កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងការពារជាតិ និងឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធបញ្ជាឧប្បទ្ទវហេតុ ដល់ក្រុមប្រតិបត្តិការរុករកនិងសង្គ្រោះ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅទីបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង៩១១។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១ និងជាសមាជិកក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ផៃ សុខុម៉ារ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាតំណាងឲ្យគណៈគ្រប់គ្រងវគ្គ បានគូសបញ្ជាក់ក្នុងសន្តរកថាស្វាគមន៍ និងរបាយការណ៍បិទវគ្គនេះថា៖ កងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ ក្រោយពីទទួលបានបទបញ្ជា និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក អង្គភាពបានរៀបចំទីកន្លែងស្នាក់នៅហូបចុក ទីលានហ្វឹកហ្វឺនសម្រាប់សិក្ខាកាម នៃវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពីប្រព័ន្ធបញ្ជាឧប្បតិ្តហេតុ ដល់ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលសិក្ខាកាមទាំងនោះមកពី ៦អង្គភាព ចំណុះអោយអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្មើនឹង ៩០នាក់ ដែលវគ្គនេះបានដំណើរការបើកកាលពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២០ កន្លងមកនេះ។ ក្រោយពេលហ្វឹកហាត់នៅជំនាញសង្គ្រោះគ្រោះមហន្តរាយនេះ អស់រយៈពេល ៥ថ្ងៃ សិក្ខាកាមទាំង៩០នាក់ ត្រូវបានគណៈគ្រប់គ្រងវគ្គវាយតម្លៃថា ៩៥% ទទួលបាននិទ្ទេសល្អប្រសើរ និង៥%ទទួលបាននិទ្ទេសបង្គួរ។
ថ្លែងទៅកាន់សិក្ខាកាមគ្រូបង្គោលកងអន្តរាគមន៍ ដែលជាកងប្រតិបត្តិការរុករកសង្គ្រោះ នាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា៖ សម្រាប់បងប្អូនកងទ័ព ការងាររុករក និងសង្គ្រោះជនរងគ្រោះ ក្នុងឧប្បត្តិវហេតុ ពិសេសឧប្បទ្ទវហេតុបាក់ស្រុតអាគារ ឬធ្លាក់យន្តហោះជាដើម គឺពិតជាពិបាក ជាងពេលដែលបងប្អូនប្រើចុងកាណុងប្រយុទ្ធជាមួយសត្រូវនៅក្នុងសមរភូមិទៅទៀត ដែលកិច្ចការនេះទាមទារអោយក្រុមសង្គ្រោះរបស់យើង មានការហ្វឹកហាត់ត្រឹមត្រូវ មានភាពអត់ធ្មត់ ម្ចាស់ការ និងមានសម្ភារៈគ្រប់គ្រាន់។ ឯកឧត្តម បានលើកឡើងផងដែរ អំពីការបង្តើតឱ្យមានកងប្រតិបត្តិការរុករកសង្គ្រោះនេះឡើង គឺដូចដែលយើងទាំងអស់គ្នាជ្រាបស្រាប់ហើយថា នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ នៅកម្ពុជាគ្រោះមហន្តរាយដែលមិនធ្លាប់កើតមានពីមុនមកនោះ គឺការរងគ្រោះថ្នាក់នៃការបាក់រលំអាគារ ដែលជាមុខសញ្ញាគ្រោះថ្នាក់បង្កឡើងដោយមនុស្សនៅក្រុងព្រះសីហនុ ការរលំបាក់សាលាធម្មសភា នៅក្រុងសៀមរាប និងការបាក់រលំអាគារ នៅខេត្តកែប សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ចប្រតិបត្តិការផ្ទាល់ នៅទីតាំងរងគ្រោះ ហើយក៏បានឃើញការខិតខំប្រឹងប្រែងរបស់បងប្អូនយើង ដែលបំពេញការងាររុករកសង្គ្រោះពេលនោះ បានប្រើប្រាស់គ្រប់មធ្យោបាយ ដោយយកអស់កម្លាំងកាយចិត្ត និងឧបករណ៍សម្ភារៈដែលមាន សម្តេចក៏បានផ្តល់អនុសាសន៍អោយរៀបចំកងប្រតិបត្តិការ និងបំពាក់ឧបកណ៍សម្ភារៈប្រកបដោយសមត្ថភាពពេញលេញ ត្រៀមលក្ខណៈសម្រាប់ឆ្លើយតបពេលមានឧបទ្ទវហេតុផ្សេងៗកើតឡើង។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា៖ គ្រោះមហន្តរាយនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា មាន ការប្រែប្រួលគួរអោយកត់សម្គាល់។ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០នេះ អ្វីដែលគួរអោយកត់សម្គាល់ បន្ទាប់ពីការបាក់រលំអាគារនៅខេត្តកែប គឺកម្ពុជាយើងប្រឈមនឹងបញ្ហាដ៏ខ្លាំងក្លាបំផុត នៃជំងឺឆ្លងដ៍កាចសាហាវ កូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់គ្រប់វិស័យ និងជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តីជាប្រមុខ បានដាក់ចេញវិធានការជាច្រើន ដើម្បីទប់ស្កាត់លើការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងទទួលបានការកោតសរសើរ ពីប្រទេសមួយចំនួន និងអង្គការសុខភាពពិភពលោកទៀតផង ហើយថាជាការពិតជាក់ស្តែងគ្រប់សមរភូមិគ្រោះមហន្តរាយ ដែលបង្កឡើងពីមុខសញ្ញាគ្រោះថ្នាក់ដោយធម្មជាតិ និងដោយមនុស្ស គឺជានិច្ចជាកាលសម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែមានវត្តមានគ្រប់ពេល បង្ហាញនូវការយកចិត្តទុកដាក់ គិតគូរដោះស្រាយបន្ទាន់ លើគ្រប់ទិដ្ឋភាព នៃការឆ្លើយតបសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានពាំនាំនូវប្រសាសន៍របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ៣ចំណុច ប្រាប់ដល់ថ្នាក់ដឹកនាំអង្គភាពទ័ពទាំងអស់ ពិសេសសិក្ខាកាម ដែលត្រូវបញ្ចប់វគ្គពេលវិលអង្គភាពខ្លួនវិញ ត្រូវផ្សព្វផ្សាយឲ្យនាយ ពលទាហាន ថ្នាក់ក្រោមរបស់ខ្លួន បានយល់អំពីប្រការទាំង ៣ចំណុចនេះ ដែលរួមមានទី១៖ អរគុណសន្តិភាព, ទី២៖ អរគុណនយោបាយឈ្នះ ឈ្នះ និងទី៣៖ ដឹងគុណស្ថាបនិក មគ្គទេសដ៍ឆ្នើម និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកសន្តិភាព យ៉ាងពេញលេញជូនដល់ប្រទេសជាតិ និងប្រជាជន។ ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំលឹក និងណែនាំដល់ថ្នាក់ដឹកនាំ បណ្តាលអង្គភាពចំណុះអគ្គបញ្ជាការទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលវេលា ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព និងត្រៀមគ្រប់លក្ខណៈសម្បតិ ក្នុងការចូលរួមដោះស្រាយ គ្រប់គ្រាលំបាក ជូនប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ ៕