ព័ត៌មាន

ពីធី​បើក​លំហាត់​ហ្វឹក​ហ្វឺន​រួម ​ស្តី​ពី​ការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ព្រំ​ដែន​គោក ​កម្ពុជា​-​វៀត​ណាម​ និង​ការ​ងារ​មនុស្ស​ធម៌​ឆ្នាំ​២០១៩​ នៅ​ភូមិ​ដូន​ទៃ ​ឃុំ​ទួល​ស្តី​ ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយ​រៀង​​
នាយកដ្ឋានព័ត៌មាន(៣)
263
1368 ពីធី​បើក​លំហាត់​ហ្វឹក​ហ្វឺន​រួម ​ស្តី​ពី​ការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ព្រំ​ដែន​គោក ​កម្ពុជា​-​វៀត​ណាម​ និង​ការ​ងារ​មនុស្ស​ធម៌​ឆ្នាំ​២០១៩​ នៅ​ភូមិ​ដូន​ទៃ ​ឃុំ​ទួល​ស្តី​ ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយ​រៀង​​

     យោងតាមកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស “NGO XUAN LICH” រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីក្នុង​ពីធី​បើក​លំហាត់​ហ្វឹកហ្វឺនរួម ស្តីពីការសង្គ្រោះគ្រោះមហន្តរាយព្រំដែនគោកកម្ពុជា វៀតណាម និងការងារមនុស្សធម៌ឆ្នាំ២០១៩ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

 សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស “NGO XUAN LICH” រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម 


     នៅក្នុងពិធីបើកលំហាត់ហ្វឹកហ្វឺននេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយស្នងការសង្គ្រោះគ្រោះមហន្តរាយ នៃកងទ័ពប្រជាជនវៀតណាម និងអាជ្ញាធរពាក់ព័ន្ធខេត្តស្វាយរៀង រួមគ្នារៀបចំលំហាត់ហ្វឹកហ្វឺននាពេលនេះ ដំណើរការទទួលលទ្ធផលប្រកបដោយផ្លែផ្កា ទៅតាមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀងគ្នានាពេលកន្លងមក ដែលជាមូលដ្ឋានគ្រឹះ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនគោកកម្ពុជា វៀតណាម។

     សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ ង៉ូ ស៊ុន លិច្ស​ ដែលបានបង្ហាញពីឆន្ទៈគាំទ្រ ការផ្តួចផ្តើមរៀបចំលំហាត់ហ្វឹកហ្វឺននាពេលនេះ សម្រាប់ធ្វើជាបទពិសោធន៍រៀបចំនាឆ្នាំក្រោយៗទៀត សំដៅលើកកម្ពស់សន្តិភាព និងស្ថេរភពតាំព្រំដែន ក៏ដូចជាជម្រុញទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត រួមចំណែកឲ្យកាន់តែស៊ីជម្រៅលើការជឿទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នា រវាងកងទ័ពប្រទេសទាំងពីរ។ លំហាត់ហ្វឹកហ្វឺននេះ បានបង្ហាញការសម្តែងនៅលើទីលាន និងការងារមនុស្សធម៌ ដែលជាការសង្គ្រោះគ្រោះមហន្តរាយ ដែលបង្កឡើងដោយសារការសាយភាយសារជាតិគីមី គឺជាឧប្បទ្ធវហេតុមួយនៅតាមព្រំដែន ដែលតម្រូវឲ្យប្រទេសទាំងពីរសហការរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះជាបន្ទាន់ ឲ្យរួចផុតពីការគ្រោះថ្នាក់។

     សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់បន្ថែមថា លំហាត់ហ្វឹកហ្វឺននេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍​មួយ​ក្នុងការធ្វើលំហាត់រួមគ្នា លើការជួយសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ សំដៅរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងជាភារកិច្ចដែលបន្តរៀបចំជារៀងរាល់ឆ្នាំ ដោយឈរលើមូលដ្ឋានពិធីសារ នៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំង២។ ទន្ទឹមនេះ លំហាត់ហ្វឹកហ្វឺននេះ នឹងលើកម្ពស់សមត្ថភាពដល់កងទ័ព អាជ្ញាធរពាក់ព័ន្ទគ្រប់លំដាប់ថ្នាក់ ជួយសម្របសម្រួលជូនប្រជាជន ដោយឈរលើស្មារតីរួបរួមគ្នា សាមគ្គីភាព មិត្តភាពកិច្ចសហប្រតិបត្តិការជួយសង្គ្រោះ ប្រជាជនដែលកំពុងរស់នៅតាមតំបន់ព្រំដែន ឲ្យរួចផុតពីការគ្រោះថ្នាក់ប្រកបដោយប្រសិទ្ធភាពថែមទៀត។

    សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនថា៖ ការរៀបចំលំហាត់ហ្វឹកហ្វឺននាថ្ងៃនេះ ធ្វើឡើងសំដៅពង្រឹង​សមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ដល់កងទ័ព អាជ្ញាធរពាក់ព័ន្ធ និងប្រជាជននៅតាមព្រំដែនប្រទេសទាំងពីរ សម្រាប់ចូលរួមឧប្បទ្ធវហេតុនៃគ្រោះមហន្តរាយផ្សេងៗទៀត ដែលអាចនឹងកើតឡើងជាយថាហេតុ ដោយគ្រោះមហន្តរាយធនធានធម្មជាតិ និងបច្ចេកវិទ្យា ដែលត្រូវការយើងទាំងអស់គ្នារួមចំណែក ដើម្បីឆ្លើយតបដោះស្រាយ ឲ្យបានទាន់ពេលវេលា។ តាមរយៈលំហាត់ហ្វឹកហ្វឹននេះ នឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា វៀតណាម ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដែលជាការបង្ហាញនូវបំណងប្រាថ្នារួមក្នុងការពង្រីកស្មារតី នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម រួមចំណែកដល់សន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពីព្រោះសន្តិភាព សន្តិសុខ​ និងស្ថិរភាពនៅតាមព្រំដែនប្រទេសទាំងពីរ គឺជាកត្តាស្នូលដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សំដៅជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដើម្បីផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរទៀតផង។ ជាមួយគ្នានេះ តាមរយៈលំហាត់រួមគ្នានាពេលនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យការពារជាតិ ទាំងនយោបាយ សន្តិសុខ ការទំនាក់ទំនងការទូតយោធាប្រទេសទាំងពីរ កាន់តែមានកម្រិតខ្ពស់ថែមទៀត ក្នុងការបង្កើនការចែករំលែកព័ត៌មាន កិច្ចសហការសម្របសម្រួលសកម្មភាពទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនានានៅតាមព្រំដែន ដូចជា ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការនាំចេញចូលទំនិញខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ជាដើម។ល។ ប្រការទាំងអស់នេះ ទាមទារឲ្យប្រទេសយើងទាំងពីរបន្តលើកកម្ពស់យល់ដឹងដល់ប្រជាជនអំពីសារៈសំខាន់ និងសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងព្រំដែនរួមមួយ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ។

     សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកទឹកចិត្តដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរកម្ពុជា វៀតណាម សូមបន្តធ្វើឲ្យកិច្ចសហប្រតិបត្តិការនេះ កាន់តែជិតស្នីទ្ធ និងស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបបានទាន់ពេលវេលា ទៅនឹងការគំរាមកំហែងផ្សេងៗនៅតាមព្រំដែន និងបញ្ហាប្រឈមនានា​ ដែលកំពុងកើតមានទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ មួយវិញទៀត លំហាត់ហ្វឹក​ហ្វឺន​នា​ពេលនេះ នឹងចែករំលែកបទពិសោធន៍ការងារកាន់តែល្អិតល្អន់ផុលផុសថែមទៀតអំពីបញ្ហាប្រឈម ដែលជាគន្លឹះក្នុងការលើកកម្ពស់ការជឿទុកចិត្តគ្នា រួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងវិបុលភាពនៅតាមព្រំដែន និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ក៏ដូចជាស្ថានភាពសង្គ្រោះគ្រោះមហន្តរាយ និងភាពអាសន្នផ្សេងៗទៀត ប្រកបដោយប្រសិទ្ធភាព ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ដែលជាធាតុចូលដ៏សំខាន់ ទាក់ទងទៅនឹងប្រធានបទ«លំហាត់ រួមគ្នាសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយសារការសាយភាយសារជាតិគីមី និងការងារមនុស្សធម៌» នាពេលនេះ។

     នៅក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស ក៏បានអញ្ជើញ​ជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាព មិត្តភាពកម្ពុជា-វៀតណាម ដែលជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម សម្រាប់បម្រើឲ្យការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការពារប្រទេសវៀតណាម ក៏បានជួយឧបត្ថម្ភជាឧបករណ៍ សម្ភារៈពេទ្យ និងទូកចល័ត សម្រាប់ប្រើប្រាស់ដល់ការងារសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការងារមនុស្សធម៌នៅព្រំដែនកម្ពុជា វៀតណាមផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ