ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ខ្វាន់​ ស៊ាម ​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ បង្គោល​ខណ្ឌ​សីមា​ព្រំ​ដែន​ និង​ផ្លូវ​ខ្សែ​ក្រវាត់ ​ព្រំ​ដែន​ កម្ពុជា-វៀតណាម​
នាយកដ្ឋានព័ត៌មាន(៣)
85
1463 នាយ​ឧត្តម​សេនីយ៍ ​ខ្វាន់​ ស៊ាម ​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ បង្គោល​ខណ្ឌ​សីមា​ព្រំ​ដែន​ និង​ផ្លូវ​ខ្សែ​ក្រវាត់ ​ព្រំ​ដែន​ កម្ពុជា-វៀតណាម​

     កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជា​ការ​រង​ និង​ជាមេបញ្ជាការ​ បញ្ជាការដ្ឋាន​វិស្វកម្ម ​អគ្គបញ្ជាការ ​អម​ដំណើរ​ដោយ ​ឯកឧត្តម សុខ រស់ អភិបាល​រង​ នៃ​គណៈ​អភិបាល​ខេត្ត​ស្វាយ​រៀង​ ព្រម​ទាំង ​ឯកឧត្តម ជាមេបញ្ជាការរង ស្នងការ ស្នងការរង និងនាយ​ទាហាន​ជំនាញជាច្រើនរូបទៀត នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានអញ្ជើញចុះត្រួតពិនិត្យបង្គោលខណ្ឌសីមាព្រំដែន និងផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា- វៀតណាម នៅភូមិសាស្រ្តស្រុករំដួល ស្រុកស្វាយទៀប ក្រុងបាវ៉ិត, ស្រុក​ស្វាយ​ជ្រុំ ស្រុក​កំពង់​រោទិ៍​ ច្រក​ព្រំ​ដែន​ចាប់​ពី​ ឃុំបុសមន ស្រុករំដួល ទៅដល់ស្វាយជ្រុំ​ រួមទាំងច្រកទ្វារអន្តរជាតិ​​បាវ៉ិត​ ព្រៃវល្លិ៍ ក្រសាំងជ្រុំ ​លើ​ទឹក​ដី​ខេត្ត​ស្វាយ​រៀង​។

    ឧត្តមសេនីយ៍ត្រី សុខ សុផល មេបញ្ជាការកងឯកភាពស្ថាបនា ផ្លូវ -ស្ពាន លេខ៧១៥ និងឧត្តមសេនីយ៍ត្រី អេង​ គឹម​អូន​ មេបញ្ជាការ​កង​ឯកភាព​ស្ថាបផ្លូវលេខ៧១៨ បានរាយការណ៍អំពីលទ្ធផល នៃការកសាងបង្គោលខណ្ឌសីមាព្រំដែន និងការស្ថាបនាផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម លើទឹកដីស្រុករំដួល-ស្វាយទាប-បាវ៉ិត-កំពង់រោទិ៍ និងស្វាយជ្រុំ ដោយបានបញ្ជាក់ថា៖ ក្នុងរយៈពេលកន្លងមក កងឯកភាពទាំង២យកចិត្តទុកដាក់ ខិត​ខំ​ប្រឹង​ប្រែ​ង​ជំនះ​រាល់​ឧបសគ្គ​ និងការលំបាក​ទាំងឡាយ​ ពុះពាររាល់ការលំបាកស្មុគស្មាញយ៉ាងច្រើនក្នុងការកសាង​បង្គោល​ខណ្ឌ​សីមាព្រំ​ដែន និងការស្ថាបនាផ្លូវខ្សែក្រវ៉ាត់ព្រំដែន រហូតសម្រេចលទ្ធផលយ៉ាងច្រើនគួរឲ្យ​កត់​សម្គាល់​។​

    មានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខកងកំលាំងវិស្វកម្មនាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងឯកភាពទាំង២ ដែលបានយកចិត្តទុក​ដាក់ ​អនុវត្តរាល់ការងារ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុតប្តូរផ្តាច់បំផុត​ជម្នះ​រាល់​ឧបសគ្គ​ គ្រោះថ្នាក់​ការ​លំបាក​ស្មុក​ស្មាញ​ទាំង​ទ្បា​យ បង្កើតបាននូវស្នា​ដៃ​ជា​ប្រវត្តិសាស្រ្ត​ ទុកឲ្យមនុស្សជំនាន់ក្រោយ​ ហើយវត្តមាន​កងកម្លាំងវិស្វកម្ម ដែលបានអនុវត្តភារកិច្ចនៅទីនេះ បានចូលរួមបោះបង្គោលព្រំដែន ធ្វើផ្លូវខ្សែក្រវ៉ាត់ព្រំដែន ដែលនឹងធ្វើអោយតំបន់នេះ មានការអភិវឌ្ឍន៍លើគ្រប់វិស័យថែមទៀតនៅថ្ងៃខាងមុខ ជាពិសេសបានបង្កលក្ខណៈងាយស្រួលដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង ក្នុងការបំពេញភារកិច្ច ការ​ពារអធិបតេយ្យ បូរណភាពទឹកដី ទប់ស្កាត់រាល់បទល្មើសផ្សេងៗបាន ទាន់ពេលវេលា ថែមទៀត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម មានប្រសាសន៍ណែនាំក្រើនរំឭក ដល់កងឯកភាពទាំង២ ត្រូវយកចិត្តទុកដាក់ បន្តធ្វើការស្ថាបនារាល់សំណង់ ឲ្យបានត្រឹមត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស សំដៅធានាឲ្យសំណង់គ្រប់យ៉ាងរបស់យើង ធានាបាននូវសោភ័ណភាព និងគុណភាព រឹងមាំជាប់យូរអង្វែង ដើម្បីរួមចំណែកក្នុងការកសាងខ្សែព្រំដែនជាមួយប្រទេសជិតខាង ឲ្យក្លាយជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមអនុសាសន៍របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រីបាន​ដាក់​ចេញ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ