ព័ត៌មាន

ឯកឧត្តម​ ភួង ​ស៊ី​ផាន​ សំណេះ​សំណាល​សិក្ខា​កាម​យោធា ​ត្រៀម​ចេញ​ទៅ​បំពេញ​កម្ម​សិក្សា​នៅ​វៀត​ណាម ​សម្រាប់​ឆ្នាំ​សិក្សា​២០២០​-​២០២១​
នាយកដ្ឋានព័ត៌មាន(៣)
127
1809 ឯកឧត្តម​ ភួង ​ស៊ី​ផាន​ សំណេះ​សំណាល​សិក្ខា​កាម​យោធា ​ត្រៀម​ចេញ​ទៅ​បំពេញ​កម្ម​សិក្សា​នៅ​វៀត​ណាម ​សម្រាប់​ឆ្នាំ​សិក្សា​២០២០​-​២០២១​

      នាយ​ឧត្តម​សេនីយ៍​ ភួង ​ស៊ី​ផាន​ រដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​ជ្រើស​រើស ​និង​ត្រួត​ពិនិត្យ​លក្ខណៈ​សម្បត្តិ​សិក្ខា​កាម​មក​បណ្តុះ​បណ្តាល​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស ​បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួ​យ​សិក្ខា​កាម​យោធា​កម្ពុជា ​ប្រមាណ​៣០០​នាក់​ ដែល​ត្រៀម​ចេញទៅ​បំពេញ​កម្មសិក្សា​នៅ​សាធា​រណ​រដ្ឋ​សង្គម​និយ​ម​វៀត​ណាម​ សម្រាប់​ឆ្នាំ​សិក្សា​២០២០-​២០២១​ នា​ព្រឹក​ថ្ងៃទី​៣១ ​ខែ​សីហា​នេះ ​នៅ​វិទ្យា​ស្ថាន​បច្ចេក​ទេស​យោធា​តេជោ ​ហ៊ុន​សែន​ ស្ថិត​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។​

ឧត្តម​សេនីយ៍​ឯក​ ខៀវ សា​ផាត ​នាយក​រង​ នាយក​ដ្ឋាន​បុគ្គលិក ​ក្រសួង​ការ​ពារ​ជាតិ


      ឧត្តម​សេនីយ៍​ឯក​ ខៀវ សា​ផាត ​នាយក​រង​ នាយក​ដ្ឋាន​បុគ្គលិក ​ក្រសួង​ការ​ពារ​ជាតិ​ បាន​រាយការណ៍​ថា​៖ ការងារ​បណ្តុះ​បណ្តាល​ សិក្ខា​កាម​យោធា​កម្ពុជា​ ដែល​បាន​ទៅ​សិក្សា​នៅ​តាម​បណ្តា​សាលា​យោធា​ នៃ​សាធារណ​រដ្ឋសង្គម​និយម​វៀតណា​ម ​ក្នុង​ឆ្នាំ​សិក្សា​២០១៩​​-២០២០​ បច្ចុប្បន្ន​មាន​ចំនួន ​២,៦៥៨​នាក់​ ក្នុង​នោះ​សិក្ខា​កាម​កំពុង​សិក្សាវគ្គ​បណ្តុះ​បណ្តាល​ រយៈ​ពេល​វែង​ ចំនួន​១,៥២២​នាក់​ សិក្ខាកាម​បញ្ចប់​វគ្គ​សិក្សា​មាន​ចំនួន​ ​១,១៣៦​នាក់​។​ ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ ​មាន​សិក្ខា​កាម ​ចំនួន​៣០​០​នាក់ ​ត្រៀម​ចេញទៅ​បំពេញក​ម្ម​សិក្សា​ នៅសាធារណរដ្ឋ​សង្គម​និយម​វៀតណា​ម​។ ​អ្នក​ទាំង​អ​ស់ នឹង​ត្រូវចេញទៅ​នា​ពេល​ខាង​មុខ ​ជា​វគ្គ​បណ្តុះ​បណ្តាល​ រយៈពេល​វែង​ ដែល​រួម​មាន​វគ្គ​សិក្សា​ចំនួន​ ៣២​វគ្គ ​និង​ចូល​ទៅ​សិក្សា​តាម​បណ្តា​សាលា​យោធា ​ចំនួន​១៨​សាលា។​ ដោយ​​​ឡែក​កាមសិក្ខាកាម​យោធា​វៀត​ណាម​ មក​បណ្ដុះ​បណ្ដាល​ភាសាខ្មែរ​នៅ​សាកល​​វិទ្យាល័យ​ការ​ពារ​ជាតិ ​បច្ចុប្បន្ន​មាន​សិក្ខា​កាម​យោធាវៀត​ណាម​ កំពុង​សិក្សា​ចំនួន​៥៤នាក់ ​និង​បញ្ចប់​វគ្គ​ចំនួន​១៥​នាក់​ ហើយត្រៀម​មក​សិក្សា​ ឆ្នាំ​២០២​០ ចំនួន​១៥​នាក់​ផង​ដែ​រ។​

នាយ​ឧត្តម​សេនីយ៍​ ភួង ​ស៊ី​ផាន​ រដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​ជ្រើស​រើស ​និង​ត្រួត​ពិនិត្យ​លក្ខណៈ​សម្បត្តិ​សិក្ខា​កាម​មក​បណ្តុះ​បណ្តាល​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស


     នាយ​ឧត្តម​សេនីយ៍ ​ភួង ​ស៊ីផាន ​បាន​ថ្លែងនៅក្នុ​ងឱកាស​នោះ​ថា៖ ក្រសួង​ការ​ពារ​ជាតិ​ បាន​យក​ចិត្តទុក​ដាក់​ និង​ប្ដេជ្ញាចិត្ត​យ៉ា​ង​មុតមាំ ​ក្នុង​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ដល់​យោធិន​គ្រប់រូប​ មាន​សមត្ថភាព​ ជំនាញ​បច្ចេក​ទេស​លើ​គ្រប់​វិស័យ​ ទាំង​ចំណេះ​ដឹ​ង​ចំណេះធ្វើ​ ឲ្យស្រប​តាម​បច្ចេក​វិទ្យា​វិវឌ្ឍន៍រី​​ក​ចម្រើន​ថ្មី​ៗ នាពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល ​ហ្វឹក​ហ្វឺន​ នាយ​ទាហាន ​នាយ​ទាហាន​រង​ សិក្ខា​កាម ​ទាំងនៅ​ក្នុង​ និង​ក្រៅ​ប្រទេស ​និង​រៀបចំ​លំហាត់​ហ្វឹក​ហ្វឺ​ន​រួមគ្នា​ជា​មួយ​ប្រទេសជា​មិ​ត្ត​ សំដៅ​ពង្រឹ​ង​វិន័យ​កង​ទ័ព​ កាយ​សម្បទា​ អប់រំ​ដល់​នាយ​ទាហាន​វ័យ​ក្មេង​អោយ​មាន​វិជ្ជាជីវៈ​ សីលធម៌ ​គុណ​ធម៌​ និង​មាន​ឆន្ទៈ​ស្នេហា​ជាតិ​ខ្ពស់​ សម្រាប់​បន្តវេននា​ពេល​អនាគត​។​ ក្រសួង​ការ​ពារជា​តិ ​នៅតែ​ចាត់​ទុក​ ការងារ​បណ្ដុះ​បណ្ដាល​ គឺ​ជាកា​រងារ​អាទិភាព​ដ៏​សំខាន់​មួយ ​សម្រាប់​លើក​កម្ពស់​សមត្ថភាព​ ធន​ធាន​មនុស្ស​បម្រើ​អោយ​វិស័យ​ការពារ​ជាតិ​ ការពារ​រដ្ឋធម្ម​នុញ្ញ ​ការពារ​របប​រាជានិយម ​ការពារ​ឯករាជ្យ ​អធិបតេយ្យ​ និង​បូរណភាព​ទឹក​ដី​ និង​ចូល​រួម​យ៉ាង​សកម្មជា​មួយ​ក្រសួង​ ស្ថាប័ន ​មាន​សមត្ថកិច្ច​ ក្នុង​ការ​ការពា​រ​សុខសន្តិភាព​ សន្តិសុខ សណ្ដាប់ធ្នាប់ និងលើក​មុខ​មាត់​កិត្យា​នុភាព​ជាតិ​ នៅ​លើ​ឆាក​អន្តរជាតិ ​តាម​រយៈ​ការ​បញ្ជូន​កម្លាំង​ទៅ​ចូ​ល​រួម​ក្នុង​បេសក​កម្ម​ រក្សា​សន្តិភាព​ពិភព​លោក​ ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ។​ ​ឯកឧត្តម​ រដ្ឋ​លេខធិកា​រ បាន​គូស​បញ្ជាក់​ថា​៖ យោធិ​ន​សិក្ខា​កាម​ ទាំង​៣០​០នាក់​ ដែល​ត្រូវ​ត្រៀម​ចេញ​ទៅ​បំពេញ​កម្មសិក្សា​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​ខាង​មុខ​នេះ​ គឺ​ជា​អ្ន​ក​បន្តវេន្ត​ជំនាន់​ទី២ ​របស់​ ខ.ភ.ម ក្នុងកិច្ច​ការពារ​ជាតិ​ និង​បំរើមាតុភូមិ​កម្ពុជា​ ដូចនេះ​ត្រូវ​តែស​ម្រួច​ឆន្ទៈខ្ពស់​ ខិត​ខំ​ក្រេប​ជញ្ជក់​សិក្សា​រៀនសូត្រ​ជំនាញ​ឯកទេស​នៅ​ក្នុង​សាលា ​ដោយ​គោរព​វិន័យ​សីលធម៌​ ខ.ភ.ម​ និង​គោរព​វិន័យ​បញ្ជាផ្ទៃ​ក្នុង​របស់​សាលា​នៅ​ក្នុង​ប្រទេស​វៀត​ណាម ​ដើម្បី​យក​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​មក​ការពា​រជាតិ​មាតុភូមិ ៕​ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ