ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អញ្ញើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ឆ្លង​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្ត្រ​ថវិកា​ សម្រាប់​ឆ្នាំ​២០២១-២០២៣​
នាយកដ្ឋានព័ត៌មាន(៣)
120
1705 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អញ្ញើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ឆ្លង​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្ត្រ​ថវិកា​ សម្រាប់​ឆ្នាំ​២០២១-២០២៣​

      ក្រសួង​ការ​ពារ​ជាតិ​ បាន​ប្រជុំ​ឆ្លង​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្ត្រ​ថវិកា ​សម្រាប់​ឆ្នាំ​២០២១-​២០២៣​ នា​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ២០២០​នេះ ​ស្ថិត​ក្រោម​អធិប​តីភាព ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ដើម្បី​ពិនិត្យ​មើល​ឲ្យ​សម​ស្រប​ទៅ​នឹង​ការ​បំពេញ​ការ​ងារ​ស្នូល​របស់ ​ខ.ភ.ម ​លើ​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ រួម​និង​ការ​ធានា​ជីវភាព​យោធិន​ ការ​ថែ​ទាំ​ទុក​ដាក់​សម្ភារៈ​គ្រឿង​បំពាក់​ និង​ការ​ងារ​ហ្វឹក​​ហ្វឺន​​​របស់​កង​ទ័ព​។​

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ 


      យោង​តាម​របាយ​ការណ៍​របស់​អគ្គ​នាយក​ដ្ឋាន​ភស្តុភារ​ ហិរញ្ញវត្ថុ ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ឲ្យ​ដឹ​ង​ថា​៖ អនុវត្ត​តាម​ខ្លឹម​សារ​សារាចរ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល ​ក្រុម​ការ​ងារ​ថវិកា​ក្រសួង​ការ​ពារ​ជាតិ​ រួម​សហការ​ជា​មួយ​បណ្តា​អង្គភាព​ជំនាញ​ និង​ទទួល​បាន​ការ​ណែនាំ​ពី​ ឯកឧត្តម​​ រដ្ឋ​​លេខា​ធិការ​ ម៉ឹង សំផន ប្រធាន​ក្រុម​ការ​ងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ​ក្រសួង​ការ​ពារ​ជាតិ​ បាន​មមា​ញឹក​ក្នុង​ការ​រៀប​ចំ​​គម្រោង​ផែន​ការ​យុទ្ធ​សាស្ត្រ​ថវិកា​នេះ​តាម​លំដាប់​លំ​ដោយ ​និង​ទម្រង់​បែប​បទ ​ដោយ​ផ្អែក​លើ​កត្តា​មួយ​ចំនួន ​រួម​មាន​៖​ អំពី​ចំនួន​ទ័ព​និង​គ្រឿង​បំពាក់​,​ ទិស​ដៅ​សកម្មភាព​យោធា,​ លទ្ធភាព​កញ្ចប់​ថវិកា​ជាតិ​ដែល​បាន​កំណត់ ​ជា​ពិសេស​អនុ​សាសន៍​ណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​ជា​បន្ត​បន្ទាប់​​រប​ស់​សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ ដើម្បី​គិត​គូរ​លំអិត​តាម​ខ្ទង់​ចំណាយ​លើ​សកម្មភាព​ការ​ងារ​នីមួយៗ ​ដែល​នឹង​ត្រូវ​ធ្វើ​ខាង​មុខ​។​

     ផែន​កា​​រ​យុទ្ធសាស្ត្រ​ថវិការ​ការ​ពារ​ជាតិ​ឆ្នាំ​២០២១​ គឺ​ជា​ឆ្នាំទី​៤​ ដែល​ត្រូវ​បាន​រៀប​ចំ​ទៅ​តាម​ទម្រង់​ថវិកា​កម្ម​វិធី​ ដោយ​បាន​ចង​ក្រង​ជា​កម្ម​វិ​ធី​ថវិកា​ រួម​មាន​ ៤​កម្ម​វិធី​ធំៗ​ ចែក​ចេញ​ជា ១៦​អនុ​កម្ម​វិធី​ ៥៣​ចង្កោម​ការ​ងារ​ ហើយ​លំអិត​ចេញ​ជា ​១៧៦​សកម្មភាព​ការ​ងារ​។​ ថវិកា​សរុប​គ្រោង​ឡើង​ឆ្នាំ​២០២១​ មាន​ចំនួន​ជា​ង ២​ទ្រី​លាន​ ៥៩៥​ពាន់​លាន​រៀល ​ប្រៀប​ធៀប​ជា​មួយ​ពិដាន​ឥណទាន​ ដែល​បាន​កំណត់​ក្នុង​សារាចរ​គឺ​ច្រើន​ជាង​ ៣,២៨​%​។​ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​គម្រោង​ស្នើ​ឡើង​កាល​ពី​ឆ្នាំ​២០២​០ ទាប​ជាង​ ៤,៨​០​%។​ គម្រោង​ថវិកា​នេះ​បាន​គិតគូរ​លំអិត​បម្រើ​ជូន​គោល​ដៅ​សកម្មភា​ព​ការ​ងារ​ ក្នុង​នោះ​នៅ​តែ​អាទិភាព​លើ​ការ​ធានា​ជីវភាព​ជូន​កង​ទ័ព​ដោយ​រក្សា​កម្រិត​ប្រាក់​បៀរ​វត្ស​យោ​ធិន​ដូច​ឆ្នាំ​ចាស់​ ដែល​មាន​អត្រា ​៨៣,៥៤%​ នៃ​គម្រោង​ថវិកា​សរុប​ និង​បាន​គ្រោង​ចំណាយ​សម្រាប់​លើ​កិច្ចការ​ចាំ​បាច់​មួយ​ចំនួន​ទៀត​។​

      គួរ​បញ្ជាក់​ដែរ​ថា​៖ ស្ថិត​ក្នុង​សភាព​ការណ៍​សកល ​នៃ​ការ​រី​ក​​រាល​​ដាល​ជម្ងឺ​កូវីដ​១៩​ ចាប់ពី​​ដើម​​ឆ្នាំ​​រហូត​​មក​ដល់​ពេល​នេះ ​នៅលើ​សកល​លោក​ កំពុង​កើត​មាន​ឥត​ឈប់​ឈរ​ ក្នុ​ង​នោះ​កម្ពុជា​ក៏​បាន​កើត​មាន​ផង​ដែរ​ ដែល​បាន​ធ្វើឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ម​ក​លើ​សេដ្ឋកិច្ច​សង្គម​ទាំង​មូល​។​ ក្នុង​សារាចរ​ណែ​នាំ​លេខ​០៣​ ចុះថ្ងៃ​ទី០៩​ ​ខែមិថុនា ​ឆ្នាំ​២០២០​ ស្តីការ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​ឆ្នាំ​២០២១-​២០២៣ ​របស់​រាជរដ្ឋា​ភិបាល ​បាន​ដាក់​ចេញ​នូវ​គោល​ការណ៍​យុទ្ធ​សាស្ត្រ​ថវិកា​ និង​វិធាន​ការ​អនុវត្ត​ចំណូល​ចំណាយ​លើ​គ្រប់​វិស័យ​ ក្នុង​នោះ​បាន​ព្យាករណ៍​សេដ្ឋ​កិច្ច​ឆ្នាំ​២០២០​ ​គឺមាន​កំណើន​អវិជ្ជមាន​ ១,៩% ​ដែល​ជា​អត្រា​មិន​ធ្លាប់​មាន​កន្លង​មក​ ហើយ​រំពឹង​ថា​លទ្ធភាព​កំណើន​សេដ្ឋ​កិច្ច​ឆ្នាំ​២០២១​ អាច​នឹង​ងើប​ឡើង​វិញ​ក្នុង​អត្រា ​៣,៥%​ប៉ុណ្ណោះ​។​ សារា​ចរ​ណែនាំ​ក៏​បាន​កំណត់​ផង​ដែរ​នូវ​ពិដាន​ឥណ​ទាន​ជា​ចំនួន​ទឹក​ប្រាក់​ប្រចាំ​ឆ្នាំ​ ជូន​បណ្តា​ក្រសួង​ ស្ថាប័ន​ ដើម្បី​គិត​គូរ​លើក​គម្រោង​ចំណាយ​ឲ្យ​ស្រប​តាម​ពិដាន​ឥណ​ទាន​ដែល​បាន​កំណ​ត់​នេះ ​៕​