ស្ថិតក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងការពារជាតិបានធ្វើការប្រជុំបូកសរុបការងារ ឆមាសទី១ និងលើកទិសដៅសំរាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០។
ឯកឧត្តម នាយឧត្តមសេនីយ សំ វ៉ាន់ថន អគ្គលេខាធិការ ក្រសួងការពារជាតិ បានអានរបាយការណ៍បូកសរុបការងារ ដោយបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍ វិវត្តន៍រីកចំរើនថ្មីៗ ក្នុងឆមាសទី១ កន្លងមក ដែលបានកើតឡើងនូវការផ្ទុះនៃជំងឺកូវីដ ១៩ ហើយបានជះឥទ្ធិពលគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ក៏ដូចខ.ភ.ម ទូទាំងប្រទេសផងដែរ។ តែទោះបីជាមានការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ នៃជំងឺនេះក្តីក៏ក្នុងឆមាសទី១ កន្លងមកនេះ គឺយើងនៅតែពុះពារសំរេចបាននូវកិច្ចការធំៗ ដូចជា៖ ការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២០ បានប្រព្រឹត្តទៅទទួលបានជោគជ័យទៅតាមការគ្រោងទុក។
របាយការណ៍ក៏បានលើកឡើងផងដែរ ពីលទ្ធផលការងារ នៃកិច្ចការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារសំរេចបាន នៅក្នុងរយៈពេលឆមាសទី១ កន្លងទៅក្រោមកិច្ចសហការជាមួយកំលាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ចការពារជាតិ។ ខ.ភ.ម បានចូលរួមធ្វើអនាម័យតាមបណ្តាកងឯកភាព ក្នុងការទប់ស្កាត់ នៃការឆ្លងនូវជំងឺរាតត្បាត របស់មេរោគកូវីដ១៩ ផងដែរ។ ចំណែកលទ្ធផលការងារកែទំរង់កងយោធពលខេមរភូមិន្ទវិញ នៅក្នុងរយៈពេលឆមាសទី១នេះ របាយការណ៍បានបញ្ជាក់ថា៖ បានធ្វើការហ្វឹកហ្វឺន បណ្តុះបណ្តាល និងបំប៉នជំនាញ នៅតាមបណ្តាសាលា, កងឯកភាព, ការដាក់យោធិនឲ្យចូលនិវត្តន៏ នៅតែមានដំណើរការជាធម្មតា។ ខ.ភ.ម បានធ្វើម្ចាស់ការលើការពង្រឹង និងការពារ នៅតាមបណ្តោយព្រំដែន និងបណ្តាកោះមួយចំនួន ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។ យើងបានម្ចាស់ការ និងសហប្រតិបត្តិការបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តច្បាប់ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដើម្បីឲ្យភូមិ ឃុំ មានសុវត្តិភាព។ សំរាប់ទិសដៅអនុវត្តបន្តនៅក្នុងឆមាសទី២ ឆ្នាំ២០២០ ខាងមុខ របាយការណ៍បានដាក់ចេញ នូវទិសដៅ អោយគ្រប់បណ្តាអង្គភាព កងយោធពលខេមរភូមិន្ទ បន្តអនុវត្តផែនការការពារនូវការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដោយរក្សានូវគំលាត និងធ្វើអនាម័យជាប្រចាំ។ បន្តការធ្វើកែទំរង់កងយោធពលខេមរភូមិន្ទ បន្តពង្រឹងប្រៀបការពារជាតិនៅតាមព្រំដែន ត្រៀមគ្រប់លក្ខណៈចុះជួយសង្រ្គោះប្រជាពលរដ្ឋ នៅពេលមានគ្រោះធម្មជាតិកើតឡើង និងបន្តរួមសហការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋានអោយបានល្អប្រសើរ បន្តធ្វើកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ទាំងប្រទេសក្នុងតំបន់ និងនៅលើសាកលលោកឲ្យបានកាន់តែជិតស្និទឡើង។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងសមាជិកអង្គប្រជុំទាំងអស់ ក៏បានធ្វើការពិភាក្សាលើខ្លឹមសាររបាយការណ៍ បូកសរុបការងារ ឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២០ ដើម្បីដាក់ចេញអោយអនុវត្តសំរេចបានលទ្ធផលល្អ បន្ថែមទៀត ៕