ព័ត៌មាន

ឯកឧត្តម​ គង់ ​សាលី ​ក្រុម​គ្រូ​ពេទ្យ​ចិន​ បង្រៀន​ដល់​ក្រុម​គ្រូ​ពេទ្យ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
42
1526 ឯកឧត្តម​ គង់ ​សាលី ​ក្រុម​គ្រូ​ពេទ្យ​ចិន​ បង្រៀន​ដល់​ក្រុម​គ្រូ​ពេទ្យ​កម្ពុជា​

     ក្រុម​គ្រូពេទ្យ អ្នកជំនាញវេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងវីរ៉ុសកូវីដ១៩ នៃកងទ័ពរំដោះប្រជាជនចិន បានបង្ហាត់បង្រៀនពីវិធានការទប់ស្កាត់ និងការព្យាបាលដល់ក្រុមគ្រូពេទ្យបង្គោល នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅឯមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីប្រយុទ្ធបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើម ដោយសារវីរ៉ុសកូវីដ១៩ ឲ្យមានប្រសិទ្ធភាពនៅកម្ពុជា។

     ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ សាលី អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយក នាយកដ្ឋានសុខាភិបាល តំណាង ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ថ្លែងការកោតសរសើរចំពោះក្រុមជំនាញ​វេជ្ជសាស្ត្រ​ប្រយុទ្ធ​ប្រឆាំ​ង​វីរ៉ុសកូវីដ១៩ ចំនួន៤នាក់ មកពីកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ លោក​វរសេនីយ៍​ឯក​ពិសេស ​ជាង​ ជែ​ហ្វូ ​ប្រធានក្រុមគ្រូ​ពេទ្យ​ អ្នកជំនាញវេជ្ជសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​កូវីដ​១៩​ ដែល​បានមកជួយបង្ហាត់បង្រៀនក្រុម​គ្រូ​ពេទ្យ​បង្គោល​ ក្នុងកងយោធពល​ខេមរភូមិន្ទ នាពេលនេះ ដោយយោងតាមស្ថានភាពជាក់ស្តែង នៃការរីករាល​ដាលជំងឺកូវីដ១៩​នៅកម្ពុជា និងតាមសំណូមពររបស់​អនុព័ន្ធ​យោធា​ចិន​ប្រចាំក​ម្ពុជា​, ក្រសួងការពារប្រទេស​ចិន​ ក៏​បានចាត់តាំងក្រុមការងារចំនួន​៤រូប ​រួមជាមួយឧបករណ៍ សម្ភារៈមួយចំនួន មកកម្ពុជា, ដែលនេះ​ជា​ក្រុម​ទី១​ ចេញមកបំពេញបេសកកម្មនៅក្រៅប្រទេស។ គ្រូពេទ្យទាំង៤រូបនេះ​ រួមមាន​ សាស្ត្រាចារ្យ ៣រូប សាស្ត្រាចារ្យរង១រូប មានជំនាញជំងឺឆ្លង សម្លាប់មេរោគ រកមេរោគ​បង្កា​រ និងមានភារកិច្ចស្រាវជ្រាវ ហ្វឹកហ្វឺនបច្ចេកទេស ហើយក្នុងពេលដំណើរការក្រុមការងារនេះ បានរៀបចំផែនការគ្រប់ជ្រុងជ្រោ​យទាំង​ឧបករណ៍ ​សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទ តភ្ជាប់ពីជួរមុខដល់ជួរក្រោយ។

     លោកវ​រសេនីយ៍​ឯក​ពិសេស​ ជាង ជែហ្វូ ក៏បានមានប្រសាសន៍ថា៖ ចំពោះវិធានការ​ដែល​ត្រូវ​បង្ហាត់បង្រៀនក្រុម​គ្រូ​ពេទ្យ​បង្គោល​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ នៅថ្ងៃនេះ រួមមាន៖ ទី១/​ ការ​គ្រប់​គ្រង​អ្នកឆ្លងវីរុសកូវីដ​១៩​ ឲ្យមានវិធីសាស្ត្រល្អ ដាក់ដាច់ដោយឡែក ស្វែងរកអ្នកប្រាស្រ័យទំនាក់ទំនង ដើម្បីធ្វើការវិនិច្ឆ័យបន្ត។ ទី២/  កាត់​ផ្តាច់​ការចម្លងបន្ត កុំឲ្យមានការកើនឡើង ការពារផ្ទាល់ខ្លួនតាមរយៈពាក់ម៉ាស និងថែរក្សាអនាម័យជាប់ជាប្រចាំ និងទី៣/ មានវិធានការការពារមន្ត្រីជួរមុខ នោះគឺក្រុមគ្រូពេទ្យព្យាបាលជម្ងឺ ឆ្លងវីរុសកូវីដ១៩ តាម​រយៈ​ប្រើ​ប្រាស់ឧបករណ៍ សម្ភារ និងមធ្យោបាយគ្រប់ប្រភេទតាមលក្ខណៈបច្ចេកទេស។ បច្ចុប្បន្ននេះ ជំងឺ​កូវីដ​​១៩​កំពុងរីករាលដាលពាសពេញពិភពលោក ប៉ុន្តែកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន​ បាន​រួមចិត្តតែមួយ គៀក​ស្មាគ នាដើម្បីប្រយុទ្ធប្រឆាំងជំងឺដ៏​លំបាក​មួយ​នេះនៅ​កម្ពុជា ពីព្រោះរដ្ឋាភិបាល ប្រជាជន និងកង​ទ័ព​ចិន មិនអាចបំភ្លេចបានឡើយ នៅពេលដែលកម្ពុជាជួបការលំបាកនៅការរីករាលដាលជំងឺ​កូវីដ១៩នេះ ដូចនេះ យើងត្រូវស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ នា​ពេល​កន្ល​ងមក​ នៅ​ពេល​ប្រទេស​ចិន​ ជួបការ​លំបាកដោយ សារការរីករាលដាលជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលក្រសួងការ ពារជាតិកម្ពុជា បានជួយ​ឧបត្ថម្ភ​ជាសម្ភារៈ​បរិក្ខារ​ពេទ្យ​ និង​គាំទ្រយ៉ាងពេញទំហឹងជូនដល់មិត្តចិន រហូតមកដល់ពេលនេះ​ ការប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩ នៅប្រទេសចិនទទួល​លទ្ធផ​លគួរ​ជា​ទីមោទនៈ​ ដូចនេះ ប្រទេសចិននឹង​មក​ជួយ​ដោះស្រាយ​ជា​មួយ​មិត្ត​កម្ពុជាវិញ តាមរយៈការជួយឧបត្ថម្ភជាសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយចំនួនធំ និងបញ្ជូនអ្នក​ជំនាញវេជ្ជសា ស្ត្រស៊ីវិល និងកងទ័ព មកជួយផងដែរ ។

     គួរ​រំឮកថា៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលចិន​បាន​បញ្ចូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ៧រូប រួម​ជា​មួយ​ឧបករណ៍ សម្ភារៈពេទ្យមួយចំនួន បានមកដល់ប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺ កូវីដ​១៩​ដំបូង ដែលប្រទេសចិនបានបញ្ជូនចេញទៅបេសកកម្ម នៅតំបន់អាស៊ីអា គ្នេយ៍ «អាស៊ាន»។ នៅថ្ងៃ​ទី២៤ ​ខែមីនា ឆ្នាំ២០២០ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ នៃកងទ័ពរំដោះប្រជាជន​ចិន​ចំនួន​៤រូប​ ដឹកនាំដោយលោក​វរសេនីយ៍​ឯក​ពិសេស​ ជាង​ ជែ​ហ្វូ ​(Jiang Jia fu) ដែលជាក្រុមគ្រូពេទ្យកងទ័ពចិន មានសមត្ថភាពពោរពេញ​ដោយ​បទពិសោធន៍ខ្ពស់ បានបំពេញបេសកកម្មទៅក្រៅប្រទេសជាច្រើនដង ដូចជា ចូលរួមបេសកកម្មរក្សា​សន្តិភាពរបស់អង្គការសហប្រជាជាតិ បានមកដល់ប្រទេសកម្ពុជាវិញដែរ។ ក្រុមនេះបានចូលរួមក្នុងការស្រាវ​ជ្រាវ​នៅនឹងកន្លែងផ្ទាល់ ដែលមានការឆ្លងកាត់ក្នុងស្ថានភាពធ្ងន់ធ្ងរក្នុងប្រទេសចិនអស់ជាច្រើនលើក​មក​ហើយ​។

      សូមបញ្ជាក់ដែរថា៖ ជម្ងឺរលាកផ្លូវដង្ហើម វីរ៉ុសកូវីដ១៩ បាននិងកំពុងរីករាលដាលពាសពេញពិភពលោក គិត​មក​ដល់​ពេលនេះ មានប្រមាណ ៣៤ម៉ឺនករណី ក្នុងនោះប្រទេសកម្ពុជា ក៏មានការឆ្លងដោយជម្ងឺនេះ មាន ៩៨​ករណី​ និងព្យាបាលបានជាសះស្បើយ ចំនួន ១១នាក់ផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ