ព័ត៌មាន

សន្និបាត​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នំា​២០១៩​ និង​ទិស​ដៅ​ការ​ងារ​ឆ្នំា​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
30
1515 សន្និបាត​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នំា​២០១៩​ និង​ទិស​ដៅ​ការ​ងារ​ឆ្នំា​២០២០​

     អស់រយៈពេល​២​ថ្ងៃ​កន្លង​មក​ គឺ​ថ្ងៃទី១៨ និង១៩ ខែមីនា ឆ្នាំ២០១៩ ​សន្និបាតបូកសរុបលទ្ធផល ការងារប្រចាំ​ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តរតនគីរី បានប្រព្រឹត្តិទៅ ដោយជោគជ័យ ។ អង្គសន្និបាតត្រូវបានអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯ.ឧ ជៀង អំ ប្រធានក្រុម​ការ​ងារ​រាជរដ្ឋាភិបាលចុះ​មូល​ដ្ឋាន​ខេត្ត​រត​នគីរី។

      ឯ.ឧ ជៀង អំ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ​ នៃរដ្ឋបាលគ្រប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្រ្តី រាជការ កងកម្លាំងមាន​សមត្ថកិច្ច​ទាំងអស់ ដែលបានរួមគ្នាបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួល ខុសត្រូវ សម្រេចបានសមិទ្ធផល លើគ្រប់វិស័យ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ​ និង​បន្តកាត់បន្ថយ​ភាព​ក្រីក្រ​របស់ប្រជាពលរដ្ឋ។ ឯ.ឧ បានថ្លែងណែនាំកិច្ចការសំខាន់ៗ ដែលត្រូវរួមគ្នា​ខិត​ខំ​សម្រេច​ឱ្យ​បាន​នៅ​ក្នុងឆ្នាំ២០២០ ត្រូវពង្រឹង សន្តិភាព និងស្ថិរភាពនយោបាយរាជរដ្ឋាភិបាលកម្ពុជា បាន​ផ្តល់​នូវ​គុណត​ម្លៃ​ខ្ពស់​បំផុត ​ចំពោះការថែរក្សាសុខសន្តិភាព ស្ថិរភាព​នយោបាយ ការពង្រឹង និងពង្រីកដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ​ការ​លើក​ស្ទួយសិទ្ធិ​សេរីភាពគ្រប់​បែប​យ៉ាង​រប​ស់ប្រជាពលរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ និងច្បាប់ជា​ធរមាន ដែលជាមូលដ្ឋាន នៃការអភិវឌ្ឍប្រទេសជាតិ​ ប្រកបដោយចីរភាព និងភាព​សុខ​ដុមរមនាក្នុងសង្គម​។​ ជំរុញបំផុសចលនាប្រជាជន ចូលរួមក្នុងការអនុវត្តគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា​ នៅតាម​មូល​ដ្ឋាន​របស់​ខ្លួន ​ដូចជា​៖ ​សកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែង ស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម។ 

ឯកឧត្តម​ ជៀង អំ ប្រធានក្រុម​ការ​ងារ​រាជរដ្ឋាភិបាលចុះ​មូល​ដ្ឋាន​ខេត្ត​រត​នគីរី


      ឯ.ឧ ជៀង អំ បន្តថា៖ អំពីការអភិវឌ្ឍទីក្រុង ស្របនឹងការរីកចម្រើន​រប​ស់ប្រទេសជាតិ​ ទីក្រុង ទីប្រជុំជននានា​ កំពុងមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស។ ទន្ទឹមការកើនឡើង នៃទំហំទីក្រុង ទីប្រជុំជនក្នុងខេត្ត​រតនគីរី​ ក៏​លេចឡើងនូវបញ្ហាប្រឈមនានាជាច្រើន ដូចជា​​​បញ្ហាគ្រប់គ្រងគុណភាពសំណង់ ​សំរាម កាកសំណង់រឹងរាវ និងបញ្ហាសណ្តាប់ធ្នាប់ អនាម័យ សោភណ្ឌភាព ដែលចាំបាច់ត្រូវគិតគូរអំពីវិធានការ និងដំណោះស្រាយ លើបញ្ហា​ប្រឈម​ទាំង​នោះ ឲ្យបានសមស្រប និងទាន់ពេលវេលា។ ក្នុងនោះការរៀបចំប្លង់គោលអភិវឌ្ឍន៍ទីក្រុង ទីប្រជុំ​ជន​គឺ​ ​ជាបញ្ហាជា​អាទិភាព​ ដើម្បីតម្រង់ទិសការអភិវឌ្ឍទីក្រុង ទីប្រជុំជនប្រកបដោយនិរន្តរភាព។ ឯ.ឧ បាន​បន្ត​ថា​៖ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋានត្រូវបន្តជំរុញ និងលើកកម្ពស់​ការ​ផ្តល់សេវាសាធារណៈនានា​ ជូន​ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព  ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុង​មាន​កា​រអភិវឌ្ឍ​រីក​ចម្រើន​​យ៉ាង​ឆាប់​រហ័ស។​ ចំពោះការផ្តល់សេវា​រដ្ឋបាល​ តាមអង្គភាពច្រកចេញចូលតែមួយ នៅ​ថ្នាក់​រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាល ហេតុនេះ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ត្រូវបន្តលើក​កម្ពស់​ស្មារតីទទួលខុសត្រូវ និងគណនេយ្យភាពក្នុង​ការ​គ្រប់គ្រ​ង ចាត់​ចែង ​និង​ផ្តល់​សេវា​នានា​ នៅ​តាម​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ ​និង​បន្ត​រៀបចំ​យន្តការ​ ច្រក ចេញចូលតែមួយ​ នៅថ្នាក់​រដ្ឋបាល​ ដែលមិនទាន់បាន​បង្កើត ដើម្បីធានាឲ្យប្រជាពលរដ្ឋទទួលបានសេវា​រដ្ឋបាល​កាន់​តែ​ងាយ​ស្រួល​ កាន់​តែ​ឆាប់​រហ័ស​ មាន​តម្លាភាព​ និង​គណ​នេយ្យ​ភាព​។ ឯ.ឧ ជៀង អំ បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់​ ត្រូវចូលរួមថែរក្សាសុខភាព​ ដោយរស់​នៅ​ដោយ​អនាម័យ​ លាង​ដៃសម្អាត​ និង​សាប៊ូ​ ចៀស​ឆ្ងាយ​ពី​ជំងឺផ្សេងៗ ​ជាពិសេស​ជំងឺ​ថ្មី ​Covid-19​ ដែល​កំពុងរាត​ត្បា​ត​ជាង​១០០​ប្រទេស​ នៅលើសកលលោក។ ដោយតបតាមការ​អំពាវ​នាវ​របស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា ​ឲ្យបងប្អូន​ប្រជាពល​រដ្ឋយើង​ប្រើប្រាស់ក្រមា​ខ្មែរ​ថែ​រក្សា​សុខភា​ព​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ