ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកសិកម្មបែបទំនើប ត្រូវបានប្រារព្ធឡើងនៅសាលាវិស្វកម្មតេជោ ស្ថិតក្នុងភូមិ ផ្អាវ ស្រុកបាធាយ ខេត្ដកំពង់ចាម កាលពីថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ ក្រោមអធិបតីភាព ឧត្ដមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ តំណាង ឯកឧត្ដម ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ លោក ឡូញ សារូ អភិបាលរង នៃគណ:អភិបាលស្រុកបាធាយ ខេត្ដកំពង់ចាម លោកគ្រូជំនាញកសិកម្ម និងនាយទាហានជំនាញជាច្រើនរូបទៀត នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ។
ក្នុងសុន្ទរកថា ស្វាគមន៍គណ:អធិបតីនាពេលនោះ ឧត្ដមសេនីយ៍ត្រី រិន សារ៉ន នាយកសាលាវិស្វកម្មតេជោ បានបញ្ជាក់ថា៖ វគ្គសិក្សាបំប៉នជំនាញកសិកម្ម ត្រូវបានទទួលការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីឯកឧត្ដម មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម និងមានកិច្ចសហការយ៉ាងជិតស្និទ្ធ ពីសាលាស្រុកបាធាយ ពិសេសការិយាល័យកសិកម្ម បរិស្ថានស្រុកបាធាយ ខេត្ដកំពង់ចាម។ វគ្គនេះសិក្សាមាន រយៈពេល ៥ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន ៣០នាក់ បង្រៀនដោយគ្រូជំនាញកសិកម្ម ៥នាក់ លើមុខវិជ្ជា ៥ខ្លឹមសារមេរៀនរួមមាន៖ មុខវិជ្ជាចិញ្ជឹមត្រីក្នុងស្រះ តង់កៅស៊ូ, មុខវិជ្ជាចិញ្ចឹមកង្កែបក្នុងស្រះ តង់កៅស៊ូ, មុខវិជ្ជាចិញ្ចឹមសត្វស្លាប និងមុខវិជ្ជាធ្វើជីកំប៉ុស ដាំដំណាំ។
ក្នុងឳកាសនោះ ឯកឧត្ដម សឹង សុខន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈនាយកសាលាវិស្វកម្មតេជោ និងយោធាចារ្យគ្រប់មុខជំនាញឯកទេស និងនាយទាហានទាំងអស់ ដែលក្នុងរយ:ពេលកន្លងមក បានយកចិត្តទុកដាក់ ខិតខំអនុវត្តភារកិច្ច ជម្នះរាល់ឧបសគ្គ ការលំបាក រហូតដល់សម្រេចបានលទ្ធផលខ្ពស់ លើការងារគ្រប់វិស័យ ជាពិសេសការចាត់តាំងវគ្គហ្វឹកហ្វឹនទព័ថ្មី ជំនាន់ទី ៣ ឆ្នាំ២០២០ ដែលទើបនឹងបញ្ជប់វគ្គ ដោយជោគជ័យ កាលពីចុងខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ។ ឯកឧត្កម សឹង សុខន មានប្រសាសន៍ណែនាំ ផ្ដាំផ្ញើ ដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រក្រេបជញ្ជាក់ នូវរាល់ខ្លឹមសារមេរៀន កសិកម្ម សំខាន់ៗ ទំនើបៗ ដើម្បីជាចំណេះដឹង សម្រាប់យកទៅ អនុវត្តជាក់ស្តែងនៅអង្គភាពរបស់ខ្លួន ទាំងនៅបន្ទាយទិសខាងក្រោយ និងបណ្តាការដ្ឋានទិសខាងមុខ។ ជានិច្ចកាលត្រូវគោរពវិន័យ ដែលសាលាបានដាក់ចេញ មានសីសធម៌រស់នៅល្អ អត្ដចរិកសុភាពរាបសារ រក្សាឲ្យបាននូវសាមគ្គីភាព រវាងសិស្សជាមួយគ្រូ និងរវាងសិស្សជាមួយសិស្សរួមថ្នាក់។ ទន្ទឹមនោះទាំងយោធិនក្នុងសាលា គ្រូបង្រៀន និងសិក្ខាកាមទាំងអស់ត្រូវយកចិត្ដទុកដាក់បន្ដអនុវត្តឲ្យបានត្រឹមត្រូវល្អ តាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល អំពីការ ការពារ បង្ការ ទប់ស្កាត់ ជម្ងឺកូវិដ-១៩។
ក្នុងខណ:នោះ លោក ឡូញ សារូ អភិបាលរង នៃគណ:អភិបាលស្រុកបាធាយ បានឧបត្ថម្ភនូវថ្នាំពេទ្យ ២០ កេស ដល់សាលាវិស្វកម្មតេជោ ផងដែរ។ នៅទីបញ្ចប់ ឧត្ដមសេនីយ៍ទោ សឹង សុខន បានមានប្រសាសន៍ប្រកាសបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកសិកម្មបែបទំនើប ចាប់ពីថ្ងៃទី ០១ ខែកុម្ភ: ឆ្នាំ២០២១ នេះតទៅ ៕