កិច្ចប្រជុំបូកសរុបវាយតំលៃការងារភស្តុភារហិរញ្ញវត្ថុឆ្នាំ២០២០ ក្នុងក្រសួងការពារជាតិ និងទិសដៅបន្តអនុវត្តឆ្នាំ២០២១ ត្រូវបានប្រព្រឹត្តទៅនៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង នាយក នាយករង និង នាយទាហាននៅក្នុងអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិជាច្រើនរូបទៀត។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបូកសរុប វាយតំលៃការងារភស្តុភារ ហិរញ្ញវត្ថុ ដែលបានអនុវត្ថកន្លងមក និងលើកទិសដៅបន្តអនុវត្តឆ្នាំ២០២១ ដល់ ឆ្នាំ២០២៣។
បន្ទាប់ពីបានតាមដានស្តាប់របាយការណ៍បូកសរុបលទ្ធលការងារភស្តុភារ ហិរញ្ញវត្ថុឆ្នាំ២០២០ ក្នុងក្រសួងការពារជាតិ រួចមក នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងថា៖ ការងារធានាភស្តុភារហិរញ្ញវត្ថុរបស់ក្រសួងការពារជាតិ ក្រោមការឧបត្ថមពីរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើអោយ ខភម មានការរីកចំរើនជាលំដាប់ ទាំងការកសាងអង្គភាព ការធានាលើជីវភាពរស់នៅប្រចាំ សំរាប់បំពេញភារកិច្ចជូនប្រទេសជាតិ។ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាអគ្គភស្តុភារជាន់ខ្ពស់របស់កងយោធពលខេមរភូមិន្ទ ដែលបានយកចិត្តទុកដាក់គិតគូរជាប្រចាំដល់ ខភម និង គ្រួសារកងទ័ព ព្រមទាំងអតីតយុទ្ធជន។ ឯកឧត្តម បានបញ្ជាក់ទៀតថា៖ ទោះបីជាប្រទេសជាតិ បានស្ថិតនៅក្នុងដំណាក់កាលប្រឈមមុខនឹងជំងឺកូវីដ-១៩ យ៉ាងណាក្តី សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅតែបានយកចិត្តទុកដាក់ធានាជូនដល់កងទ័ពនូវការបើកប្រាក់បៀវត្ស និង ចំណាយផ្សេងៗ បានទាន់ពេលវេលា សំរាប់សំរួលទៅតាមតំរូវការរបស់ក្រសួងការពារជាតិ ដើម្បីធានាបាននូវ សុខមាលភាព ជីវភាពរស់នៅដល់ ខភម ក្នុងការហ្វឹកហ្វឺនបង្កើនសមត្ថភាព សំរាប់ការបំពេញភារកិច្ចការពារសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ និងការពារអធិបតេយ្យ បូរណភាពទឹកដីអោយបានគង់វង្ស។ ឯកឧត្តម ម៉ឹង សំផន បានសង្កត់ធ្ងន់ថា៖ សម្រាប់កងទ័ព ការងារភស្តុភារ ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ណាស់ ដើម្បីកសាងកម្លាំងទ័ព លើវិស័យការពារជាតិអោយបានរឹងមាំ។ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់បន្ថែមទៀតថា៖ ក្នុងដំណាក់កាលប្រឈមមុខនឹងជំងឺកូវីដ-១៩ ការគ្រប់គ្រងភស្តុភារហិរញ្ញវត្ថុ ត្រូវចេះសន្សំសំចៃ និងត្រូវមានគំនិតច្នៃប្រឌិត ក្នងការបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីអោយកងទ័ព កាន់តែ មានជីវភាពរស់នៅប្រសើជាងមុន ៕