នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ព្រឹកថ្ងៃពុធទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តន៍ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម អគ្គមេបញ្ជាការរង នាយក នាយករង មេបញ្ជាការ មេបញ្ជាការរង ស្ថាប័ននិងអង្គភាពក្នុងអគ្គបញ្ជាការបានចូលរួម។
ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ នឹម បាឡែន នាយកទីចាត់ការកលយុទ្ធ បានបញ្ជាក់ឲ្យដឹងថា៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ អគ្គបញ្ជាការដ្ឋាន នៃ ខ.ភ.ម បានដឹកនាំបំពេញភារកិច្ច ការពារបានយ៉ាងរឹងមាំនូវបូរណភាពទឹកដី ទាំងដែនគោក ដែនទឹក ដែនអាកាស ពង្រឹងប្រៀបការពារជាតិ អនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងតំបន់ព្រំដែនក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ បានរួមចំណែក ទប់ស្កាត់ការរីករាលដាលជម្ងឺរកូវិដ-១៩ ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំពីក្រសួងសុខាភិបាល និងចាត់វិធានការទប់ស្កាត់ការពារ ការឆ្លងដល់យោធិនក្នុងខ.ភ.ម ព្រមទាំងរៀបចំកម្លាំង សំរាប់អត្តរាគមន៍ក្នុង ករណីមានការចាំបាច់។ អនុវត្តន៍តាមផែនការ និងបទបញ្ជារបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងការគ្រប់គ្រងចំនួនទ័ព គ្រឿងសម្ភារៈ បំពាក់ឲ្យបានគត់មុតត្រឹមត្រូវ ទាំងបរិមាណ និងគុណភាព។ បានចាត់តាំងហ្វឹកហ្វឺននូវមុខជំនាញឲ្យដល់យោធិនទៅតាមផែនការ តាមបណ្ដាថ្នាក់ បណ្ដាជំនាញ ទៅតាមបណ្ដាសាលា និងអង្គភាព រឺកងឯកភាពក្នុងរូបភាពបណ្ដុះបណ្ដាល បំប៉ន ហ្វឹកហ្វឺននូវនឹងកន្លែង ធ្វើការអប់រំសតិអារម្មណ៍ដល់យោធិន ឲ្យមានឧត្ដមគតិស្នេហាជាតិ គោរពបទបញ្ជា គោរពវិន័យ មានសាមគ្គីភាព ជានិច្ចកាលស្មោះត្រង់ចំពោះជាតិមាតុភូមិ។
បន្ទាប់ពីឯកឧត្ដម អគ្គមេបញ្ជាការរង នាយក នាយករង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បានរាយការណ៍និងបានពិភាក្សាយ៉ាងល្អិតល្អន់នៅខ្លឹមសាររបាយការណ៍រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងក្នុងកិច្ចប្រជុំ បានដាក់ចេញនូវទិសដៅត្រូវបន្តអនុវត្តន៍ ក្នុងខែធ្នូ ឆ្នាំ២០២០ ឲ្យដល់គ្រប់បណ្ដាកងឯកភាពនៃខ.ភ.ម ត្រូវបន្តអនុវត្តន៍ នូវតួនាទី ភារកិច្ចស្នូលរបស់ខ្លួន ក្នុងការការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលឱ្យបានរឹងមាំ។ បន្តពង្រឹងប្រៀបការពារជាតិ ចូលរួមស្តារ និងកសាង ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសាធារណៈ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យការពារជាតិ និងចាត់តាំងហ្វឹកហ្វឺនរៀនសូត្រធ្វើលំហាត់សមយុទ្ធ លំហាត់សង្គ្រោះ គ្រោះមហន្តរាយផ្សេងៗ ជាពិសេសកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពប្រទេសជិតខាង ដើម្បីកសាងតំបន់ព្រំដែនឱ្យក្លាយជាតំបន់មានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ៕