ព័ត៌មាន

អគ្គ​បញ្ជាការ​ ខ.ភ.ម​ បាន​រៀប​ចំ​ពិធី​ក្រុង​ពាលី​សាង​សង់​ខឿន​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
146
1663 អគ្គ​បញ្ជាការ​ ខ.ភ.ម​ បាន​រៀប​ចំ​ពិធី​ក្រុង​ពាលី​សាង​សង់​ខឿន​ការ​ពារ​ជាតិ​

      អគ្គ​មេ​បញ្ជាការ​ ខ.ភ.ម ​បាន​រៀបចំ​ពិធី​ក្រុង​ពាលី​ បញ្ចុះ​បឋម​សិលា​បើក​ការ​ដ្ឋាន​សា​ង​សង់​សួន​ខឿនការ​ពារ​ជាតិ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​ក្នុង​បរិវេណ​នៃ​វិមាន​ឈ្នះ​ឈ្នះ​ នៅថ្ងៃ​ទី​១១​ ខែ​មិថុនា ​ឆ្នាំ​២០២០​ ស្ថិតក្រោម​អធិបតីភាព​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​នា​ពេ​លនោះ ​ឧត្តម​សេនីយ៍​ឯក​ ខឹម​ សន ​នាយ​រង​សេនា​ធិការ​ចំរុះ ​នាយក​ទីចាត់​ការ​ឃោសនា​ព័ត៌​មាន​ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​សាង​សង់​សួន​ខឿន​ការ​ពារ​ជាតិ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បានថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​នោះ​ថា​៖ ក្នុង​ខែ​មករា​ ដល់​ខែ​មីនា ​ក្នុង​ឆ្នាំ​២០២០​ នេះ ​ដោយ​មាន​ការ​ឯកភាព​ពី​សម្ដេច​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​សម្រេច​ អោយ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ធ្វើ​ការ​សាង​សង់​នៅ​សួន​ខឿន​ការ​ពារ​ជាតិ​ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក្នុង​ការ​រចនា​រំលេច​នៅ​សួន​វិមាន​អនុស្សាវរី​យ៍​នយោបាយ​ឈ្នះ​ឈ្នះ​ មួយ​កន្លែង​ ស្ថិត​ក្នុ​ងបរិវេណ​ នៃ​វិមាន​ឈ្នះឈ្នះ​ មក​នោះ ក្រុម​​ការ​ងារ​សាង​សង់​រួម​និង​ជំនាញ​ពាក់​ព័ន្ធ​ បាន​ធ្វើការ​សិក្សា​គម្រោង​សាង​សង់​ ដែល​ជា​លទ្ធផ​លក្រុម​ការងារជំនាញ​សាង​សង់​ បាន​គូរ​ប្លង់​ និង​ឈាន​ដល់​ការបើក​ការ​ដ្ឋាន​សាង​សង់​នា​ថ្ងៃនេះ​។​ សួន​ខឿន​ការ​ពារ​ជាតិ​ នៃ​កង​យោធពលខេមរ​ភូមិន្ទ​ នៅ​ក្នុង​បរិវេណ​នៃ​វិមាន​ឈ្នះ​ឈ្នះ​ ដែល​បាន​ប្រារព្ធ​ពិធី​បើក​ការ​ដ្ឋាន​សា​ងសង់​នៅ​ពេល​នេះ ​បាន​បង្ហាញ​ពី​រចនា​បថ​ និង​អត្ថន័យ​ ដោយ​ថ្នាក់​ក្រោម​ទី​១ ​មាន​រាង​ជា​រង្វង់​មូល​ មាន​បី​ជាន់​ជុំ​វិញ ​ដោយ​យក​តួរ​លេខ​៣​ ដើម្បី​ផ្សារភ្ជាប់​ទៅ​នឹង​គោល​ការ​ណ៍​ធានា​ទាំងបី​យ៉ាង នៃ​នយោបាយ​ឈ្នះឈ្នះ​ គឺ​ការធា​នា​លើ​រូប​រាង​កាយ​ អាយុ​ជីវិត​ ការ​ធានា​អាជីព ​និង​មុខរបរ​ និង​ការ​ធានា​កម្មសិទ្ធិ ​និង​ទ្រព្យ​សម្បត្តិ​ រួម​ទាំង​អចលន​ទ្រព្យ​ និង​ចលនទ្រព្យ​។​ នៅផ្នែ​ក​កណ្ដាល​ថ្នាក់​ទី​២ ​មាន​រាង​ជា​បញ្ចកោណ ​ប្រាំ​ជ្រុង ​ដោយ​យក​តួ​លេខ​៥​ ដើម្បី​ផ្សារ​ភ្ជា​ប់​នូវ​យុទ្ធសាស្ត្រ​ឌី​ហ្វីត​ ​ដែល​មាន​ បំ​បែក ​ឯកោ​​ បញ្ចប់ ​ធ្វើ​សមាហរណ​កម្ម​ និង​អភិវឌ្ឍ​។ នៅ​លើជ្រុងទាំង​៥ ​នេះ​ ជ្រុងទី​១ ​នឹង​បំពាក់​ចម្លា​ក់រូប​សញ្ញា​នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​ ជ្រុងទី​២​ ចម្លា​ក់រូ​ប​សញ្ញា​អគ្គបញ្ជាការ​ដ្ឋា​ន ជ្រុងទី​៣​ ជា​ចម្លា​ក់​រូប​សញ្ញា​កង​ទ័ព​ជើង​គោក​ ជ្រុងទី​៤ ​ជា​រូប​ចម្លា​ក់​រូប​សញ្ញា​តំណាង​ឲ្យក​ង​ទ័ព​ជើង​ទឹក​ និង​ជ្រុងទី​​៥​ ជា​ចម្លា​ក់​រូប​សញ្ញា​តំណាង​ឲ្យ​កង​ទ័ព​ជើង​អាកាស​។ ​ដោយ​លែក​នៅ​កំពូល​ខាង​លើ​ គឺ​ជា​ចម្លាក់​តំណាង​ឲ្យ​នាយ​ទាហាន ​ពល​ទាហាន​ ៧​រូប​ ដោយ​យក​តាម​តួ​លេខ​តាម​កត្តាទាំង​៧​ ដែល​នាំ​មក​នូវ​ជ័យ​ជំនះ ​ក្នុង​នោះ​រួម​មាន​ គឺ​កត្តា​ដឹក​នាំ​ តួនាទី​រដ្ឋ​បាល​កណ្ដាល​, កត្តា​ប្រតិបត្តិក​រ​, កត្តា​ការ​កសាង​ជំនឿ​ទុក​ចិត្ត, ​កត្តា​មនោ​គម​វិជ្ជា​ នយោ​បាយ​សេដ្ឋកិច្ច ​និង​ពាណិជ្ជ​កម្ម, កត្តាការបរទេស និងកត្តា​បែក​បាក់​នៃ​អង្គការ​ខ្មែរ​ក្រហម​​។​ រូប​ចម្លាក់​ផ្នែក​ខា​ងលើ​នេះ ​មា​ន​រូប​ចំលាក់​នាយ​ទាហាន​ ពល​ទាហាន​ឈរ​ជ្រោង​ដង​ទង់​ជាតិ ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ក្នុង​តួនាទី​ភារកិច្ច​ស្នូល ​បាន​ចូល​រួម​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ នឹង​ធ្វើ​ពលីកម្ម​ដ៏​ធំធេង​ និង​គ្រប់​បែប​យ៉ាង​ របស់​ប្រមុខ​ថ្នាក់​ដឹក​នាំ​​ជាតិ​ និង​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ​នាយ ​ព្រម​ទាំង​ពល​ទាហាន​ នៃកង​យោធពល​ខេមរ​ភូមិន្ទ​ និង​ប្រជាជន​ ទូទាំង​ប្រទេស ​រួម​ជា​មួយ​ប្រភព​ធន​ធាន​ ដែល​បាន​ចំណាយ​រហូត​ទទួល​បាន​ជោគ​ជ័​យ ត្រ​ចះ​ត្រចង់​លេច​ចេញ​ជា​រូបរាង​ នៃ​នយោបាយ​ឈ្នះឈ្នះ ហើយ​បាន​ជ្រោង​ទង់​ជាតិ​ នៃព្រះ​រាជា​ណាចក្រ​កម្ពុ​ជា ឲ្យ​ទទួល​បាន​សុខ​សន្តិភាព​ ពេញ​លេញ ​រហូត​ដល់​បច្ចុប្បន្ន​។​

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ


       ថ្លែងក្នុង​ពិធី​បញ្ចុះបឋម​សិលា​សាង​សង់​សួន​ខឿនការ​ពារជាតិ នៅក្នុង​បរិវេណ​នៃ​វិមានឈ្នះឈ្នះ​ នា​ពេលនោះ​ដែរ​ នាយ​​ឧត្តម​សេនីយ៍​ វង្ស​ ពិសេន​ បាន​មាន​ប្រសាសន៍​ថា៖ ការរៀប​ចំ​បញ្ចុះ​បឋម​សិលា ​សាង​សង់​សួន​ខឿន​ការ​ពារ​ជាតិ​ នៅក្នុងបរិវេណ​នៃ​វិមាន​ឈ្នះឈ្នះ ​នាថ្ងៃនេះ ​គឺជា​សមិទ្ធិផលថ្មី​មួយ​ទៀត​ ដើម្បី​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​អនុវត្ត​គោ​លដៅ​ ជា​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល ​ដែល​បាន​អនុវត្ត​ដោយ​ជោគជ័យ​ នៅនយោបាយ​ឈ្នះឈ្នះ ​នាពេ​លកន្លង​មក​ ជា​ពិសេស​បាន​រួម​ចំ​ណែក​លើក​ស្ទួយ​សោភ័ណភាព នឹងកំណើនទេស​ចរណ៍​ មក​ទស្សនា ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ ​កាន់​តែ​ច្រើន​កុះករ​បន្ថែម​ទៀត​នា​ថ្ងៃ​អនាគត​។ ជាការ​ពិត​ ការ​បញ្ចុះបឋម​សិលា​សាង​សង់​សួន​ខឿន​ការពារជាតិ​នា​ពេលនេះ​ គឺ​បាន​ធ្វើឡើង ​ដើម្បី​ចូល​រួម​អបអរសាទរ​ ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី៤៣ ​នៃ​ទិវាចងចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យពូជ​សាសន៍​ ដែលនឹង​ប្រព្រឹត្តទៅ​ នៅតំបន់​កោះថ្ម​ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០​ ខែ​មិថុនា ​ឆ្នាំ​២០២០ ខាង​មុខនេះ​។​ ក្នុងការ​ចូលរួម​កសាង​កេរិ៍មរតក ដែលជាតឹក​តាង​ប្រវត្តិសាស្រ្ត​នេះ​ គឺ​សម្រា​ប់រក្សា​ទុក​ជូន​ កូនខ្មែរ​ជំនាន់ក្រោយ​ឲ្យ​ចងចាំ​ ពី​គុណបំណាច់​ដ៏​វិសេស​វិសាល​ ដែ​ល​មិន​អាច​កាត់​ថ្លៃបាន​របស់​ស្ថាបនិក ​នយោបាយ​ឈ្នះឈ្នះ គឺ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ និង​ប្រតិបត្តិករ​ទាំង​អស់​ ដែល​បាន​ធ្វើ​ពលិកម្ម បូជាសាច់​ស្រស់ឈាម​ស្រ​ស់ ក្នុង​សមរភូមិ ស្វែង​រក​សន្តិភាព​ ដើម្បី​ការ​អភិវឌ្ឍប្រទេស​ជាតិ ​ឱ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ។ ក្នុងនាមថ្នាក់ដឹ​កនាំ​អគ្គមេបញ្ជាការ នៃកងយោធពល​ខេមរ​ភូមិន្ទ នាយឧត្តម​សេនីយ៍ ​វង្ស​ ពិសេន​ បាន​លំឱន​កាយ​គោរព​ ចំពោះ​ឌួ​ង​វិញ្ញាណក្ខន្ធ រំលឹ​កដល់​គំរូវីរភាព ​ដ៏​មោះមត់​ និងគុណ​បំណាច់​ដ៏ធំ​ធេង​របស់​ឥស្សរជន​ នា​យ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​នៃក​ងយោធពល​ខេមរភូមិន្ទ ​និង​កងកម្លាំង​ប្រដាប់អាវុធ គ្រប់ប្រភេទ ប្រជាពលរដ្ឋ​គ្រ​ប់ស្រទាប់​វណ្ណៈ ដែល​បាន​ធ្វើពលិកម្ម​ដ៏អង់​អាច​ក្លាហាន​ បូជា​អាយុជីវិត​ ដើម្បីបុព្វ​ហេតុជា​តិ​ មាតុភូមិ ​ដោយ​ហ៊ាន​ធ្វើ​ពលិកម្ម​ប្រកប​ដោយ​ស្មារតី​ស្នេហាជាតិ ​របស់​វីរៈអតីត​យុទ្ធជន​ យុទ្ធនារី និងប្រជាពលរដ្ឋ​យើង​នៅ​គ្រ​ប់​ដំណាក់​កាល​ ដែល​បា​នចូល​រួមចំណែកយ៉ាង​សំខាន់​ ក្នុង​បុព្វហេតុការពារ​បូរណភាពទឹ​ក​ដី​ កា​រកសាង​សន្តិភាព និង​ស្ថេរភាព​សង្គម​ សំដៅធានាឲ្យមានការ​អភិវឌ្ឍសេដ្ឋកិច្ច ​សង្គមកិច្ច ដើម្បីឧត្តម​ប្រយោជន៍​ជាតិ​ មាតុភូមិ និងភាព​សុខសាន្ត​ដ​ល់ប្រជាជន​កម្ពុជានៃ​យើង​។​

     ក្នុងពិ​ធី​បញ្ចុះប​ឋមសិលានោះដែរ ឯកឧត្តម អគ្គមេបញ្ជាការ​ នៃកងយោធ​ពល​ខេមរ​ភូមិន្ទក៏បាន​រំលឹកឡើង​វិញខ្លះ​ អំពី​ព្រឹត្តិការណ៍ជាក់ស្ដែង​មួយចំ​នួន​ ដែលកម្ពុជា​បានជួបប្រទះ​ និង​ឆ្លងកាត់​ភ្នក់ភ្លើងសង្រ្គាម ដែល​បង្កការ​ឈឺចាប់​ ខ្លោចផ្សារ មិនអាចថ្លែង​បានចំពោះប្រជាជន​កម្ពុជា​ទាំង​មូល​ ហើយ​បន្សល់ទុក​នូវស្នាកស្នាម​មិន​ទាន់​រលត់​អស់​នៅឡើ​យ ​មក​ដល់​បច្ចុប្បន្ននេះ​។ ​ឯកឧត្តម អគ្គមេបញ្ជាការ បានសង្លត់​ធ្ងន់​ថា៖ ជាច្រើន​ជំនាន់​មក​ហើយ​ ដែលកម្ពុជា​យើង ពុំធ្លាប់​ទទួលបានសន្តិភាព​ ពេញលេញដូចសម័យ​សព្វថ្ងៃនេះ​ទេ ជួន​កាល​មាន​ការបែក​បាក់​ទៅជាពីរ​ ជាបី​ភាគី​ ដែលនាំ​ឲ្យប្រទេស​ជាតិ​មាន​ជម្លោះនឹ​ង​គ្នា​ឥត​ឈប់​ឈរ​ នាពេលកន្លង​ម​ក ចាប់តាំងពី​ស​ម័យ​សាធារណរដ្ឋ ដែលគ្រប់​គ្រង​ដោយ​របប​ លន់ ណុល របប​កម្ពុជា​ប្រជាធិប​តេយ្យ ដឹក​នាំ​ដោយ​ខ្មែរ​ក្រហម​ ប៉ុល​ពត​ និង​ចាប់តាំងពី​ក្រោយ​ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩៣ និងពីឆ្នាំ​១៩៩​៣ ដល់ឆ្នាំ ១៩៩៨​ ទើ​បប្រទេស​ជាតិ​យើ​ង មាន​សុខសន្តិភាព កើតចេញពី​ការ​បង្រួប​បង្រួម​ជាតិ ​ដោយ​សារ​តែ​នយោបាយ​ឈ្នះឈ្នះ រប​ស់ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ដូច្នេះ​យើង​ទាំង​អ​ស់គ្នា​ ត្រូ​វអរគុណ ​នយោបាយឈ្នះឈ្នះ អរគុណ សន្តិភាព និងដឹងគុណស្ថាបនិត ​និងប្រតិបត្តិករ អនុវត្តនយោបាយឈ្នះឈ្នះ។ ឯកឧត្តម វង្ស ពិសេន បានបញ្ជាក់​ថា៖ ផ្អែកតាមវីរភា​ព​ដឹកនាំ​របស់​សម្ដេច​តេជោ ​ធ្វើឲ្យ​ប្រទេសជាតិ​យើង​បច្ចុប្បន្ន​មាន​សុខសន្តិភាព​ មាន​លទ្ធិប្រជាធិបតេយ្យ​ មាន​ការ​គោរព​សិទ្ធិ​មនុស្ស និងការអភិវឌ្ឍ ដូច្នេះ យើងទាំងអស់គ្នាត្រូវការ​ពារ​ឲ្យ​បាន​នៅត​ម្លៃនៃ​សន្តិភា​ព ទោះបីក្នុងតម្លៃណា​ក៏​ដោយ​ បើបាត់​សន្តិភាព យើង​នឹង​វិល​ទៅរក​ប្រវត្តិសាស្ត្រដើម​វិញ​ជាក់​ជាពុំខាន​។​ ជានិច្ច​ជា​កាល​ យើង​ក៍ត្រូវចងចាំ និងដឹងគុណ​ជា​និច្ច ចំពោះ​ សម្ដេចតេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុ​ជា ដែល​បា​ននឹង​កំពុងដឹកនាំ​ប្រទេស​កម្ពុជា​ មិនឱ្យ​មាន​សង្គ្រាម និង​នាំ​មក​នូវ​សន្តិភាព ការអភិវឌ្ឍ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា​មក​ដល់​ថ្ងៃនេះ​។ ឯកឧត្តម បានអំពាវនាវដល់ កងយោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​អស់​ ត្រូវគោរព​ការ​ដឹកនាំ និង​អនុវត្តឲ្យបាន​ដាច់​ខាត​ ក្នុង​ការការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលប្រសូត្រ​ចេញ​ពី​ការ​បោះឆ្នោត និងប្រឆាំង​ដាច់​ខាត​ចំពោះ​ពួក​អគតិណា​ ដែលមាន​គោល​គំនិត​ច​ង់បំផ្លិច​បំផ្លាញ​ប្រទេស​ជាតិ​ ឱ្យទៅ​រង​គ្រោះមហន្ត​រាយ​ ដោយ​សារភ្លើង​សង្គ្រាមឡើងវិញ​។ ​កង​យោធ​ពលខេម​រ​ភូមិន្ទ​ ត្រូវ​ចូល​រួមកម្មវិធី​កែ​ទម្រង់របស់​ខ្លួនដើម្បី​អោយ​ក្លាយ​ទៅជា​កង​ទ័ព មួយដែលធ្វើ​សមាហរណកម្ម​ស្មើ​មុខ​ ស្មើមាត់ ក្នុងតំបន់​ និងអន្តរជាតិ​។ កងយោធ​ពល​ខេមរ​ភូមិន ក៏ត្រូវចូលរួមអនុវត្តន៍ ការដឹកនាំរបស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល អំពីបញ្ហា​ប្រឆាំង​ជំងឺឆ្លង​កូវីត១៩​ ដែល​យើង​ទាំង​អស់​គ្នា​កំពុង​ធ្វើ​ នឹងត្រូវ​ពុះពារ​ធ្វើ​បន្ត​ទៀតយ៉ាង​ប្រុង​ប្រយ័ត្ន​ជានិច្ច មិន​អា​ចឲ្យយើង​មើលស្រាល​ និងធ្វេស​ប្រហែស​បាន​ឡើយ​។

     ឯកឧត្តម​ អគ្គមេបញ្ជាការ បាន​ជំរុញ ដល់ក្រុមការងារ​ជំនាញ​សាងសង់​ ត្រូវយ​កចិត្តទុក​ដាក់ ​ធ្វើការ​សាង​សង់ ​ធានាឲ្យ​បាន​ទាំង​គុណភាព សោភ័ណភាព តាមស្តង់ដារ ដើម្បីទុកជាប្រវត្តិសាស្ត្រ ស្នាដៃកូនខ្មែរ ថាពិតជាធ្វើ​បាន​មែន​។ ឯកឧត្តម វង្ស ពិសេន ក៏បានអំពាវនាវ​ផង​ដែរ​ ដល់​សប្បុរសជន​នានា ពិសេស​នាយ​ ពល​ទាហាន នៃ​កងយោធពល​ខេមរ​ភូមិន្ទ ឲ្យបន្តជួយ​គាំទ្រទាំង​ស្មារតី​ សម្ភារៈ​ ថវិកា​ ក្នុង​ការ​ជំរុញ​ឲ្យ​ដំណើរការ​សាង​សង់​សួន​ខឿន​ការ​ពារ​ជាតិ​នេះ​ ឲ្យប្រព្រឹត្តទៅ​ទទួល​បាន​ដោយជោ​គជ័​យ​។ ​ក្នុង​ឱកា​សនោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានប្រកាស​បើក​ការ​ដ្ឋាន​សាង​សង់​ សួន​ខឿនការពារ​ជាតិ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ចាប់​ពី​ពេល​នេះ​តទៅ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ