ព័ត៌មាន

កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន ​អូស្រ្តាលី​ នៅ​ហាណូយ ​ប្រទេស​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
86
1465 កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន ​អូស្រ្តាលី​ នៅ​ហាណូយ ​ប្រទេស​វៀត​ណាម​

     បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន រួចមក នៅរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​ពិ​ជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋម​​ន្រ្តី​​ក្រសួងការពារជាតិ អម​ដោយដោយ​ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេច​ពិ​ជ័យ​សេនា រដ្ឋម​​ន្រ្តី​​ក្រសួងការពារជាតិ និង​​​​​​ជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ បានបន្ត​អញ្ជើញ​ចូល​រួម​​ក្នុងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន អូស្ត្រាលី បន្តទៀត ដែលបាន​ប្រព្រឹត្ត​ទៅនៅសណ្ឋាគារមីលៀ នៅ​ក្នុង​ទី​ក្រុង​ហា​ណូយ ​សាធារណរ​ដ្ឋ​សង្គម​និយម​វៀតណាម។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក​ជំទាវ​ លី​នដា​ រេ​ណូល ​(​Linda​ Reynolds​) រដ្ឋមន្ត្រីការពារជាតិ​​អូស្ត្រាលី ព្រមទាំងមានការចូលរួមពីបណ្តា​រដ្ឋមន្ត្រីការពារជាតិ ជាសមាជិក​ប្រទេសអាស៊ាន ​ចូល​រួម​ផងដែរ។

      ថ្លែងបើកក្នុងឱកាសនោះ ឯកឧត្តម ង៉ូ ស៊ុន លិច្ស រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេសវៀតណាម បានមានប្រសាសន៍ថា៖ នេះគឺជាកិច្ចប្រជុំក្រៅផ្លូវការលើកទី១ រវាងមន្ត្រីការពារជាតិអាស៊ាន អូស្ត្រាលី ដើម្បីផ្លាស់ប្ដូរទស្សនៈ​ស្ដី​ពី​ការ​ប្រែប្រួល​ ស្ថានភាព សន្តិសុខ នៅក្នុងតំបន់ ក៏ដូចជាជំរុញកិច្ចសហប្រត្តិការរវាង អាស៊ាន និង អូស្ត្រាលី។ ឯកឧត្តម បានបញ្ជាក់ថា៖ ទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលី ត្រូវបានចាប់ផ្ដើមនៅឆ្នាំ១៩៧៤។ អូស្ត្រាលី​គឺ​ជា​ប្រទេសជាដៃគូធ្វើការជាមួយអាស៊ាន​ នៅលើសសរស្តំទាំងបី ក៏ដូចជាកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេង​ទៀត​ របស់អាស៊ានផងដែរ​ ប្រទេសអូស្ត្រាលីបានក្លាយទៅជាដៃគូមួយដ៏សំខាន់បំផុត នៅគ្រប់វិស័យទាំងអស់​របស់អាស៊ាន។ ទាក់ទងនឹងកិច្ចសហការការពារជាតិ ឯកឧត្តម បានថ្លែងអំណរគុណចំពោះអូស្ត្រាលី​ ដែលតែង​តែគាំទ្រតាមរយៈយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​បូក និងក្រុមការងារជំនាញរបស់​កិច្ចប្រជុំរដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ានបូក​ ហើយឯកឧត្តមសង្ឃឹមថា៖ ភាគីទាំងពីរនឹងធ្វើការជាមួយគ្នាថែមទៀត ដើម្បីពិភាក្សា​គ្នា​ ក្នុងការជំរុញកិច្ចសហប្រតិការនៅលើវិស័យផ្សេងៗ ដែលជាផលប្រយោជន៍រួម។

     ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំក្រៅផ្លូវការ​រដ្ឋមន្រ្តីការពារជាតិអាស៊ាន អូស្ត្រាលី នាពេលនោះដែល លោក​ជំទាវ លីន​ដា​ រេណូល​ (Linda Reynolds​) រដ្ឋមន្ត្រីការពារជាតិ​​អូស្ត្រាលី បានលើកឡើងពីផលប៉ះពាល់ជំងឺកូរ៉ូណា វីរុសថ្មី ដែលបានកើតមានឡើងនៅតំបន់របស់យើង។ លោកជំទាវបញ្ជាក់ថា៖ ចំពោះប្រទេសអាស៊ាន និងអូស្ត្រាលី គឺតែង​តែធ្វើទំនាក់ទំនងគ្នាទៅវិញទៅមក គាំទ្រគ្នា​ទៅវិញទៅមក ហើយជាពិសេសនៅពេល​ដែល​មាន​គ្រោះ​អន្តរាយ​កើត​ឡើង​ក្នុង​តំបន់ ​។ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលបំណងរបស់អូស្ត្រាលី គឺចង់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសន្តិសុខ ដើម្បី​ដោះស្រាយបញ្ហាប្រឈមរួមគ្នា និង​រៀបចំសណ្តាប់ធ្នាប់សន្តិ​សុខ​មួយ​នៅក្នុងតំបន់ឲ្យបានល្អប្រសើរ។

      ថ្លែងទៅកាន់កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្រ្តីការពារជាតិអាស៊ាន អូស្ត្រាលី នា​ឱកាសនោះ​ដែរ​ សម្តេច​ពិ​ជ័យ​​សេនា​ ទៀ បាញ់ ​បានមានប្រសាសន័ថា៖ ទំនាក់ទំនងរវាងអាស៊ាន និងអូស្រ្តាលី គឺជាអន្តរកម្មមួយ ដែលពោរពេញទៅដោយសក្តានុភាព និងសារៈសំខាន់។ វឌ្ឍនភាព នៃទំនាក់ទំនងអាស៊ាន អូស្រ្តាលី បានបន្តជំរុញអោយមាន​សន្តិភាព ស្ថេរភាព វិបុលភាព និងការអភិវឌ្ឍន៍ នៅក្នុងតំបន់។ កិច្ចសហប្រត្តិបត្តិការអាស៊ាន អូស្រ្តាលីបាន​បង្ហាញនូវផ្លែផ្កាវិជ្ជមាន​យ៉ាងច្រើន ក្នុងកំឡុងពេលប៉ុន្មានឆ្នាំក្រោយនេះ​ ជាក់ស្តែងតាមរយៈយន្តការកិច្ចប្រជុំ​រដ្ឋមន្រ្តីការពារជាតិ ​អាស៊ាន​បូក​។​ កិច្ចសហប្រត្តិបត្តិការអាស៊ាន អូស្រ្តាលី បានជំរុញអោយមានទស្សនរួម ក្នុង​ការ​ចូល​រួមប្រត្តិបត្តិការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់។ សម្តេចពិជ័យសេនា បាន​សំដែងនូវសុទិដ្ឋិនិយមថា៖ ទំនាក់ទំនង និងភាពសហការណ៍ជាដៃគូល្អ​ រវាងអាស៊ាន-អូស្រ្តាលី នឹង​បន្ត​ពង្រឹង​ និង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជនអាស៊ាន និ​ងអូស្រ្តាលី​។ ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការ​រវាង កម្ពុជា ​និងអូស្រ្តាលី សម្តេច​ពិ​ជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ភាគីអូស្ត្រាលីបានបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ យូអង្វែងជាមួយនិងក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ ក្នុងវិស័យជាច្រើន  ដែល​ក្នុង​នោះ​មាន​ដូច​ជា​ កិច្ចការ​វិវេចនាយុទ្ធសាស្រ្តការពារជាតិ និងសន្តិសុខលម្ហសមុទ្រ ក៏ដូចជាការជួយជ្រោមជ្រែងនានា រួមទាំងការបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស។ លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការ កម្ពុជា-អូស្រ្តាលី ក៏ត្រូវបានជំរុញលើកកម្ពស់ ដែលចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៧នេះ អូស្ត្រាលីបានបញ្ជូន នាវាកងទ័ពជើងទឹកចំនួន ១៥ មកទស្សនកិច្ចនៅកម្ពុជា ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ការផ្លាស់​ប្តូរ​បទ​ពិសោធន៏ ​និងហ្វឹកហ្វឺនកងទ័ពជើងទឹកម្ពុជា ក៏ដូចជាការផ្តល់ជំនួយផ្នែកអន្តរាគមន៍ ក្នុងកិច្ចការមនុស្សធម៌ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ