ព័ត៌មាន

ឯកឧត្តម​ សំ​ វណ្ណ​ថន​ បិទ​ និ​ងបើក​វគ្គ​ការ​ងារ​រដ្ឋបាល​
នាយកដ្ឋានព័ត៌មាន(៣)
78
1608 ឯកឧត្តម​ សំ​ វណ្ណ​ថន​ បិទ​ និ​ងបើក​វគ្គ​ការ​ងារ​រដ្ឋបាល​

      អគ្គ​លេខាធិការ​ដ្ឋាន ​ក្រសួង​ការ​ពារជាតិ ​បាន​រៀបចំពិ​ធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ការងារ​រដ្ឋបាល ​និងឋា​ន​លេខា ​ឆ្នាំ​២០១៩​ និង​បើ​កវគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល ​និងឋា​នលេខា ​ឆ្នាំ​២០២០​ នា​ព្រឹកថ្ងៃ​ទី​២២​ ខែឧសភា ឆ្នាំ២០២០​ ​​នៅសា​​កលវិទ្យាល័យ​ការ​ពារជា​តិ​(ឬស្សីកែវ) ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​សំ ​វណ្ណ​ថន​ អគ្គ​លេខាធិ​ការ​ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ និង​ជា​អគ្គលេខា​ធិការ​ នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។​

     តាមរ​បាយ​ការណ៍​របស់​ ឯ.ឧ ​ឧត្តម​សេនីយ៍​ទោ ​ខៀវ ​ប៊ុន​ធឿន ​នាយក​មជ្ឈមណ្ឌល​បណ្តុះ​ប​ណ្តាល​​ការ​ងា​រ​រដ្ឋបាល​​ ខ.ភ.ម​ បាន​ឲ្យដឹងថា៖​ វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល ​និង​ឋានលេខា ​ឆ្នាំ​២០១៩​ មាន​រយៈ​ពេល១​១​ខែ ​គិត​ចាប់​ពីថ្ងៃ​ទី៧​ ខែឧ​សភា ​ឆ្នាំ​២០១៩ម​ក​។ មាន​សិក្ខាកាម​ចូល​រួម​សិក្សា​ចំនួន ​២០១នាក់ ជានាយ​ទាហានមកពី​បណ្តា​ស្ថាប័ន អង្គភាព​ចំណុះ​ក្រសួង​ការពារជាតិ ​និង​អគ្គបញ្ជាការ​ដ្ឋាន​នៃ​ ខ.ភ.ម។ វគ្គនេះ ​បាន​ផ្តោតការ​សិក្សាទៅ​លើខ្លឹមសារ​ឯកសារ​មេរៀន​សំខាន់ៗ​មួយ​ចំនួន ​ក្នុ​ងនោះរួម​មាន៖​ ទស្សន​កិច្ច​សិក្សា​តំបន់​ប្រវត្តិ​សាស្ត្រ​ វិមា​នឈ្នះឈ្នះ​ ការ​ចរាចរ​លិខិត​ស្នាម​ ការ​បោះ​ពុម្ព​ ការ​ចង​ក្រង​ និង​តាក់​តែង​លិខិត​ស្នាម ​ការ​ងារ​តម្កល់​ឯកសារ​ បណ្ណាសារ ​ច្បាប់​ និង​អនុក្រឹត្យ​ពាក់​ព័ន្ធ​ ខ.ភ.ម​ លំហាត់​របៀប ​ការងារ​រដ្ឋបាល​ នីតិរដ្ឋ​ធម្មនុញ្ញ​ ឋានលេខា ​សេនា​ធិការ​ផែនទី​ និង​ការងារ​ប្រើ​ប្រាស់​ឧបករណ៍​ នីតិ​អន្តរជាតិ​សាធារណៈ​ បញ្ហា​ព្រំដែន​ និង​នីតិអន្តរជាតិ​សាធារណៈ ​ប្រព័ន្ធ​នីតិអាស៊ាន​ នីតិ​មុខ​ងារ​សាធារណៈ ​ការ​ងារ​គ្រប់​គ្រង​អង្គភាព ​នីតិហិរញ្ញវត្ថុ​សាធារណៈ​ និង​នីតិពន្ធ​ដារ​កម្ពុជា​។​

     ឆ្លង​កាត់កា​ររៀន​ និងបង្រៀន​អស់រយៈពេល​១១​ខែម​ក​នេះ ​សិក្ខាកាមបាន​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ ​ក្នុង​នោះ​មាន​ចំណាត់​ថ្នាក់​និទ្ទេ​សល្អ​ណាស់​​៥​នាក់​, ល្អ​១១​៤នាក់​, ល្អ​បង្គួរ​៥២​នាក់​ និង​មធ្យម​ ៣០​នាក់​។ ដោយ​ឡែក​វគ្គបណ្តុះ​បណ្តាល​ការងារ​រដ្ឋបាល ​និង​ឋានលេខា ​ឆ្នាំ២០២០​ ដែល​ត្រូវបើក​វគ្គ​នា​ពេល​នេះ​ មាន​ចំនួនសិក្ខា​កាម​ចូល​រួ​មចំនួន ​១៦៩​នាក់​ផង​ដែរ​។​

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​សំ ​វណ្ណ​ថន​ អគ្គ​លេខាធិ​ការ​ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ និង​ជា​អគ្គលេខា​ធិការ​ នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​


     ឯ.ឧ ​នាយ​ឧត្ត​មសេនីយ៍​ សំ ​វណ្ណ​ថន​ បាន​មាន​ប្រសាសន៍​ថា៖ ​នៅក្នុង​ឆ្នាំ២០១៩​កន្ល​ងមក​នេះ ​ការងារ​បណ្តុះបណ្តាល ​និង​ហ្វឹកហ្វឺន​បាន​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុងការ​កសាង​ធន​ធាន​មនុស្ស​ ស្រប​តា​មផែនការ​ កែ​ទម្រង់ ខ.ភ.ម ​ដែលជា​វិស័យ​អាទិភាព​មួយ​ ក្នុងចំណោម​វិស័យ​អាទិភា​ពទាំង​បួន ​នៃ​យុទ្ធសាស្ត្រ​ចតុកោណរ​បស់​រាជរដ្ឋា​ភិបាល​។ ​ហើយក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ការ​ងារ​ រដ្ឋបាល ​បាន​យក​ចិត្តទុក​ដាក់​ប្រកប​ដោយ​ឆន្ទៈ​ខ្ព​ស់ ក្នុង​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ដល់​សិក្ខា​កា​ម មានសមត្ថភាព គុណភាព ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។​ ឯ.ឧ បានបន្ត​ថា​៖ ថ្មីៗនេះ ​ជម្ងឺរលាក​ផ្លូវដង្ហើម​ធ្ងន់​ធ្ង​រ ដែល​បណ្តា​មក​ពី​មេរោគ​កូវីដ-១៩​ បានក្លាយ​ទៅ​ជាបញ្ហា​ប្រឈម​ មាន​ស្រាប់​នានា ​សម្រាប់​សកល​លោក​ បានបង្កើ​ត​ជា​ការ​ព្រួយបារម្ភ និង​ភាព​រំជើប​រំជួលដ​ល់​សាធារណជន​ផង​ដែ​រ។​ ជា​ការ​ពិ​ត ផល​ប៉ះពាល់​ពី​ជម្ងឺ កូវីដ-១៩ បាន​មក​ដល់​លឿន ​និងមាន​ទំហំ​ធំ​ ហើយ​បាន​និង​កំពុងប​ង្ក​ឲ្យមានផល​ប៉ះពាល់​ខ្លាំង​ ដល់​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​។​ សម្រាប់​កម្ពុជា កំពុងស្ថិត​ក្នុង​ដំណាក់​កាលនៃ​ការ​ឆ្លង​ជា​ចង្កោម​តូចៗ​ ​ដែល​មួយ​ផ្នែក​ធំ​នៃការ​ឆ្ល​ង​ គឺ​នាំចូ​លពី​ខាង​ក្រៅ​។​ រាជរដ្ឋាភិបាល​ ក៏បានចាត់វិធាន​ការ​ជា​ច្រើន​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់​ដាច់​ខា​ត និង​ហ្មត់​ចត់​បំផុត​ ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាលនៃ​ជម្ងឺកូវីដ​-​១​៩។

     ក្នុ​ង​នាម​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់,​ ឯ​.ឧ ​នាយឧ​ត្តម​សេនីយ៍ ​សំ ​វណ្ណ​ថន​ បាន​ផ្តាំផ្ញើរ​ដល់​នាយ​ទាហាន យោធា​ចារ្យ​ និង​សិក្ខាកាម​ទាំង​អស់​ថា៖​ ក្នុង​នាម​​ខ.ភ.ម ត្រូវចូល​រួមគ្រប់​សកម្មភាព ​ក្នុង​ការ​ការពារ​សុខសន្តិភាព​ សន្តិសុខ​សណ្តាប់​ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ​ និង​ចូលរួមការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ការងា​រ​មនុស្ស​ធម៌ កិច្ចការ​សង្គម​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​លើគ្រប់​វិស័យ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ