នៅអគ្គបញ្ជាការដ្ឋាន កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានបើកកិច្ចប្រជុំពិភាក្សាការងារ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ ជាកិច្ចប្រជុំ ដើម្បីត្រួត ពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំសប្ដាហ៍ ដែលអគ្គមេបញ្ជារការ នៃកងយោធពលខេមរភូមិន្ទ បានប្រគល់ភារកិច្ចឲ្យឯកឧត្ដម លោកជំទាវ អគ្គមេបញ្ជារការរង និងបណ្ដាស្ថាប័ន អង្គភាព ដឹកនាំបំពេញភារកិច្ចទៅតាមទួនាទី និងជំនាញនិមួយៗ ដែលឯកឧត្ដម អគ្គមេបញ្ជាការបានដាក់ចេញ។
បន្ទាប់ពីឯកឧត្តម លោកជុំទាវ អគ្គមេបញ្ជាការរង និងមេបញ្ជាការ បណ្ដាអង្គភាព ស្ថាប័ន ពាក់ព័ន្ធ បានរាយការណ៍អំពីលទ្ធផលការងារសម្រេចបាន តាមបណ្ដាកងឯកភាព ដែលទទួលខុសត្រូវរួចមក។ ឯកឧត្តម វង្ស ពិសេន បានមានមតិលើកឡើងអំពីបញ្ហាពិភពលោក នៅមានក្តីកង្វល់ អំពីជម្ងឺកូវីដ-១៩ ប្រភេទថ្មី មានការឆ្លងលឿនជាងមុន និងបញ្ហាតំបន់អាស៊ាន រួមនឹងអំពីបញ្ហានយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ឯកឧត្តម បានសម្ដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំ សម្រេចភារកិច្ច ទៅតាមផ្នែកបណ្ដាជំនាញ តាមអង្គភាពនិមួយៗ សម្រេចបាននូវលិទ្ធផល ជាទីមោទន:។ ឯកឧត្តម អគ្គមេបញ្ជាការ បានមានប្រសាសន៍ វាយតម្លៃនូវចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមខ្លះៗ និងដាក់បទបញ្ជាឲ្យអនុវត្តទិសដៅបន្ត រួមមាន៖ បន្តរៀបចំអប់រំផ្សព្វផ្សាយ ឲ្យអង្គភាពប្រភេទទ័ព និងបណ្ដាកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ឲ្យដល់នាយទាហាន នាយទាហានរង ពលទាហាន កម្មសិក្សាការីបានយល់ដឹងនូវច្បាប់ បទបញ្ញាតិ វិន័យ និងលក្ខន្តិកៈរបស់កងទ័ព។ នៅពេលគោរពទង់ជាតិ ប្រជុំត្រីមាស ឬឆមាស ត្រូវឆ្លៀតអប់រំចិត្តសាស្ដ្របន្ថែមទៀត។ ឯកឧត្តម ក៏បានស្នើសុំឲ្យកិច្ចការនារី ត្រៀមលក្ខណៈរៀបចំធ្វើពិធីរំលឹកទិវាសិទ្ធិនារីខួបលើកទី១១០ ឆ្នាំ២០២១ ជូនដល់យោធិននារី។ បន្ដប្រជុំពិភាក្សាការងាររៀបចំ ឃ្លាំងទុកដាក់ សំរាប់រក្សាសីតុណភាព និងគុណភាព វ៉ាក់សាំង ការពារជំងឺកូវីដ១៩ និងចាត់ចែងបែងចែកគ្រូពេទ្យជាក្រុម ក្នុងនោះត្រូវកំណត់ទីតាំងសំរាប់ការចាក់វ៉ាក់សាំង ឱ្យបានច្បាស់លាស់។ ឯកឧត្តមបានបញ្ជាក់ថា៖ យើងមានវ៉ាក់សាំងគ្រប់គ្រាន់សំរាប់ចាក់ដល់យោធិនគ្រប់រូប ការចាក់វ៉ាក់សាំងធ្វើឲ្យបានមុនរដូវបុណ្យចូលឆ្នាំមកដល់ ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ៕