ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃអង្គារ៍ ទី១២ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃ លទ្ធផលការងារ ប្រចាំសប្តាហ៍ ដែលអគ្គមេបញ្ជាការ បានប្រគល់ឲ្យ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នាយកទីចាត់ការ ស្ថាប័ន អង្គភាពពាក់ព័ន្ធ ក្នុងអគ្គបញ្ជាការដ្ឋាន ជាច្រើនរូបទៀត។
បន្ទាប់ពី ឯកឧត្តម លោកជំទាវ អគ្គមេបញ្ជាការរង នាយកស្ថាប័ន អង្គភាពពាក់ព័ន្ធ មានមតិរាយការណ៍ អំពីលទ្ធផលការងារសម្រេចបាននូវ ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមរួចមក ឯកឧត្តម វង្ស ពិសេន បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចដែលបានប្រគល់ឲ្យ ទៅតាមស្ថាប័ននិមួយៗ ក្នុងសប្តាហ៍កន្លងមក។
ឯកឧត្តម អគ្គមេបញ្ជាការបានមានប្រសាសន៍ អំពីសភាពការណ៍ជាតិ អន្តជាតិ និងដាក់ចេញនូវទិសដៅឱ្យបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តន៍នូវបទបញ្ជា គោលការណ៍ និងផែនការមួយចំនួនរួមមាន៖ អំពីសភាពការណ៍អន្តរជាតិ ឯកឧត្តម អគ្គមេបញ្ជាការបានមានប្រសាសន៍លើកឡើងអំពីស្ថានភាពនយោបាយនៅសហរដ្ឋអាមេរិច និងជម្ងឺកូរឹដ១៩ ដែលនៅបន្តឆ្លងរីករាលដាល ដែលជាក្តីកង្វល់របស់ពិភពលោកនៅឡើយ។ ចំពោះសភាពការណ៍ជាតិ ឯកឧត្តមបានបញ្ជាក់ថា៖ ក្នុងនាមយើងកងយោធពលខេមរភូមិន្ទមានតួនាទី ភារកិច្ច ជាអ្នកការពារ បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល ស្របច្បាប់មិនឲ្យពួកអគតិណាមួយបំផ្លេចបំផ្លាញសុខសន្តិភាព ស្ថេរភាពបានឡើយ។ នៅក្នុងកិច្ចប្រជុំនោះដែរ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានដាក់ចេញនូវបទបញ្ជា និងទិសដៅ ដែលបានប្រគល់ឱ្យនៅតាមបណ្តា ស្ថាប័ន និងអង្គភាពនិមួយៗ ត្រូវបន្តកាងាររបស់ខ្លួន ក្នុងនោះ មេបញ្ជាការ នាយកស្ថាប័ន បណ្តាអង្គភាពពាក់ព័ន្ធ ក្នុងកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តការងារ តាមឋានានុក្រមបទបញ្ជា របស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងប្រតិបត្តិទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចុះ។
បន្តយកចិត្តទុកដាក់គ្រប់គ្រងកម្លាំង ចាត់តាំងរបបវេនប្រចាំការ ប្រចាំបញ្ជា និងត្រៀមលក្ខណៈទាំងមធ្យោបាយ សម្ភារៈរង់ចាំបទបញ្ជា ក្រែងមានឧបទ្ទវហេតុអ្វីមួយកើតឡើងដោយចៃដន្យ យើងនឹងដោះស្រាយទាន់ពេលវេលា។ បណ្តាអង្គភាពបន្តយកចិត្តទុកដាក់គ្រប់គ្រងអចលនទ្រព្យរបស់រដ្ឋឲ្យបានល្អ។ បន្តសហការទំនាក់ទំនងជាមួយអជ្ញាធរដែនដីភូមិឃុំធ្វើកិច្ចការដែលនូវសេសសល់ឲ្យបានល្អ។ បន្តធ្វើការងារទំនាក់ទំនងព័ត៌មានសហប្រតិបត្តការតាមព្រំដែនឲ្យបានល្អ។ ស្ថាប័ន សាលា អង្គភាពពាក់ព័ន្ធ ត្រូវរៀបចំបើកវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺន និងវគ្គបំប៉ន និងការងារអប់រំចិត្តសាស្រ្តសំរាប់ឆ្នាំ២០២១។ បណ្តាអង្គភាព ស្ថាប័នទាំងអស់ពេលធ្វើផែនការអ្វីមួយ ត្រូវប្រជុំមេបញ្ជា និងមេបញ្ជាការរង ឆ្លងសម្រេចយកសម្លេងភាគច្រើន។ បន្តអប់រំយោធិនក្នុងអង្គភាព ចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូរឹដ-១៩ ដោយអនុវត្តនូវបទបញ្ជា របស់រាជរដ្ឋាភិបាលនិងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលបានដាក់ចុះ ៕