ព័ត៌មាន

ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ ជួប​ពល​ទាហាន​ថ្មី​ នៅ​សាលា​ពល​ទាហាន​ទី២​
នាយកដ្ឋានព័ត៌មាន(៣)
29
1511 ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ ជួប​ពល​ទាហាន​ថ្មី​ នៅ​សាលា​ពល​ទាហាន​ទី២​

     សូម​អរគុណពល​ទាហានថ្មី ដែលស្ម័គ្រចិត្តរើសអាជីពជាកងទ័ព បម្រើជាតិមាតុភូមិ ដើម្បីការពារសុខសន្តិភាព​ និងស្ថិរភា​ពរបស់​ជាតិ​យើង​។​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយពលទាហានថ្មី  ដែល​ទើប​ត្រូវ​បាន​ជ្រើស​រើសបំពេញក្រប​ខណ្ឌ​ ឱ្យកងទ័ពជើងគោក ឆ្នាំ២០២០ ក្នុងឱកាស​នៃ​ដំណើរទស្សនកិច្ចនៅ​សាលា​ពល​ទាហាន​ទី២​ យោធភូមិភាគទី២ ខេត្តត្បូងឃ្មុំ កាល​ពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២០។

     ឯកឧត្តម បានបន្តថា៖ ការស្ម័គ្រចិត្តចូលបម្រើកងទ័ព គឺជាឆន្ទៈក្នុងការចូលរួមបន្តវេន​ ពីនាយទាហាន នាយ​ទាហាន​រង​ ពលទាហានជំ​នាន់​មុន​ ដែល​គាត់បានធ្វើការតស៊ូ​តាំង​ពី​​រំដោះប្រទេស​ ក្នុង​ឆ្នាំ​១៩៧៩ ហើយក៏បាន​ខិត​ខំ​កសាង​ ស្តារឡើងវិញ និងថែរក្សាបាននូវសុខសន្តិភាព, បូរណភាពទឹកដី និងការអភិវឌ្ឍ បន្សល់ទុក​ឱ្យ​យើង​ដូច​សព្វថ្ងៃ​។ ដើម្បី​ប្រែ​ក្លាយ​ឆន្ទៈស្ម័គ្រ​ចិត្ត​នេះ​ឱ្យ​ទៅ​ជា​សមត្ថភាព​ជាក់​ស្តែង ​រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ឱ្យ​មាន​វគ្គហ្វឹកហ្វឺនបែបនេះ ក្នុងគោលបំណងឱ្យពលទាហានថ្មី​យើង​ មានការយល់ដឹងអំពីវិន័យ និង​បទ​ប្បញ្ញតិ្ត​កង​ទ័ព​ និងចេះជំនាញយោធា​បាន​ច្បាស់​លា​ស់។​ ដូច្នេះហើយ ការហ្វឹកហ្វឺនដំបូងនេះ គឺសំខាន់​ណាស់​សម្រាប់​ជីវិត​ជា​កង​ទ័ព​ របស់ពលទាហានថ្មី ព្រោះជាមូលដ្ឋានគ្រឹះ​ នៃការបង្ហាត់បង្រៀនឱ្យ​មាន​ការ​គោរព​វិន័យ​ និងការគ្រប់គ្រ​ងខ្លួន​ឱ្យ​ស័ក្តិសម​ជា​យោធិន​ នៃកងយោធពល​ខេមរភូមិន្ទ។ វិន័យធ្វើឱ្យយោធិន​ម្នាក់ៗ​មាន​ការ​ឯកភាព​គ្នា ​រួបរួមគ្នា និងជួយគ្នា។

     ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ អ្វីដែលសំខាន់​នៅ​ក្នុង​រយៈពេល​ នៃវគ្គហ្វឹកហ្វឺននេះ គឺសូមឱ្យយកចិត្ត​ទុក​ដាក់​តស៊ូព្យាយាមក្នុងការហ្វឹកហ្វឺន ក្រេបយកឱ្យអស់លទ្ធភាពនូវ​ចំណេះ ​និងជំនាញ ព្រោះកម្រិតនៃការយល់​ដឹង​ក្រោយ​ពី​បញ្ចប់​វគ្គ​ គឺអាស្រ័យ​ទៅ​លើការ​ខិត​ខំ​ប្រឹងប្រែង​រប​ស់បុគ្គល​ម្នាក់​ៗ​ផ្ទាល់​។ ការទទួលបានការជ្រើស​រើស​ និង​ឈាន​រហូតមក​ដល់​ការចូលរួមវគ្គហ្វឹកហ្វឺននាពេ​លនេះ ​គឺជាជោគជ័យ​មួយជំហាន​ហើយ​ ដូច្នេះធ្វើយ៉ាង​ណាខិ​ត​ខំប្រឹងប្រែង​បន្ត​ទៀត​ ឱ្យអស់លទ្ធភាព​ ដើម្បីអនាគតរបស់ខ្លួន ហើយសូមបង្កើតចំណងមិត្តភាព​ឱ្យ​បាន​ច្រើ​នទាំង​ជាមួយយោធាចារ្យ ក៏ដូចជាជាមួយមិត្តរួមជំនាន់ ដើម្បីជាអនុស្សាវរីយ៍នៃមិត្តភាព និងសាមគ្គីភាព ​ដែល​នឹង​គង់​វង្សស្ថិតស្ថេរ ទោះបីក្រោយពេលបញ្ចប់វគ្គក៏ដោយ។

     ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអរគុណប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច​ និងហិរញវត្ថុ, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានយកចិត្តទុក​ដាក់​ឧបត្ថម្ភគាំទ្រ សម្រួលដល់ការធានាផ្គត់ផ្គង់ដំណើរការ​នៃ​វគ្គហ្វឹកហ្វឺននេះ ហើយក៏សូមកោតសរសើរ និង​វាយ​តម្លៃ​ខ្ព​ស់ចំពោះយោធភូមិភាគទី២ និងសាលាយោធភូមិភាគទី២ ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំ ​រៀបចំ អនុវត្តវគ្គហ្វឹកហ្វឺ​ននេះ​ឱ្យដំណើរការរលូន និងសូមជូនពរឱ្យការហ្វឹកហ្វឺននេះទទួលបាននូវជោគ​ជ័យ​ និង​សុវត្ថិភាព ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ