ព័ត៌មាន

ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត​ ជួប​ពល​ទាហាន​ថ្មី ​នៅ​សាលា​ពល​ទាហាន​ទី​៣​
នាយកដ្ឋានព័ត៌មាន(៣)
37
1508 ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត​ ជួប​ពល​ទាហាន​ថ្មី ​នៅ​សាលា​ពល​ទាហាន​ទី​៣​

     ការស្ម័គ្រចិត្តចូលបម្រើកងទ័ព មិនមែនត្រឹមតែជាការប្តូរមកពាក់ឯកសណ្ឋានតែប៉ុណ្ណោះទេ។ ក្នុងនាមជា​កង​ទ័ព គឺត្រូវយល់ដឹង​អំពីតួនាទីភារកិច្ចកងទ័ព, វិន័យសណ្តាប់ធ្នាប់ជួរទ័ព និងចំណេះដឹងយោធាផ្សេងៗ ដោយ​ត្រូវ​ឆ្លង​កាត់​ការ​ហ្វឹក​ហ្វឺន​ត្រឹម​ត្រូវ​ និងតឹងរ៉ឹង។ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការកង​ទ័ព​ជើង​គោក​ ថ្លែងក្នុងពិធី​ជួប​សំណេះសំ​ណាល ​ជា​មួយ​ពល​ទាហានថ្មី​ ដែលទើបត្រូវបានជ្រើសរើសបំពេញក្របខ័ណ្ឌឱ្យ​កង​ទ័ព​ជើង​​​​គោក ឆ្នាំ២០២០ កំពុងហ្វឹក​ហ្វឺន​រៀន​សូត្រ​ នៅ​ក្នុងមជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក ​និង​នៅ​សាលាពល​ទាហាន​ទី៣ ​យោធ​ភូមិ​ភាគ​ទី៣ ​ខេត្ត​កំពង់​ស្ពឺ,​ ថ្ងៃទី១៦​ ខែ​មីនា​ ឆ្នាំ២០២​០។​

ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការកង​ទ័ព​ជើង​គោក​ 


     ឯកឧត្តម បន្តថា៖ ពិតណាស់ វគ្គហ្វឹកហ្វឺនរយៈពេល ០៣ខែនេះ ទោះបីជាមានរយៈពេលមិនវែង ប៉ុន្តែចាប់ពីថ្ងៃទី១មក វគ្គហ្វឹកហ្វឺននេះ បានផ្តល់ឱ្យពលទាហានថ្មីនូវចំណេះដឹង និងបទពិសោធន៍ជាច្រើន ដូចជាការយល់ដឹង​អំពី​ជីវិត​ជា​កង​ទ័​ព របៀប​របប​ការងា​រ​កង​ទ័ព​, ចេះ​លះប​ង់​ភាព​ជា​បុគ្គល​ដោយ​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​ជា​ក្រុម​,​ ចេះ​ជួយ​យក​អាសារ​គ្នា​ក្នុ​ង​គ្រាលំបាក,​ ​ទទួលបានការយល់ដឹងអំពីតួនាទីភារកិច្ចកងទ័ព និងសណ្តាប់​ធ្នាប់​ជួរ​ទ័ព​ ព្រ​មទាំង​យុទ្ធ​វិធី​យោធា,​ ​ចំណេះ​ដឹង​យោធា​, ​ឋានលេខា,​ ​និង​ក្បួន​ច្បាប់​វិន័យ​យោធា ​ដែលមិនអាចហ្វឹក​ហ្វឺន​រៀន​សូត្រ​នៅ​ក្នុ​ងគ្រឹះ​ស្ថា​នអប់រំ​ស៊ីវិល​បាន​ឡើយ។​ ​ម្យ៉ាងវិញទៀត វគ្គហ្វឹកហ្វឺននេះ ក៏ជាមូលដ្ឋានសំខាន់ ដើម្បី​ឱ្យពលទាហានថ្មី មានសមត្ថភាពចេញទៅបំពេញភារកិច្ចនៅតាមបណ្តាអង្គភាព ក៏ដូចជាដើម្បីឱ្យពួកគេក្តាប់ជាប់នូវតួនាទី និងភារកិច្ចចាប់ពីថ្នាក់ពលទាហានទៅ មុននឹងអាចទទួលបានចំណេះដឹងបន្ថែមពីការអនុវត្ត​ការ​ងា​រជាក់​ស្តែង​ ឬបន្តរៀនសូត្រទៅមុខ ហើយដែលថ្ងៃក្រោយក៏អាចនឹងក្លាយខ្លួនជានាយទាហានប្រកប​ដោយស​មត្ថភាព​ផង​ដែរ​។​

     ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា​៖ ការស្រូបយកចំណេះដឹង និងទាញយកអត្ថប្រយោជន៍​ជាក់​ស្តែង​ចេញ​ពី​វគ្គ​ហ្វឹកហ្វឺននេះ គឺអាស្រ័យលើកម្រិតនៃការតស៊ូព្យាយាមយកចិត្តទុកដាក់​របស់​ខ្លួន​យើង​ម្នាក់ៗ​ ដូច្នេះសូមផ្តាំផ្ញើសិក្ខាកាមទាំងអស់​ ឱ្យយកចិត្តទុកដាក់រៀនសូត្រ, ខិតខំគោរពវិន័យ, ត្រងត្រាប់ស្តាប់​ការ​បង្រៀន​រប​ស់យោធាចា​រ្យ​ និ​ងតស៊ូប្រឹងប្រែងលុតដំខ្លួន ដើម្បីឱ្យម្នាក់ៗក្លាយជាយោធិនល្អ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​សម្រាប់​អនាគត​ខ្លួន​ឯង​ និង​អនាគត​កង​ទ័ព​យើង​ ហើយ​ក៏ត្រូវពង្រឹងស្មារតីរួបរួមសាមគ្គី​គ្នា​, បង្កើត​ និង​រក្សាមិត្តភាព​ឱ្យបានទៅ​ថ្ងៃ​ក្រោយ​ទៀត​ មុននឹ​ង​ទទួលការចាត់តាំងឱ្យទៅបំពេញភារកិច្ច​នៅ​តាម​បណ្តា​អង្គភាព​ ក្រោយ​ពី​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ