កិច្ចប្រតិបត្តិការរយៈពេល ៣ខែកន្លងមកនេះ កម្លាំងជំនាញរុករកនាវាលិច និងបោសសំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេតាំងពីសម័យសង្គ្រាម រវាងកងទ័ព លន់ ណុល និងកងទ័ពខ្មែរក្រហម ដែលស្ថិតនៅក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមមកដល់ថ្ងៃនេះ គឺទទួលបានលទ្ធផលចំនួនសរុប ៩១២គ្រាប់ហើយ។
ខាងលើនេះជារបាយការណ៍របស់ក្រុមការងារអន្តរក្រសួង ដឹកនាំដោយ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ក្នុងការចុះសិក្សា និងដោះស្រាយករណីគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងទន្លេដែលស្ថិតនៅភូមិសាស្ត្រខាងលើ ជូនដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅ នៅទីស្ដីការក្រសួងមហាផ្ទៃ។
តាមរយៈសំណើររបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្រុមការងារអន្តរក្រសួងដែលមានរដ្ឋលេខាធិការក្រសួងការពារជាតិជាប្រធាន និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី គឺមានភារកិច្ចត្រូវចុះធ្វើការសិក្សា ស្រាវជ្រាវអំពីប្រវត្តិនាវាដែលលិច ប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្លាកស្នាមនានាដែលបន្សល់ទុក ឲ្យបានច្បាស់លាស់ ព្រមទាំងបានអនុវត្តអំពីលក្ខខណ្ឌបច្ចេកទេស ដើម្បីធ្វើប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ពីក្នុងនាវាលិចនោះប្រកបដោយសុវត្ថិភាព។ ក្រុមការងារបានធ្វើការសហការចុះសិក្សា និងវាស់វែងកំណត់ទីតាំងនាវា ដែលលិចនិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីកំណត់គោលដៅ សម្រាប់បោះពោង ឬដាក់ផ្លាកសញ្ញាសម្គាល់ជាតំបន់មានហានិភ័យ ដែលត្រូវហាមឃាត់មិនឱ្យធ្វើអាជីវកម្ម ធ្វើនាវាចរណ៍ឆ្លងកាត់ និងហាមមិនឲ្យប្រជាពលរដ្ឋចេញចូល ក្នុងថេរវេលាដែលហាមឃាត់នោះ។ ក្រុមការងារបានសហការជាមួយក្រសួងការពារជាតិ ដើម្បីចាត់តាំងកម្លាំងកងទ័ពជើងទឹក សហការជាមួយនគរបាលព្រំដែនទឹក នៃអគ្គស្នងការនគរបាលជាតិ ប្រចាំការការពារជាប្រចាំ នៅ តំបន់ដែលមានហានិភ័យ ដែលត្រូវបានហាមឃាត់ខាងលើសំដៅ ធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋ ចេញចូលឆ្លងកាត់ធ្វើអាជីវកម្ម និងការធ្វើនាវាចរណ៍ចូលទៅក្នុងតំបន់នោះ។ ចំពោះគ្រាប់ដែលស្រង់បានទាំងនោះ ត្រូវបានស្តុកទុកនៅទីតាំងសុវត្ថិភាពឆ្ងាយពីទីប្រជុំជន នៅជាប់មាត់ទន្លេ និងមានការយាមការពារ ២៤ ម៉ោងលើ ២៤ម៉ោង។ កិច្ចសហប្រតិបត្តិការនេះ នឹងត្រូវខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យសំរេចបានជោគជ័យទាំងស្រុង នាដើមខែឧសភាខាងមុខនេះ គឺមុនរដូវវស្សាមកដល់។
សម្តេចក្រឡាហោម ស ខេង បានវាយតំលៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារអន្តរក្រសួង និងក្រុមជំនាញ ដែលសំរេចបានលទ្ធផលល្អ ក្នុងការបំពេញភារកិច្ចរុករកនាវាលិច និងបោសសំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ។ សម្តេចបានចាត់ទុកភារកិច្ចទាំងនេះ ជាភារកិច្ចសំខាន់បំផុត ទាមទារឲ្យមានក្រុមអ្នកជំនាញ ដែលមានសមត្ថភាពខ្ពស់។ សម្តេចក៏បានសំណូមពរឲ្យមានការប្រុងប្រយ័ត្នផងដែរ ដើម្បីធ្វើយ៉ាងណាជៀសវាងឲ្យបាននូវគ្រោះថ្នាក់ដល់អាយុជីវិត ៕