យកងយោធពលខេមរភូមិន្ទ មានគ្រប់លទ្ធភាពក្នុងការពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពរឹងមាំ។ ឯកឧត្តម ឥត សារ៉ាត់ សង្ឃឹមយ៉ាងមុតមាំថា៖ លោកអនុព័ន្ធយោធា និងលោកប្រធានបេសកកម្មសហប្រតិបត្តិការ ផ្នែកការពារបារាំង និងបន្តធ្វើឲ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-បារាំង កាន់តែល្អប្រសើរថែមទៀត។
លោកវរសេនីយ៍ទោ ម៉ាក រ៉ាហ្សាហ្វីនដ្រាណាលី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិ្ទ ដែលក្នុងរយៈពេលនៃអណត្តិកាទូតយោធារបស់លោក នៅកម្ពុជា កន្លងមកនេះ ថ្នាក់ដឹកនាំ ខ ភ ម គ្រប់លំដាប់ថ្នាក់បានបង្កគ្រប់លក្ខណៈសម្បត្តិ ជំរុញឲ្យបេសកម្មការទូតយោធា របស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។ លោកវរសេនីយ៍ទោ ម៉ាក រ៉ាហ្សាដ្រាណាលី បានបញ្ជាក់ថា៖ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានការនិយាយ និងប្រើប្រាស់ភាសាបារាំង តាំងពីយូរណាស់មកហើយ ហើយលោកចង់បន្តពង្រឹងពង្រីក និងការបណ្ដុះបណ្ដាលផ្នែកភាសាបារាំងនេះ ឱ្យដល់កម្ពុជាបន្តទៀត ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនងឲ្យកាន់តែល្អជាមួយនឹងកងយោធពលខេមរភូមិន្ទ។ ហើយបន្ទាប់ពីនេះភាគីកងទ័ពបារាំង នឹងនៅតែបន្តទំនាក់ទំនងជាមួយកងទ័ពកម្ពុជា ក្នុងការជួយដល់នៅការរៀបចំសរសេរសៀវភៅសការពារជាតិ ដែលការសរសេរសៀវភៅសការពារជាតិនេះ ប្រទេសបារាំងមានការចាប់អារម្មណ៍ខ្លាំងណាស់ ដូច្នេះបារាំងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា ដើម្បីផ្លាស់ប្ដូរនៃការរៀបកិច្ចប្រជុំ ដែលអាចធ្វើឡើងនៅប្រទេសកម្ពុជា ឬនៅប្រទេសបារាំង ដែលទាក់ទងទៅនឹងរបៀបសរសេរ និងការរៀបចំយុទ្ធសាស្ត្រមួយចំនួន ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។ លោកវសេនីយ៍ទោ ម៉ាក រ៉ាហ្សាហ្វីនដ្រាណាលី ក៏បានសុំកិច្ចសហប្រតិបត្តិការ ពីឯកឧត្តមអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ផងដែរថា៖ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ មានដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់លោក ឧត្តមសេនីយ៍ទោ គូ គឹមបេ ដែលជានាយសេនាធិការកងទ័ពបារាំង នឹងមកធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ហើយក្នុងដំណើរទស្សនកិច្ចរបស់លោកនាយសេនាធិការកងទ័ពបារាំងនៅកម្ពុជាលើកនេះដែរ គឺជាឱកាសមួយដ៏សំខាន់ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ រវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា៖ ឯកឧត្តមនឹងទទួលយករាល់សំណើររបស់អនុព័ន្ធយោធាបារាំង ទាំងផ្នែកនៃការផ្ដល់ការពង្រឹងពង្រីកផ្នែកភាសាបារាំង ការជួយបណ្ដុះបណ្ដាលផ្នែកកងរក្សាសន្តិភាព។ ហើយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ត់ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏បានស្នើសុំដល់ភាគី កងទ័ពបារាំងតាមរយៈលោកអនុព័ន្ធយោធាបារាំងប្រចាំនៅកម្ពុជា ឲ្យបន្តជួយដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ដែលឈរជើងនៅបណ្ដាប្រទេសនានា ព្រោះថាកម្លាំងទាំងនោះមិនមែនជាកម្លាំងប្រយុទ្ធមានអាវុធនោះទេ តែជាកម្លាំងដោះមីន និងមនុស្សធម៌តែប៉ុណ្ណោះ ដូច្នេះសូមជួយថែរក្សាការពារដល់កម្លាំងរបស់កម្ពុជានៅបណ្ដាប្រទេសទាំងនោះផង។ ចំណែកឯដំណើរទស្សនកិច្ចរបស់លោក ឧត្តមសេនីយ៍ទោ គូ គឹមបេ នាយសេនាធិការកងទ័ពបារាំងនៅកម្ពុជា ឯកឧត្តមស្វាគមន៍ជានិច្ចចំពោះដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់លោក គូ គឹមបេរ នៅកម្ពុជា និងនាំនូវការពិភាក្សាដ៏ល្អ នឹងទទួលបានផ្លែផ្កាក្នុងការពង្រឹងពង្រីក និងការអភិវឌ្ឍន៍រវាងកងទ័ពប្រទេសទាំងពីរកម្ពុជាបារាំងកាន់តែប្រសើរឡើង។ ដោយឡែកចំពោះការចង់ជួយរបស់បារាំង លើការសរសេរសៀវភៅសការពារជាតិ របស់ភាគីបារាំងសម្រាប់កម្ពុជា ឯកឧត្តមបញ្ជាក់ថា៖ កម្ពុជាទទួលស្វាគមន៍ជានិច្ច តែសូមឲ្យមានការពិភាក្សាលម្អិតនឹងទទួលការសម្រេចពីថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាជាមុនសិន ៕