ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ចុះ​ត្រួត​ពិនិត្យ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេ​ជោ ​មុំ​បី ​និង​ភ្នំ​១៩០ ​កំពង់​ស្រឡៅ​
នាយកដ្ឋានព័ត៌មាន(៣)
274
2008 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ចុះ​ត្រួត​ពិនិត្យ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេ​ជោ ​មុំ​បី ​និង​ភ្នំ​១៩០ ​កំពង់​ស្រឡៅ​

       បន្ទាប់​ពី​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​យោធិន ​និង​ត្រួត​ពិនិត្យ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​នៅ ​៥​ មករា ​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ក្នុង​ទិស​យោធ​ភូមិ​ភាគ​ទី ​៤ ​និង​បាន​អញ្ជើញ​ទៅ​កាត់​ខ្សែ​បូរ​បើក​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ទី​ស្នាក់​ការ​ តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ ​បុស្ស​ស្បូវ ​ជាំ​តែ​ រួច​មក​ នៅ​ព្រឹក​ថ្ងៃ​ទី ០១​ ​​ខែធ្នូ ​ឆ្នាំ​២០២០ សម្តេច​ពិជ័យ​សេនា ទៀ​ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អម​ដំណើរ​ដោយ​ នាយ​ឧត្តម​សេនីយ៍​ វង្ស​ ពិ​សេន​ អគ្គ​មេ​បញ្ជាការ​ ខភម ​នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជា​ការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចំរុះ ​ព្រម​ទាំង​ឯកឧត្តម​ ជា​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​នាយក ​អគ្គ​នាយក​រង​ និង​នា​យទាហាន​នៅ​ក្នុង​ស្ថាប័ន​ ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ កង​ទ័ព​ជើង​គោក​ ជើង​ទឹក​ កងរាជ​អាវុធ​ហត្ថ ​បាន​បន្ត​ចុះសាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ និង​ចុះ​ត្រួត​ពិនិត្យ​តំបន់​ប្រវត្តិ​​សាស្ត្​រយោធា​តេជោ ​មុំ​បី ​ដែល​មាន​ទីតាំង​ភូមិ​សាស្ត្រ​ស្ថិត​នៅ​ជាប់​តំបន់​ព្រំ​ដែន ​បី​ប្រទេស​៖ កម្ពុជា ​ឡាវ ថៃ​ ក្នុង​ភូមិ​តេជោ​មរកត​ ឃុំ​សែន​តេជៈ ​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ​។ ពេល​អញ្ជើញដ​ល់​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ ​មុំបី ​គណៈ​ប្រតិភូ​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​ ឧត្ត​ម​សេនីយ៍​ឯក​ ស្រី​ ឌឹ​ក មេ​បញ្ជាការ ​កង​ពល​ធំ​អន្តរាគមន៍​លេខ​ ៣​ ឧត្តម​សេនីយ៍​ឯក​ ពៅ​ ហេង​ មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៤​ ព្រម​ទាំង​នាយ​ទាហាន ​នាយ​ទាហាន​រង ​និង​ពល​ទាហាន​ក្នុង​កង​ពល​តូច​អន្តរាគមន៍​លេខ​​៩​ ចំណុះ​អោយ​កង​ពល​ធំ​អន្តរាគមន៍​លេខ​ ៣ ​ជា​ច្រើន​រូប​ទៀត​។​

       ក្នុង​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ព្រម​ទាំង​ប្រតិភូអ​ម​ដំណើរ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ ស្លាក​ស្នាម​ និង​តឹក​តាង​ប្រវត្តិ​សាស្ត្រ​ ដែល​បាន​បន្សល់​ទុក​នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​មុំ​បី​​។​ សូម​បញ្ជាក់​ថា៖ ​តំបន់​មុំបី​​គឺ​​​ពី​អតីត​កាល​​ ​គឺជា​មូល​ដ្ឋាន​ដំបូង ​នៃ​រណសិរ្ស​ ​១០០១​ ​របស់​អតីត​កង​ទ័ព​កម្ពុជា​ប្រជាធិប​តេយ្យ​។​ ក្រោ​យ​មក​មូល​ដ្ឋាន​នេះ​ត្រូវ​បាន​បែក​ខ្ញែក​ ដោយ​សារ​យុទ្ធនា​ការ​រដូវ​ប្រាំង ​ឆ្នាំ​១៩៨៥​ របស់​កង​ទ័​ពប្រជាជន​បដិវត្ត​កម្ពុជា ​សហការ​ជា​មួយ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​។​ ​អនុវត្តិ​តាម ​អនុសាសន៍​របស់​សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ និង​ការ​ណែ​នាំ​ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​ពី​សម្តេច​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពា​រជាតិ​ និង​ក្រុម​ការងារ​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ​យោធា​ ដែល​បាន​ចុះម​ក​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​មុំបី ​កង​ពល​ធំ​អន្តរាគមន៍​លេខ ​៣​ បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រ​ង ថែ​រក្សា​នូវ​តឹក​តាង​ប្រវត្តិ​សាស្ត្រ​ ដែល​ជា​សមិទ្ធផល​ នយោ​បាយ​ឈ្នះ ឈ្នះ​ ក្នុង​តំបន់​មុំបី​ឡើងវិ​ញ​។ ​ជាក់​ស្តែង​កង​វិស្វកម្ម​កង​ពល​ធំ​អន្តរាគមន៍​លេខ​ ៣​ បាន​ធ្វើ​ការ​ស្ថាបនា​ផ្លូវ ​ធ្វើ​ទំនប់​បង្ហៀ​ទឹក​ ដើម្បី​រក្សា​ទឹក​ទុក​ប្រើ​ប្រាស់​ទាំង​ក្នុង​រដូវ​ប្រាំង ​និង​រដូវ​វស្សា​ និង​កសាង​ទី​ស្នាក់​ការ​សំរាប់​ធ្វើ​ការ​ងារ​គ្រប់​គ្រង​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​ មុំ​បី​។

​      ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ ​មុំបី​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​មាន​ប្រសាសន៍ ​សំ​ដែង​ការ​កោត​សរសើ​រដល់ ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ក្នុង​កង​ពល​ធំ​អន្តរាគមន៍​លេខ ​៣​ ដែល​បាន​ខិត​ខំ​ពុះពារ​ការ​លំបាក​ធ្វើ​ការ​អភិវឌ្ឍ ​និង​រៀបចំ​កសាង​ទីតាំង​តំប​ន់​ប្រវត្តិ​សាស្ត្រ​យោធា​តេ​ជោ មុំបី ​ឡើង​វិញ ​ដែល​តំបន់​ប្រវត្តិសាស្ត្រ​យោធា​នេះ​មាន​សារៈ​សំខាន់​សំរាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្ន​កជំនាន់​ក្រោ​យ និង​ការ​រួម​ចំ​ណែក​ដល់​កិច្ច​ការពារ ​អធិប​តេយ្យ ​បូរណៈ​ភាព​ទឹក​ដី ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ថែម​ទៀត​។ សម្តេច​ពិជ័​យសេនា ​ក៏បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​ដែន​ដី​ខេត្ត​ព្រះ​វិហារ​ និង​ស្ថាបន័​ដែល​មាន​ការ​ពាក់​ពន្ធ័​នានា ត្រូវ​ចូល​រួម​សហការ​គ្នា​ ក្នុង​កា​ររៀបចំ​កសាង​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​ ដើម្បី​រួម​គ្នា​ថែរក្សា​នូវ​សមិទ្ធផ​លនយោបាយ​ឈ្នះ ឈ្នះ ​ដែល​ទទួល​បាន​មក​ពី​សន្តិភាព​។​ សូម​បញ្ជាក់​ថា៖​ បន្ទាប់​ពី​ធ្វើ​ការ​អភិវឌ្ឍ​រៀប​ចំ​កសាង​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ ​មុំបី ​ដោយ​កង​វិស្វកម្ម​កង​ព​លធំ​អន្តរាគមន៍​លេខ​ ៣​ ដែល​បាន​ធ្វើការ​ស្ថាបនា​ផ្លូវ ​និង​ធ្វើ​ទំនប់​បង្ហៀ​ទឹក​ បា​នធ្វើ​អោយ​តំបន់​នេះ​ បាន​ទាក់​ទាញ ​បងប្អូន​ ប្រជាពល​រដ្ឋ​ អោយ​ចូល​មក​ទស្សនា​ សំរាក​លេង​​កំសាន្ត​នៅ​ទីនោះ​ជា​បន្ត​បន្ទាប់​ផង​ដែរ​។

       បន្ទា​ប់​ពី​បាន​អញ្ជើញ​ចុះសាក​សួរសុ​ខ​ទុក្ខ​កង​ទ័ព​ និង​ត្រួត​ពិនិត្យ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោមុំ​បី ​ស្ថិត​នៅ​ក្នុ​ង​ស្រុក​ជាំ​ក្សាន្ត​រួច​ម​ក សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ព្រម​ទាំង​ប្រតិភូអ​ម​ដំណើរ ​បាន​អញ្ជើញ​ចុះសាក​សួរ​សុខ​ទុក្ខ​យោធិន​ និង​ត្រួត​ពិនិត្យ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ ​ភ្នំ​១៩​០ ​កំពង់​ស្រឡៅ ​ក្នុ​ងស្រុក​ឆែប​ ខេត្ត​ព្រះ​វិហារ​បន្ត​ទៀត​។​ ពេល​អញ្ជើញ​មក​ដល់​កំពង់​ស្រឡៅ ស​ម្តេ​ច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ក៏បា​ន​អញ្ជើញ​កាត់​ខ្សែ​បូរ​សម្ពោធ​ទី​ស្នាក់​ការ​តំប​ន់ប្រវត្តិ​សាស្ត្រ​យោធា​តេជោ ​ភ្នំ​១៩០​ កំព​ង់ស្រឡៅ ដែ​ល​បាន​សាង​សង់​ដោយ ​ក្រុម​ការងារ​ប្រវត្តិសាស្ត្រ​យោធា​ តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​វិហារ​។​

       ក្នុង​ឱកាស​នោះ​ ឧត្តម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ត្ត្រា​ ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រ​ងព្រះ​វិហា​រ បាន​រាយ​ការណ៍​ជូន​ សម្តេច​ពិជ័យ​សេនា​ និង​ប្រតិភូ ​អំពី​ស្ថាន​ភាព​ភូមិ​សាស្ត្រ ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​ភ្នំ ​១៩០ ​ដែល​តំបន់​ប្រវត្តិ​សាស្ត្រ​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំពង់​ស្រឡៅ​ ឃុំកំពង់​ស្រឡៅ ​ស្រុក​ឆែប​ ខេត្ត​ព្រះ​វិហារ​ និង ​ស្ថិ​ត​ នៅ​ទិស​ឥសាន​ ខេត្ត​ព្រះវិហា​រ ជាប់​ព្រំ​ដែន​កម្ពុជា​ ឡាវ​។ ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ ​ភ្នំ​១៩​០ ដែល​មាន​មាន​ផ្ទៃដី​ទំហំ ​២៧.៦៥២.៩​ហិកតា​។ ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​ភ្នំ ​១៩០​ កំពង់​ស្រឡៅ ​គឺ​ជាទីតាំង​ភូមិ​សាស្ត្រ​ដ៏សំ​ខាន់​មួយ​ស្ថិត​នៅ​ជាប់​មាត់​ទន្លេ​ព្រំ​ដែន​កម្ពុជា​ ឡាវ ​បំរើ​អោយ​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ និង​ការពារ​អធិបតេយ្យ​ជាតិ​​។

​       ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជា​មួយ​យោធិន​ និង ​នាយ​ទាហាន​ នាយ​ទាហានរ​ង​ ពល​ទាហាន​តំបន់​ប្រតិបត្តិការ​សឹក​រ​ងព្រះវិហារ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ បា​នសំ​ដែង​កាកោត​សរសើរ​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រ​ង​ព្រះ​វិហារ​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​តំបន់​ប្រវត្តិសា​ស្ត្រយោ​ធា​តេជោ ​ភ្នំ១៩០​ កំពង់​ស្រឡៅ ​ស្រប​តាម​ស្មារតី​ នៃ​ការ​ផ្សព្វផ្សា​យអំពីការ​រៀបចំ​តំប​ន់​ប្រវត្តិ​សាស្ត្រ​យោធា​។​ សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ថា៖ ​ការ​រៀប​ចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​នេះ​ មិន​មែន​ធ្វើ​តែ​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​ និង​ឧត្តរមាន​ជ័យ​នេះ​ទេ​ គឺ​ធ្វើ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​រក្សាទុក​នូវ​ស្លា​ក​ស្នាម​ និង​តឹក​តាង​ប្រវត្តិ​សាស្ត្រ​អោយ​កូន​ចៅជំ​នាន់​ក្រោយ​បាន​ស្គាល់​ និង ​សិក្សា​រៀន​សូត្រ​។​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​សង្កត់​ធ្ងន់​ថា៖​ តំបន់​ប្រវត្តិ​សាស្ត្រយោធា​ គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ទាំង​អស់​ ដោយ​យោធាជា​អ្នក​ត្រួស​ត្រាយ​ផ្លូវទៅ​មុន​​។​ ក្នុង​ន័យ​នេះ​ សម្តេច​ពិជ័យ​សេនា ​បាន​អំពាវ​នាវដល់​អាជ្ញាធរ​ដែន​ដី​ ឃុំ ស្រុក​ និង​ខេត្ត ​ត្រូវ​រួមគ្នា​រក្សា​ទុក​នូវស្លាក​ស្នាម​ប្រវត្តិសាស្ត្រ​ ជា​ពិសេស​តំបន់​ដែល​ទាក់​ទង​ទៅ​នឹង​ វប្បធម៌ ​ទេស​ចរ​ណ៍ ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​ តឹក​តាង​ប្រវត្តិ​សាស្ត្រ​អោយ​បាន​គង់​វង្ស ​ដែ​លបណ្តា​តំបន់​ទាំង​នោះក៏​ជា​ចំ​ណុច​សំខាន់ ​ក្នុ​ងការ​ការពារ​អធិបតេយ្យ ​បូរណភាព​ទឹក​ដី​របស់​យើង​។​ សម្តេច​ពិជ័យ​សេនា​ ក៏​បាន​លើក​ឡើង​អំពី​ការ​ពុះពារ​អោយ​ចេញ​ជា​ផ្លូវ​ច្បាប់​ នូវ​អនុក្រិត​ សំរាប់​ការពារ​នូវ​តំបន់​ប្រវត្តិសាស្ត្រ​យោធា ​ដែល​បាន​កំពុង​រៀប​ចំ​កសាង​នា​ពេល​កន្លង​មក​នេះ​ ដើម្បី​ថែរក្សា​ការពារ​ ស្លាក​ស្មាម​ និង​តឹក​តាង​ប្រវត្តិសាស្ត្រ​​ទាំង​នេះ​ អោ​យ​បាន​គង់​វង្ស​ ទៅ​ថ្ងៃខាង​មុខ​។ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ក៏​បាន​លើក​ឡើង​អំពី​ការ​រៀប​ចំ​ របស់​ទីស្នាក់​ការ​ប្រវត្តិសា​ស្ត្រ​យោធា ​ធ្វើជា​មជ្ឈមណ្ឌល​កណ្តាល​មួយ ​ដើម្បី​ប្រមូលផ្តុំ​ឯកសារ​ រូប​ថត​ ពីកន្លែង​ផ្សេងៗ ​ដែល​មា​នស្លាក​ស្មាម​ប្រវត្តិសាស្ត្រ​សំរាប់​បង្ហាញ​ក្នុង​មជ្ឈមណ្ឌល​ សំរាប់​ការ​សិក្សា​រៀន​សូត្រ ​យល់​ដឹង​អំពី​តំបន់​ប្រវត្តសាស្ត្រ​យោធា​ភ្នំ​ ១៩០​ កំពង់​ស្រឡៅនេះ​។​

       ក្នុង​ឱកាស​នោះ​ បន្ទាប់​ពី​បាន​ដាំ​កូនឈើ​នៅ​ក្នុង​បរិវេណ​ ទី​ស្នាក់​ការ​តំបន់​ប្រវត្តិ​សាស្ត្រយោធា​តេជោ ​ភ្នំ​១៩០​ កំពង់​ស្រឡៅ ​រួច​មក​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ព្រម​ទាំង​ប្រតិភូអ​មតំ​ណើរ ​ក៏​បាន​ឡើងទៅ​ពិនិត្យ​មើល​អតីត​ព្រះ​រាជ​ដំណាក់​ ដែ​ល​បាន​កសាង​ឡើង​ដោយ​ស្នា​ព្រះហស្ថ​របស់​ ព្រះ​ករុណ ​ព្រះ​បាទ​ សម្តេ​ចព្រះ​នរោត្តម​សីហនុ ​ព្រះ​បរមរតន​កោដ្ឋ​ ក្នុ​ងអំឡុង​ឆ្នាំ​១៩៥៨​។​ អតីត​ព្រះ​រាជ​ដំណាក់​នេះ ​ក៏​ជា​ទីតាំង​ប្រវត្តិសាស្រ្ត​ សម្រាប់​ជាតិ​ ដ៏​សំខាន់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​កំពូល​ភ្នំ ​មាន​កំពស់ ​១៥០​ម៉ែត្រ ​ជាប់​មាត់​ទន្លេ​ព្រំ​ដែន ​កម្ពុជា​-​ឡាវ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ