នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជននិងជនពិការជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជួបសំណេះសំណាល និងចាប់ឆ្នោតសម្បទានដីសង្គមកិច្ច ជូនអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់។ ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់, ឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត។
ឯកឧត្ដម ម៉ៅ ធនិន បានមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះទឹកចិត្តរបស់អតីយុទ្ធជន ក៏ដូចជាគ្រួសារពលីមរណៈ ដែលបានចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ រហូតដល់ប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃនេះ។ ឯកឧត្តម បន្តថាគុណបំណាច់ដ៏ធំធេង ដែលអតីតយុទ្ធជនបានលៈបង់នោះទេ គឺនិងធ្វើការចងចាំទុក ជាប្រវត្តិសាស្រ្ត ទៅលើគុណបំណាច់ទាំងអស់នេះហើយ និងរៀនសូត្រតាមនូវគំរូវីរៈដ៏អង់អាចក្លាហាននេះបន្តទៀត។
ឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ បានបញ្ជាក់បន្ថែមថា៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត មិនទុកចោលអតីតយុទ្ធជននោះទេ ពោលគឺ និងធ្វើការចុះសួរសុខទុក្ខជាប្រចាំ និងយកចិត្តទុក្ខដាក់ខ្ពស់ ទៅលើជីវភាព រស់នៅ ទៅតាមការណែនាំដ៏ខ្ពស់ខ្ពស់របស់ ម្តេចតេជោ និងឯកឧត្តម ទេសរដ្ឋមន្រ្តី ជាអគ្គលេខាធិការ ផងដែរ។ ជាមួយគ្នានេះ សមាគមខេត្តបានឱ្យមន្ទីរសុរិយោដីខេត្ត យកដីដែលបម្រុងទុករបស់ខេត្ត ក្នុងភូមិសាស្រ្តចំនុចដំណាក់ត្រយឹង ភូមិសាយ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ធ្វើការឈូសឆាយ ដែលមានផ្ទៃដីសរុប ៧៩៥ហិកតា សម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រចំនួន ៦២៨គ្រួសារ ដោយក្នុង១គ្រួសារទទួលបានដីទំហំ ៧០×១៥០ម៉ែត្រ សរុបអស់ផ្ទៃដីចំនួន ៦៥៩,៤ហិកតា ចំពោះដីដែលនៅសល់ខេត្តទុកសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្តទៅទៀត។
ឯកឧត្តម គន់ គីម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ត្រូវចេះប្រុងប្រយត្ន័ ការពារខ្លួនពីជម្ងឺកូវីដ-១៩ និងខិតខំប្រឹងប្រែងបំពេញការងារ ដែលមានស្រាប់ ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ។ បន្ថែមពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រីបាននាំយកអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនអតីតយុទ្ធជនទាំង ៦២៨គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គី.ក្រ, ភួយ, ម៉ុង, កន្ទេល និងឃីត១ញ្ចាប់។ ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានចុះពិនិត្យមើលការស្តារឡើងវិញនូវដំណាំស្រូវរបស់ប្រជាពលរដ្ឋ ក្នុងស្រុកបាកាន ដោយបានសង្កេតឃើញថា៖ ដំណាំស្រូវលូតលាស់ល្អ និងសង្ឃឹមថាឆ្នាំនេះ ស្រូវទទួលបានទិន្នផលខ្ពស់ ៕