អគារទីបញ្ជាការចំនួន ០១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងប៉ៃលិន តាមរយៈ ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ទទួលការសាងសង់ដោយកងកម្លាំងជាងវិស្វកម្មកងទ័ពជើងគោក ត្រូវបានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។
ពិធីក្រុងពាលី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារទីបញ្ជាការ របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានប្រព្រឹត្តទៅស្របទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដោយបានរៀបចំគ្រឿងសក្ការបូជា និងសែន ដល់ម្ចាស់ទឹកម្ចាស់ដី ដែលថែរក្សាព្រៃភ្នំ ក្រំថ្ម ហើយក្នុងឱកាសក្រុងពាលីនោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងសហការីទាំងអស់ ក៏បានធ្វើការអុជ ទៀន ធូប និងបួងសួង ដល់គុណបុណ្យព្រះរតនៈត្រៃយ៏ វត្ថុសាកសិទ្ធក្នុងលោក ទស្សបូរមី តាមថែរក្សាភូមិករ និងម្ចាស់ទឹក ម្ចាស់ដី សូមនាំមកនូវសេចក្តីសុខសេចក្តីចំរើន ដល់ដំណើរការសាងសង់អគារទីបញ្ជាការ របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិនថ្មី អោយបានប្រព្រឹត្តិទៅប្រកបដោយសុវត្ថិភាពជានិច្ច។
សូមបញ្ជាក់ថា៖ ជានិច្ចកាល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែតែងបានគិតគូរ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅ សុខមាលភាព ក៏ដូចជាតម្រូវការផ្សេងៗ របស់កងទ័ពក្នុងការបំពេញភារកិច្ច ដោយបានផ្តល់ និងកសាងជូនដល់អង្គភាពកងទ័ពនូវគ្រប់ ហេដ្ឋារចនាសម្ព័ននានា រួមមាន អគារសំរាប់ធ្វើការងារ, ជំរំជម្រកស្នាក់នៅ និង បានឧបត្ថម្ភ បន្ថែមលើគោលរបបប្រចាំថ្ងៃ ដល់កងទ័ព និង គ្រួសារទ័ព ថែមទៀត។ តាមរយៈអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងប៉ៃលិន នៅពេលនេះ ពិតជាបានលើកទឹកចិត្តដ៏ធំធេងទ្វេរឡើងថែមទៀត ដល់យោធិនគ្រប់រូបក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ដើម្បីរក្សាអោយបាននូវសុខសន្តិភាព វិបុលភាព និងវឌ្ឃន៏ភាពសង្គម ព្រមទាំងបានធ្វើឲ្យកងទ័ពមានភាពកក់ក្តៅ មានស្មារតី ហ្នឹងន រឹងមាំ អង់អាច ក្លាហាន និង មានឆន្ទះមោះមុតក្នុងការការពារ សន្តិសុខ ការពារអធិបតេយ្យ បូរណភាពទឹកដី អោយបានរឹងមាំថែមទៀត ៕