ព័ត៌មាន

ឧត្តម​​សេនីយ៍​​ឯ​ក​ គីម ​​ស្មើ ​ជួប​សំណេះ​សំណាល​ជា​មួយ​សិក្ខា​កាម ​វគ្គ​ការ​ងារ​រដ្ឋបាល ​និង​ឋាន​លេខា​
នាយកដ្ឋានព័ត៌មាន(៣)
103
2052 ឧត្តម​​សេនីយ៍​​ឯ​ក​ គីម ​​ស្មើ ​ជួប​សំណេះ​សំណាល​ជា​មួយ​សិក្ខា​កាម ​វគ្គ​ការ​ងារ​រដ្ឋបាល ​និង​ឋាន​លេខា​

      អគ្គ​លេខា​ធិការ​ដ្ឋាន ​ក្រសួង​ការ​ពារ​ជាតិ ​បាន​រៀប​​ចំពិធី​សំណេះ​សំណាល ​និង​ផ្សព្វ​ផ្សាយ​សភាព​ការណ៍​ថ្មី​ៗ​ ដល់​សិក្ខា​កាម​ វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល ​និង​ឋាន​លេខា ​ឆ្នាំ​២០២០ ​នា​ព្រឹក​​ថ្ងៃ​ទី​១៣ ​ខែ​មករា​ ឆ្នាំ​២០២១​នេះ ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឧត្តម​សេនីយ៍​ឯ​ក គីម ​ស្មើ ​ជំនួយ​ការ​ផ្ទាល់ ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​តេជោ ​ហ៊ុន សែន​ និង​ជា​អគ្គ​លេខា​ធិការ​រង​ ក្រសួង​ការ​ពារ​ជាតិ​ ទទួល​បន្ទុក​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ការ​ងារ​​រដ្ឋបាល ​នៃ ​ខ.ភ.ម​។​

       តាម​របាយ​ការណ៍​របស់ ​ឧត្តម​សេនីយ៍​ត្រី​ ហៀ ​ហ៊ុន ​នាយក​រង​ មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ ការ​ងារ​រដ្ឋបាល ​នៃ​ខ.ភ.​ម បាន​ឲ្យ​ដឹង​ថា​៖ វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល ​និង​ឋាន​លេខា ​ប្រចាំ​ឆ្នាំ​២០២០ ​មាន​សិក្ខា​កាម​ចូល​រួម​ហ្វឹក​ហ្វឺន​ ចំនួន ​២៤៧​នាក់ ​សុទ្ធ​សឹង​ជា​នាយ​ទាហាន​ អគ្គ​លេខា​ធិការ​ដ្ឋាន ​អគ្គ​នាយក​ដ្ឋាន​ និង​អង្គភាព​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ ​និង​ស្ថាប័ន​ចំណុះ​អគ្គ​បញ្ជាការ​ដ្ឋាន​ នៃ​ខ.ភ.ម​។​ វគ្គ​បណ្តុះ​បណ្តាល​ មាន​រយៈ​ពេល ​១២​ខែ​ ដែល​បាន​ចាប់​ផ្តើម​ពី​ខែ​ឧសភា ​ឆ្នាំ​២០២០ ​នឹង​បញ្ចប់​វគ្គ​នៅ​អំឡុង​ ខែ​ឧសភា ​ឆ្នាំ​២០២១​ខាង​មុខ​នេះ ​ដោយ​បាន​ផ្តោត​ការ​សិក្សា​លើ​មុខ​វិជ្ជា​សំខាន់ៗ​ ​រួម​មាន​ ការ​ងារ​រដ្ឋបាល​ បទ​វិន័យ​ទូទៅ​ នៃ​ខ.ភ.ម​ ការ​ងារ​គ្រប់​គ្រង​អង្គភាព ​ឋាន​លេខា​ នីតិ​ពន្ធ​​ដារ​កម្ពុជា ​នីតិ​រដ្ឋ​បាល​សាធារណៈ ​នី​តិ​មុខ​ងារ​សាធារណៈ ​នី​តិ​អន្តរជាតិ​សាធារណៈ ​សេនា​ធិការ​ផែន​ទី​ និង​ប្រើ​ប្រាស់​ឧបករណ៍​ និង​នីតិ​សមុទ្រ​។​

ឧត្តម​សេនីយ៍​ឯ​ក គីម ​ស្មើ ​ជំនួយ​ការ​ផ្ទាល់ ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​តេជោ ​ហ៊ុន សែន​ និង​ជា​អគ្គ​លេខា​ធិការ​រង​ ក្រសួង​ការ​ពារ​ជាតិ


       បន្ទាប់​ពី​ លោក​សាស្ត្រា​ចារ្យ​ ទូច ​គីម​ស៊ាង ​ប្រធាន​ក្រុម​អ្ន​កស្រាវ​ជ្រាវ​និពន្ធ ​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ ​ភាសា​ខ្មែរ​ ប្រធាន​សមាគម​ទ្រ​ទ្រង់​អក្សរ​សាស្ត្រ និង​វប្បធម៌​ខ្មែរ ​ឧទ្ទេស​នាម ​អំពី​ការ​ច​ងក្រង​សៀវ​ភៅ ហ៊ុន​ សែន​ កម្ពុជា ​និង​ពិធី​ប្រគល់​សៀវ​ភៅ ​ហ៊ុន ​សែន ​​កម្ពុជា​ ជូន​​ដ​ល់​មជ្ឈមណ្ឌល​​ និង​សិក្ខាកាម​រួច​មក​, ឧត្តមសេនីយ៍​ឯក ​គឹម ​រស្មី ​បាន​មាន​ប្រសាសន៍​ថា​៖ សន្តិ​ភាព​ដែល​កើត​មាន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​នា​ពេល​សព្វ​ថ្ងៃ​នេះ ​គឺ​ជា​សន្តិភាព​ដែល​កើត​ឡើង​ដោយ​សារ​នយោបាយ​ឈ្នះៗ​របស់​ សម្តេច​តេជោ ​ហ៊ុន សែន ​និង​ជា​ប្រវត្តិ​សាស្ត្រ​ ដែល​មិន​ធ្លាប់​មាន​ជាង​៥០០​ឆ្នាំ​កន្លង​ម​កនេះ សម្រាប់​ប្រជា​ជាតិ​កម្ពុជា​។​ ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ នយោ​បាយ​ឈ្នះៗ ​គឺ​ជា​ធម៌​ខន្តី ​និង​ជា​យុទ្ធសាស្ត្រ​នយោ​បាយ​យោធា​មួយ ​ដែល​បញ្ចេស​បាន​នូវ​ការ​ប្រើ​ប្រាស់​អាវុធ​វាយ​ប្រហារ​គ្នា ​ បង្កើន​បាននូវ​ជំនឿ​ទុក​ចិត្ត​គ្នា​ ការ​មិន​សង​សឹក​គ្នា ​ហើយ​បើក​ឱកាស​ឲ្យ​កម្ពុជា​មាន​ការ​គិត​គូរ​ដោះ​ស្រាយ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់ ​និង​ទំនាក់​ទំនង​អន្តរ​ជាតិ​ លើ​​បញ្ហា​​ព្រំ​ដែន​ និង​​បង្ក​លក្ខណៈ​សម្រាប់​ការ​អភិវឌ្ឍ​ថែម​ទៀត​ផង​។​ ឯកឧត្តម ​បាន​ក្រើន​រំលឹក​ដល់​នាយ​ទាហាន​ ជា​សិក្ខា​កាម​ទាំង​អស់​ បន្ត​ចូល​រួម​ថែ​រក្សា​ការ​ពារ​សុខ​សន្តិភាព​​នេះ ​ឲ្យ​ស្ថិត​នៅ​គង់​​វង្ស​​​ជារៀង​រហូត​ត​ទៅ​ទៀត​។​ នៅ​ក្នុង​នាម​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជា​តិ និង​នាយ​ឧត្តម​សេនីយ៍​ សំ ​វណ្ណ​ថ​ន,​ ឧត្តម​សេនីយ៍​ឯ​ក គីម​ រស្មី​ បាន​ថ្លែង​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ថ្នាក់​ដឹក​នាំ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល ​ការ​ងារ​រដ្ឋបាល​ នៃ​ខ.ភ.ម​ យោធា​ចារ្យ​ និង​កម្ម​សិក្សា​ការី​ ដែល​បាន​ខិត​ខំ​ការ​បំពេញ​តួនាទី​ភារកិច្ច​បង្រៀន និង​រៀន​សូត្រ​នា​ពេល​កន្លង​មក​នេះ​។​ ជា​មួយ​គ្នានេះ​ដែរ​ ឯកឧត្តម​ គឹម​ រស្មី បាន​ផ្តាំផ្ញើ​រ​ដល់​កម្ម​សិក្សា​ការី​ យក​ចិត្ត​ទុក​ដាក់​គោរព​វិន័យ ​បទ​បញ្ជា​របស់​សាលា និ​ងប​ទ​វិន័យ​ទូទៅ​របស់​ខ.ភ.ម​ និង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​បន្ត​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​យ​ល់ដឹង​ថែម​ទៀត​ ដើម្បី​យ​កទៅ​ប្រើ​ប្រាស់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ នៅ​ពេល​វិល​ត្រឡប់​ទៅ​កាន់​អង្គភាព​របស់​ខ្លួន​វិញ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ