កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខ.ភ.ម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ ព្រមទាំងឯកឧត្តម ជារដ្ឋលេខាធិការក្រសួងការពារជាតិ អគ្គនាយក អគ្គនាយករង និងនាយទាហាននៅក្នុងស្ថាបន័ ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជើងទឹក កងរាជអាវុធហត្ថ បានអញ្ជើញចុះសាកសួរសុខទុក្ខយោធិន និងត្រួតពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធានៅ ៥ មករា ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ប្រាសាទព្រះវិហារ ក្នុងទិសយោធភូមិភាគទី ៤។ ពេលអញ្ជើញដល់តំំបន់ប្រវត្តិសាស្ត្រយោធាតេជោ ៥ មករា គណៈប្រតិភូត្រូវបានទទួលការស្វាគមន៍ពី ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ ព្រមទាំងនាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ ៨ ចំណុះអោយកងពលធំអន្តរាគមន៍លេខ ៣ ជាច្រើនរូបទៀត ។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យតឹកតាងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកនៅតំំបន់ប្រវត្តិសាស្ត្រយោធាតេជោ ៥ មករា។ សូមបញ្ជាក់ថា៖ តំំបន់ប្រវត្តិសាស្ត្រយោធាតេជោ ៥ មករា ជាភូមិសាស្រ្តកំពូលភ្នំរាប នៃជ្រលងភូមិសាស្រ្ត វាលឥន្ទ្រីយ៍មាន រយៈកំពស់ ៣២០ម៉ែត្រ នៅចន្លោះ ភ្នំប្រាសាទព្រះវិហារ និងភ្នំទ្រព្យដោយប៉ែកខាងកើត ជាប់ប្រាសាទព្រះវិហារ ដែលមានរយៈកំពស់ ៦២៥ម៉ែត្រ ខាងលិចជាភ្នំទ្រព្យមានរយៈកម្ពស់ ៥៨៤ ម៉ែត្រ និងប៉ែកខាងជើងភូមិសាស្ត្រមានវាលឥន្ទ្រីយ៍ ដែលជាភូមិសាស្រ្ត ប្រសព្វគ្នារវាងជើងភ្នំប្រាសាទព្រះវិហារ និងជើងភ្នំទ្រព្យ ជាប់ នឹងប្រទេសថៃ។ ទីតាំងប្រវត្តិសាស្ត្រនេះមាន៖ អគារទីបញ្ជាសន្តិភាព ដែលអគារនេះបានដើរតួនាទី ក្នុងការដឹកនាំបញ្ជា ដល់កិច្ចការការពារ អធិបតេយ្យ បូរណភាពទឹកដី និងការពារសម្បត្តិវប្បធម៌ជាតិ នៅជុំវិញតំបន់ប្រាសាទព្រះវិហារ។ ទីបញ្ជាការសន្តិភាព នៅ ៥ មករា បានរៀបចំអោយក្លាយទៅជាទីតាំងប្រវត្តិសាស្ត្រយោធា ពីព្រោះទីនេះក៏បានបន្សល់ទុកនៅតឹកតាងប្រវត្តិសាស្ត្រជាច្រើនចាប់ពីឆ្នាំ ២០០៧-២០០៨ មក ក្នុងពេលដែលប្រទេសកម្ពុជាមានជម្លោះជាមួយប្រទេសជិតខាង ក្នុងតំបន់ប្រាសាទព្រះវិហារ។ ហើយទីបញ្ជាការ សន្តិភាព នៅ ៥ មករា នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ធ្លាប់បានទៅសាកសួរសុខទុក្ខកងទ័ពដែលឈរជើងការពារបូរណភាពទឹកដី នៅទិសប្រាសាទព្រះវិហារផងដែរ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងការដឹងគុណ និង កោតសរសើរដល់កំលាំង ខ.ភ.ម ដែលបានប្រយុទ្ធតស៊ូក្រាញននៀល ក្នុងការបំពេញភារកិច្ចការពារ អធិបតេយ្យ បូរណៈភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិ ក្នុងទិសប្រាសាទព្រះវិហារ នាពេលកន្លងមក។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាមិនមែនធ្វើនៅតែ ៥ មករានេះទេ គឺត្រូវរៀបចំឡើងវិញនៅទូទាំងប្រទេស។ សម្តេចពិជ័យសេនា ក៏បានលើកឡើងពីការរៀបចំធ្វើអនុក្រិត ដើម្បីគ្រប់គ្រងតំបន់ប្រវត្តិសាស្ត្រយោធា ក្នុងគោលបំណង រក្សាទុកនូវតឹកតាងទាំងឡាយ ដែលបានបន្សល់ទុក ដើម្បីទុកអោយកូនចៅជំនាន់ក្រោយបានឃើញថា យើងបានធ្វើការងារដ៏លំបាក ដើម្បីអោយពួកគេមានស្មាតីចូលរួមថែរក្សាការពារអោយបានគង់វង្ស។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានស្នើដល់អាជ្ញាធរដែនដីខេត្តព្រះវិហារ អោយយកចិត្តទុកដាក់ ចូលរួមសហការ ក្នុងការររៀបចំតំបន់ប្រវត្តិសាស្រ្តយោធាមួយចំនួនទៀត ដែលបានកំពុងដំណើរការរៀបចំកសាងអោយបានគង់វង្ស។ ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា ក៏បានជំរុញអោយរួមគ្នាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ ១៩ ពីព្រោះពេលនេះ ជំងឺកូវីដ ១៩ បានឆ្លងចូលក្នុងសហគមន៍ ដូច្នេះត្រូវរួមគ្នាគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានា របស់ក្រសួងសុខាភិបាលបានដាក់ចុះ។
បន្ទាប់ពីបានត្រួតពិនិត្យ តំំបន់ប្រវត្តិសាស្ត្រយោធាតេជោ ៥ មករា ប្រាសាទព្រះវិហាររួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរបានអញ្ជើញទៅកាត់ខ្សែបូរបើកអោយប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការ តំបន់ប្រវត្តិសាស្ត្រយោធាតេជោ បុស្សស្បូវ ជាំតែ បន្តទៀត ព្រមទាំងបានអញ្ជើញពិនិត្យនូវតឹកតាងប្រវត្តិសាស្ត្រនានា ដែលបានបន្សល់ទុកនៅតំំបន់ប្រវត្តិសាស្ត្រនេះ។ តំបន់ប្រវត្តិសាស្ត្រយោធាតេជោ បុស្សស្បូវ ជាំតែ ស្ថិតនៅលើភ្នំដងរែក ភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំដែន កម្ពុជា-ថៃ។ តឹកតាងប្រវត្តិសាស្រ្ត ដែលបានបន្សល់ទុកនៅតំបន់ប្រវត្តិយោធាតេជោ បុស្សស្បូវ-ជាំតែ រួមមាន៖ ផ្ទះតាម៉ុក, លេណដ្ឋានបញ្ជា, ផ្ទះពេទ្យ, ឃ្លាំងចាស់, អាងទឹក, អណ្តូងទឹក។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរាយការណ៍ជូនសម្តេចពិជ័យសេនា និងប្រតិភូអំពីស្ថានភាពភូមិសាស្ត្រក្នុងតំបន់នេះ ដោយបានបញ្ជាក់ថា៖ តំបន់បុស្សស្បូវ ជាំតែ ពីអតីតកាលជាសមរភូមិប្រទាញប្រទង់ដ៏តានតឺងបំផុត រវាងកំលាំងកងទ័ពប្រជាជនបដិវត្តិកម្ពុជា និងកំលាំងកងទ័ពកម្ពុជាប្រជាធិបតេយ្យ នាដើមទស្សវត្សឆ្នាំ១៩៨០ និងជាបន្តបន្ទាប់ រហូតមកដល់ដំណាក់កាលអនុវត្តិនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ទើបតំបន់នេះ ទទួលបានសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ក្នុងឱកាសជួបសំណេះសំណាលជាកងទ័ពឈរជើងនៅទិសជួរមុខនាពេលនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រើនរំលឹកដល់ នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះវិហារទាំងអស់ត្រូវបន្តថែរក្សា តឹកតាងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកនៅតំបន់ប្រវត្តិយោធាតេជោ បុស្សស្បូវ ជាំតែ អោយបានគង់វង្ស។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ ត្រូវរក្សាទីតាំងប្រវត្តិសាស្ត្រ យោធាតេជោ បុស្សស្បូវ ជាំតែ ជាមជ្ឈមណ្ឌលកណ្តាល ដោយមិនត្រូវធ្វើអោយបាត់ស្លាកស្នាម ប្រវិត្តិសាស្ត្រនៅទីនេះ ពីព្រោះតំបន់ប្រវត្តិយោធាតេជោ បុស្សស្បូវ ជាំតែ នេះបានរួមចំណែកដល់កិច្ចការការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាថែមទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ស្ថាបន័ ដែលមានការពាក់ពន្ធ័ដូចជា ផ្នែកឧទ្យានជាតិ គំរបព្រៃឈើ វប្បធម៌ ត្រូវចូលរួមសហការគ្នា ធ្វើយ៉ាងណាកុំអោយមានការបាត់បង់នូវស្លាកស្នាមប្រវត្តិសាស្រ្តាដ៏មានសារៈសំខាន់នេះ។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានចូលរួមដាំកូនឈើ នៅក្នុងបរិវេណតំបន់ប្រវត្តិសាស្ត្រយោធាតេជោ បុស្សស្បូវ ជាំតែ ផងដែរ ៕