ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ត្រួត​ពិនិត្យ​ការ​សាង​សង់​មជ្ឈមណ្ឌល​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជំរាយ​
នាយកដ្ឋានព័ត៌មាន(៣)
148
1971 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ត្រួត​ពិនិត្យ​ការ​សាង​សង់​មជ្ឈមណ្ឌល​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជំរាយ

      ក្នុង​គោល​បំណង​ជំរុញ​ដល់​ដំណើរ​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន​នា​នា​ មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺ​ន កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជំរាយ​ អោយ​កាន់​តែ​ទទួល​បាន​លទ្ធ​ផល​ល្អ​ នៅ​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧប​នា​យក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អម​ដំណើរ​ដោយ ​ឯកឧត្តម​ ថោង ​ខុន រ​ដ្ឋ​មន្ដ្រី​ក្រសួង​ទេស​ចរ​ណ៍ នាយ​ឧត្តមសេ​នីយ៍ ​នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ ខភម ​នាយ​ឧត្តម​សេនីយ៍​ ​ឥត ​សា​រ៉ាត់​ អគ្គ​មេ​បញ្ចាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចំរុះ ​នា​​យឧត្តម​សេនីយ៍​ សៅ ​សុខា អ​គ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ លើ​ផ្ទៃ​ប្រទេស ​ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​បញ្ជាការ ​កង​ទ័ព​ជើង​គោក​ និង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើ​ន​រូប​ទៀត​ បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ដំណើរ​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ​នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ ភ្នំ​ជំរា​យ ស្ថិត​នៅ​ក្នុង​ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្ត​កំពង់​ឆ្នាំង​ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ដំណើរ​ការ​សាង​ស​ង់ មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺ​ន​នេះ ​សំរាប់​ការ​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​​កីឡា​បាញ់​កាំភ្លើង​កង​ទ័ព​ជើង​គោក​អាស៊ាន ​ក៏​ដូច​ជា​កីឡា​ស៊ី​ហ្គេម​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០២៣ ​នៅ​ពេល​ខាង​មុខ​ផង​ដែរ​។

      ឧត្តម​សេនីយ៍​ឯក​ ភួង ​ស៊ី​ភិន ​មេ​​បញ្ជាការ​រង​ កង​រាជ​អាវុធ​ហត្ថ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​បច្ចេក​ទេស ​គម្រោង​វិស្វកម្ម​កង​រាជ​អាវុធ​ហត្ថ​ បាន​បង្ហាញ​ជូន​គណៈ​ប្រតិភូ​នា​ឱកាស​នោះ​ថា៖​ មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជំរា​យ​ មាន​ផ្ទៃដី​រួម​សរុប​ចំនួន ​៥០,៥២១,៥២០ ​ម៉ែត្រ​ក្រឡា​។​ ឯកឧត្តម ​បាន​បន្ត​ថា៖ ​ចំពោះ​ហេដ្ឋា​រចនា​សម្ព័ន​ ដែល​បាន​កំពុង​ដំណើរ​ការ​កសាង​នា​ពេល​នេះ​ រួម​មាន​៖​ ការ​សាង​សង់​ទីលាន​បាញ់​គ្រាប់​ពិត​, ឃ្លាំង​គ្រាប់​,​ ឃ្លាំង​អាវុធ​,​ ស្ថានីយ​ផលិត​ទឹក​ស្អាត​ទី​២​, ​ឃ្លាំង​ភស្ដុភា​​បច្ចេក​ទេស,​ ទីតាំង​កសាង​មណ្ឌល​ពិព័រណ៌​ពហុ​បច្ចេក​ទេស​, អគារទី​ចាត់​ការ​,​ អាង​ស្ដុក​ទឹក​,​ វេទិកា​, ការ​សិក្សា​របស់​សិក្ខា​កាម ​និង​អគារ​ស្នាក់​នៅ​។​

      ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជំរាយ​​ ចាប់​ផ្ដើម​សាង​ស​ង់​នៅ​ឆ្នាំ​២០១៣ ​ នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង​ ៥,០០០​ហិក​តា​ ដោយ​បាន​ដំណើរ​ការ​សាង​សង់​រហូត​មក​ដល់​ពេល​នេះ​ សម្រេច​បាន​តាម​ផែន​ការ​ដែល​គ្រោ​ង​ទុក ​ដែល​នឹ​ងត្រូវ​បញ្ច​ប់​ការ​សាង​សង់​ទាំង​ស្រុង​ នៅ​ឆ្នាំ​២០២២​ខាង​មុខ​។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖​ មជ្ឈមណ្ឌល​នេះ ​មិន​ត្រឹម​តែ​ក្លាយ​ជា​កន្លែង​ហ្វឹក​ហ្វឺ​ន​មួយ​ដ៏​ធំ​សម្រាប់ ​កង​រាជ​អាវុធ​ហត្ថ ​និង ​ខ.ភ.ម ​ប៉ុណ្ណោះ​នោះ​ទេ ​ក៏ជា​កន្លែង​សម្រាប់​ធ្វើ​ការ​ប្រឡង ​បាញ់​គ្រាប់​ដៃ​អាស៊ាន ​ក្នុង​ឱកាស​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​កីឡា​ស៊ី​ហ្គេម​ផង​ដែរ​។​ រហូត​មក​ដល់​ពេល​នេះ​ ក្រុម​ការងារ​បច្ចេក​ទេស​ បាន​ខិត​ខំ​សម្រប​សម្រួល​គ្រប់​កិច្ចការ​ ដើម្បី​ពន្លឿន​ការ​ចុះ​ហត្ថ​លេខា​ទ្វេរ​ភាគី​ (កម្ពុជា-​ចិ​ន)​ បាន​ដំណើរ​ការ​សាង​សង់​ទីលាន​បាញ់​គ្រា​ប់​ពិត​ ក​ង​អន្ដ​រាគមន៍​អាវុធ​ហត្ថ​ និង​ការ​រៀប​ចំ​បំពាក់​ឧបករណ៍​ សម្ភារ​បច្ចេក​ទេស​ និង​មធ្យោ​បាយ ​តាម​ពេល​វេលា​ និង​ផែន​ការ​ដែល​បាន​គ្រោង​ទុក​។​

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧប​នា​យក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ


      ក្នុង​ឱកាស​នោះ​ បន្ទាប់​ពី​បាន​តាម​ដាន​ស្តាប់​នូវ​របាយ​ការ​សង្ខេប ​ស្តី​ពី​លទ្ធ​ផល​​ការ​សាង​សង់​ហេដ្ឋា​រចនា ​សម្ព័ន​ នៅ​ក្នុង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជំរា​យ​រួច​មក​ សម្តេចពិជ័យសេនា ទៀ បាញ់ ព្រម​ទាំង​ប្រតិភូអ​ម​ដំណើរ​ទាំង​អស់​ បាន​ចុះទៅ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​មណ្ឌល​ទីលាន​បាញ់​គ្រាប់​ពិត​ ដែល​មាន​៖​  ទីលាន​បាញ់​កាំភ្លើង​ខ្លី​នារី​ -​ទី​លាន​បាញ់​កាំភ្លើង​ខ្លី​បុរស​ -​ទី​លាន​បាញ់កាំភ្លើង​យន្ត​ -​ទីលាន​បាញ់​កាំភ្លើង​វែង​ -​ទីលាន​បាញ់​កាំភ្លើង​ការ៉ា​ប៊ីន​។​ ក្រៅ​ពី​នេះ​មានសាង​សង់​ អគារ​វេទិកា​យោធា ​-​អគារ​កីឡាករ​រង់ចាំ​​បាញ់ ​-​ឃ្លាំង​ដាក់​អាវុធ​ និ​ងគ្រាប់​ត្រៀម​បាញ់​ -​ចំណត​រថយន្ត​ -​​អគារ​​ហ្វឹក​​ហា​ត់​​ជំនាញ​​ប្រឆាំង​ភេវរកម្ម​ ​-​ឃ្លាំង​ដាក់​គ្រាប់​ -​ឃ្លាំង​ដាក់​កាំ​ភ្លើង​ -​បន្ទប់​ដុត​អុស​ -​អគារ​ស្នាក់​នៅ​ និង​ផ្ទះ​បាយ​សម្រាប់​កង​ការ​ពារ​ ​និង​អគារ​ហ្វឹក​ហាត់​តាម​បច្ចេក​ទេស​ប្រព័ន្ធ​​ស៊ី​មូ​ឡេ​ហ្សិន​ (Simulation)​។ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ព្រម​ទាំង​ប្រតិភូ​អម​ដំណើរ​ទាំង​អស់​ បាន​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​សាង​សង់​ស្ថានីយ​ផលិត​ទឹក​ស្អាត​ទី​២​ -​អគារ​ទីចា​ត់កា​រ​ -​ស្ថានីយ៍​ចម្រោះ​ទឹក​ស្អាត​ -​អគារ​ស្នាក់​នៅ ​-​វេទិកាសំ​រាប់​ការ​ប្រារព្ធ​ពិធី ​និង​អាង​ស្តុក​ទឹក​ និង​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​សិក្ខា​កាម​ នៅ​ក្នុង​មជ្ឈមណ្ឌល​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជំរាយ​ផង​ដែរ​​។

     ក្នុ​ង​ឱកាស​ចុះ​ពិនិត្យ​កា​រដ្ឋាន​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន​នានា​ មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺ​ន កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជំរាយ​ នា​ពេល​នោះ ​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍន​ភាព​ នៃ​​ដំណើរ​ការ​សាង​សង់​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ ដែល​នេះមា​ន​លក្ខណៈ​ល្អ​ប្រពៃ​ គឺ​ចំ​ទិស​ដៅ​ដែល​យើង​ចង់​បាន​ ដែល​ត្រូវ​ប្រើ​ប្រាស់​ជា​ពហុ​វិស័យ​ និង​ឈាន​ដល់​កំរិត​អន្តរជាតិ​ថែម​ទៀត​។​ សម្តេច​ពិជ័យ​សេនា​ ក៏​បាន​ឯកភាព​ចំពោះ​ការ​ស្នើ​សុំ​ប្តូរ​ឈ្មោះ​ ពី​​មជ្ឈមណ្ឌល​ហ្វឹ​ក​ហ្វឺន​ កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជំរា​យ ទៅ​ជា​ភ្នំ​ជុំរីករាយ​វិញ​។ ទាក់​ទង​ទៅ​នឹង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​បាញ់​កាំ​ភ្លើង​កង​ទ័ព​ជើង​គោក​អាស៊ាន ​ឆ្នាំ​២០២២ ​សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជា​ក់ថា៖​ ប្រសិន​បើ​ការ​សាង​សង់​​ហេដ្ឋា​រចនា​សម្ព័ន​នានា​ ក្នុង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជំរាយ​បាន​រួច​រាល់​ និង​ មាន​លក្ខណៈ​សម្បត្តិ​គ្រ​ប់​គ្រាន់​ កម្ពុជា​នឹង​ប្រកាស​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ការ​ប្រកួត​កីឡា​បាញ់​កាំភ្លើង​កង​ទ័ព​ជើង​គោក​អាស៊ាន​នេះ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ