ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញ​ចុះទៅ​ពិនិត្យ​ ការ​ជួស​ជុល​​ថែទាំ​ចំលាក់ ​និ​ង​​ការ​​បំពាក់់​​ចំលាក់​​​​ថ្មី​ៗ​បន្ថែម​​ទៀត​ នៅ​​​វិមា​ន​ឈ្នះ ឈ្នះ
នាយកដ្ឋានព័ត៌មាន(៣)
59
1537 សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញ​ចុះទៅ​ពិនិត្យ​ ការ​ជួស​ជុល​​ថែទាំ​ចំលាក់ ​និ​ង​​ការ​​បំពាក់់​​ចំលាក់​​​​ថ្មី​ៗ​បន្ថែម​​ទៀត​ នៅ​​​វិមា​ន​ឈ្នះ ឈ្នះ

    នៅ​ថ្ងៃ​ទី​០៦​ ខែ​មេសា ​ឆ្នាំ​២០២០​ សម្តេច​ពិជ័យ​សេនា​ ​ទៀ បា​ញ់ ឧ​បនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​​ក្រសួង​ការ​ពារ​ ជាតិ​ អម​ដំណើរ​ដោយ​ វរៈ​វិចិត្រ​ករ​ អ៊ុត​ រឿន​, ស្ថាបត្យករ ឃឹម សុខ ព្រម​ទាំង​នាយ​ទាហាន ​នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ជច្រើន​រូប​ទៀត ​បាន​អញ្ជើញ​ចុះទៅ​ពិនិត្យ​ ការ​ជួស​ជុល​​ថែទាំ​ចំលាក់​វិមាន​ឈ្នះ ឈ្នះ ​និង​ការ​បំពាក់់​ចំលាក់​ថ្មីៗ​បន្ថែម​ទៀតនៅ​​វិមាន​ឈ្នះ ឈ្នះ។ ​សូម​បញ្ជាក់​ថា៖ ​បច្ចុប្បន្ន​ក្រុមការ​សាង​សង់​វិមានឈ្នះ ឈ្នះ បានកំពុង​ជួស​ជុល​ ថែ​ទាំ​ចំលាក់​ដែល​មាន​ស្រាប់​នៅ​ជុំ​វិញ​វិ​មាន​ឈ្នះ ឈ្នះ​ និង​កំពុង​បំពាក់​បន្ថែម​ទៀត​ចំ​លាក់​ ដែល​និមិត្ត​សញ្ញា​តាម​នៅ​តាម​បណ្តា​ខេត្ត​នីមួយៗ​ នៅ​ជុំវិញ​បរិវេណ​វិមាន​ឈ្នះឈ្នះ។

     សូម​បញ្ជាក់​ផងដែរថា៖ ​វិមានឈ្នះឈ្នះ​ត្រូវ​បាន​បើកការ​ដ្ឋាន​សាង់​សង់​កាលពី​ថ្ងៃទី​២៥​ ខែកុ​ម្ភៈ ​ឆ្នាំ​២០១៦ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះឈ្នះ ​និង​លោក​ជំទាវ​។ សំណង់​វិមា​នឈ្នះឈ្នះ​ត្រូវ​បាន​សាង​សង់​ឡើង​ ដោយ​បាន​ដក​ស្រង់​ចេញ​ពី​ខ្លឹម​សា​រគោល​នយោបាយ​ឈ្នះ ឈ្នះ​​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន។​ តាមគំ​រោងប្លង់​វិមានឈ្នះឈ្នះ ការសាង​សង់​តួ​​វិមាន​ឈ្នះឈ្នះ​មាន​ផ្ទៃអគារទំហំ ១១៧ ម៉ែត្រ គុណនិង ​១១៧ ម៉ែត្រ និង​មានកំពស់ ៥៤ ម៉ែត្រ។ សំណង់វិមានឈ្នះឈ្នះ នេះបានសាងសង់ដោយស្នាដៃកូ​ន​ខែ្មរសុទ្ធ​សាទ​​។​ ការសាងសង់​វិមានឈ្នះ ឈ្នះ ត្រូវ​ចែក​ចេញ​ជា​៣ ​តំបន់រួម​មាន​៖ តំបន់​សុខដុមរមណីយ៏​កម្ម​ តំបន់​ស្នូល ​ជា​តំបន់​​សន្តិភាព ​​និង​​តំបន់​​សមិទ្ធិ​ផល ជាតំបន់​ដែល​កម្ពុជា​កសាងបាន​នូវ​សមិទ្ធិផល​នានា​ ក្រោយ​ពី​ទទួល បាន​សុខសន្តិភាពនា​ចុង​ឆ្នាំ​១៩៩៨។ ចំពោះ​​ចំលាក់​ដែល​បាន​បំពាក់​នៅ​វិមានឈ្នះ ឈ្នះ បានចាប់ផ្តើម​ពី​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តូល​រលំ​របប​ប្រល័យ​ពូជសាសន៍ ​ប៉ុល​ពត​ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលត្រូវ​បាន ​គូ​ឆ្លាក់​ ដោយ​រក្សា​បាន​នូវ​ទំរង់​​រចនា​បទ​ នៃ​ប្រវត្តិ​ជាក់​ស្តែង​ ក្នុង​ការ​ប្រតិបត្តិ​នយោ​បាយ​ឈ្នះ​ឈ្នះ​ ដែល​មាន​ សម្តេច​​តេ​ជោ​ ហ៊ុន ​សែន​ ជា​ស្ថាបនិក​ ត្រូវ​បាន​បិទ​ភ្ជាប់​ដាក់​តាម​ជញ្ជាំង​នៃ​បរិវេណ ​វិមា​នឈ្នះឈ្នះ ​និង​ចំនុច​ផ្សេង​ៗ​ទៀត​ និង​រូប​ចំលាក់​ស្តី​ពី​សកម្មភាព​របស់​រដ្ឋាភិបា​លកម្ពុជា ​ចាប់តាំ​ង​ពី​ក្រោយ​ថ្ងៃ​ជ័យជំនះ ៧ មករា​ ឆ្នាំ ​១៩៧៩​ រហូត​ដល់​​ព្រះ​រាជាណាចក្រ​កម្ពុជា ទទួល​បាន​សន្តិភាព​ពេញ​លេញ​ក្រោ​មគោល​ នយោបាយ​ឈ្នះ​ឈ្នះ​របស់​ សម្តេច​តេ​ជោ​ ហ៊ុន ​សែន ​នៅ​ចុង​ឆ្នាំ​១៩៩៨។​ ក្រៅ​ពី​ចំលាក់ ​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះឈ្នះ​ ក៏​បាន​ដាក់​តាំង​ និង​បំពាក់​នូវ​រូប​សំណាក​តោ​នាគ​ រូប​ហង្ស​ក្បាល​៣ ​ព្រម​ទាំង​ដំរី​ក្បាល​៣ មាន​ស្លាប​ និង​សិលា​ចារឹក​ សសរ​ពេជ្រ​ ព្រម​ទាំង​ផ្តែរ​ នៅ​លើក្លោងទ្វា​ទាំង​​៣ ​នៃ​វិមាន​ឈ្នះ ឈ្នះ​ ដែល​បា​នឆ្លាក់​ដោយ​ស្នាដៃ​កូន​ខ្មែ​រ​ជំនា​ន់ក្រោយ​ ។

      ឆ្លៀត​ក្នុ​ងឱកាសនោះ ​សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាន​អញ្ជើញ​ពិនិត្យមើល​សួន​តេជោសន្តិភាព​ ក្នុងបរិវេណ​នៅ​វិមាន​ឈ្នះឈ្នះ និង​ចូលពិនិត្យ​មើល​ក្នុង​សារៈមន្ទីរ​សម្តេ​ច​តេជោ ​ស្ថិត​នៅ​ក្នុង​តំបន់ ៧ ជ្រុង ក្នុងវិមាន​ឈ្នះ ឈ្នះ ដែរនៅក្នុង​សារមន្ទីរនេះបាន ដាក់តាំងនូវ ផ្ទាំងគំនូរ រូបថត សំភារៈ ដែលបានបង្ហាញពីទិវាចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​កា​រផ្តូល​រលំ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងកា​រ​ដាក់តាំង​បង្ហាញ​ពី​ភូមិ​សាស្ត្រ​ នៃ​ការអនុវត្តន៍នយោបាយ​ឈ្នះឈ្នះរបស់ សម្តេច​តេជោ​ ហ៊ុន សែ​ន ក្នុ​ងយោធ​ភូមិ​ភាគ​ទី៣ ទី​៤ និង​យោធ​ភូមិ​ភាគទី​៥ និង​សកម្មភាព​រប​ស់កង​ទ័ព​មួក​ខៀវ​កម្ពុជា​ នៅ​ក្នុង​បេសកកម្ម​ថែរក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។ ឆ្លៀតក្នុង​ឱកាស​ចុះពិ​និត្យ​វិមានឈ្នះ ឈ្នះ​ នា​ពេល​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ជំរាប​ជូន​ដល់​ក្រុម​ការ​ងារ​សាង​សាង់​វិមាន​ឈ្នះ ឈ្នះ អំពី​ការ​បន្ត​បំពាក់​រូប​ចំលាក់​បន្ថែម​ទៀត​ ដើម្បី​ទុក​ជា​ប្រវត្តិសាស្រ្ត​ ដែ​លចំលាក់​ទាំង​នោះ​ទាក់​​ទង​ទៅ​នឹងព្រឹត្តិ​ការណ៍​សំខាន់​ៗ​ក្នុង​ពេល​បច្ចុប្បន្​នដូច​ជា​ នាវា​ទេសចរណ៍​ វេស​ស្តែនដាម​ ដែលចូល​ចត​នៅ​ក្រុង​ព្រះសីហនុ ក្នុងពេលដែល​ប្រជាជន​នៅ​លើពិភព​លោក​ កំពុង​រង​គ្រោះដោយ​សារ​ការ​ឆ្លង​ជំងឺកូវីត ១៩ ការធ្វើ​សម​យុទ្ធនាគ​មាស​ កង​ទ័​ពកម្ពុជា​-ចិន និង​គ្រូ​ពេទ្យ​យោធា​ចិ​នជំនាញ​បង្ការ​ និង​ទប់ស្កាត់ជំងឺ កូវីត ១៩ មកជួយបណ្តុះ​បណ្តាល​ដល់​ក្រុម​គ្រូ​ពេទ្យ ខ.ភ.ម។​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ក៏បា​ន​ណែនាំ​ដ​ល់​ក្រុម​ការងា​រ​ប្រចាំ​ការ​ និង​កំលាំង​កង​រាជ​អាវុធហត្ថ​ប្រចាំកា​រ នៅ​វិ​មាន​ឈ្នះ​ឈ្នះ​ ត្រូវ​ការពារ​ សន្តិសុខ ​ថែទាំសំភារៈ​ក្នុង​វិមានឈ្នះឈ្នះ និង​សហការ​គ្នា​ចូល​រួម​ធ្វើ​អនាម័យ​ អោយ ​មាន​សោភណ័​ភាព​ល្អ​ក្នុ​ង​បរិវេណ​វិមាន​ ឈ្នះ ឈ្នះ។ ឆ្លៀតក្នុង​ឱកាសនេះ​ដែរ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​​ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល ​ការ​ដ្ឋាន​អគា​រដ្ឋ​បាលព័​ត៌មា​ន​ ដែល​បាន​សាង​ស​ង់ក្នុង​បរិវេណ​វិមាន​ ឈ្នះ ឈ្នះ ដែល​អគារដ្ឋបាលព័ត៌មាន​នេះបា​ន​បើក​ការ​ដ្ឋាន​សាង​សង់​កាល​ពី​ថ្ងៃទី​២៩ ​ខែធ្នូ ឆ្នាំ២០១៩​​ កន្ល​ងម​ក​។

      បន្ទាប់​ពី​បាន​សម្ពោធ​បើក​អោយប្រើប្រាស់​ជាផ្លូវការ​សំណង់​វិមា​នឈ្នះឈ្នះ​ កាល​ពី​ចុងឆ្នាំ​២០១៨ បច្ចុប្បន្ន ត្រួ​វបា​ន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង អ្នកសិក្សាស្រាវជ្រា​វបា​នចូល​មក​ទស្ស​នាយ៉ាងច្រើនកុះករ​។ ​ការសាងសង់វិមាន​ឈ្នះឈ្នះ ក្នុងពេលកន្លងមក មានគោលបំណងដើម្បីរំលឹកពីជោគជ័យ​ នៃការអនុវត្តន៍ ​នយោបាយ​ឈ្នះឈ្នះ និងការបញ្ចប់​សង្រ្គា​មស៊ីវិល​ទាំង​អស់​ នៅ​ក្នុង​ប្រទេសកម្ពុជា ដែលបានធ្វើឲ្យព្​រះរាជា​ណាចក្រ​កម្ពុជា​ទទួល​បាន​នូវសុខ​​សន្តិភាព​ ទូទាំង​ប្រទេស​ ដែលពុំធ្លាប់មាន​ពី​មុន​ម​កក្នុង​ប្រវត្តិសាស្ត្រ ហើយ​ត្រូ​វបាន​រាជ​រដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី២៩ ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ​ ជា​ទិវាន​យោ​បាយ​ឈ្នះ​ឈ្នះ​ សំរាប់​រំលឹក​ដល់​កា​រ​ទទួលបា​ន​សន្តិភាព​ពេញ​លេញ ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ការសាងសង់​វិមានឈ្នះ ឈ្នះ នេះក៏​មាន​គោល​បំណ​ង ទុក​សំរាប់​យុវជន​ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រឲ្យ​បាន​យល់​ពី​តំលៃ​ នៃសន្តិភាព​ ដែល​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ពុំ​ដែល​ទទួល​បាន​ចាប់​តាំង​ពីរយៈ​ពេល​ជាង​៥០០​ឆ្នាំ​កន្លង​មក​នេះ។

     សូម​បញ្ជាក់​ផង​ដែល​ថា៖​ វិមាន​អនុស្សាវរីយ៍​ នយោបា​យ​ឈ្នះ ឈ្នះ​ ដែល​បាន​សាងសង់​ដាក់​ជូន​ប្រជាពលរដ្ឋចូល​ទស្សនា​នាពេ​ល​នេះ​ ក៏ជា​មណ្ឌល​នៃ​ភស្តុតាង ប្រវត្តិសាស្ត្រពិត សម្រាប់ប្រជាជនខ្មែរគ្រប់ជំនាន់​បានយល់ដឹង​អំពី​វីរភាព និង ការតស៊ូរបស់ ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងៗទៀត ដែលបានតស៊ូ​ធ្វើ​ពលិកម្ម នាំមកនូវសុខសន្តិភាព និង មានអ្វីៗទាំង អស់ជូនដល់ប្រទេសជាតិរហូតមកដល់សព្វថ្ងៃ។ តាម​រយៈ​សន្តិភាព​ដែល​រក​បាន​ដោយ​លំបាក​ នេះ​ហើយ​ដែល​បាន​នាំមក​នូវ​ឱកាស​មាស​, ឱកាស​ពេជ្រ​ សំរាប់​ ការ​អភិវឌ្ឍន៏​ សេដ្ឋកិច្ច​ និង​សង្គម​នៅ​កម្ពុជា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ