សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក វេជបណ្ឌិត លី សុវណ្ណ នាយកមន្ទីពេទ្យព្រះកេតុមាលា បានមានប្រសាសន៍ថា៖ ក្រសួងការពារជាតិ បានបើកវគ្គផ្សព្វផ្សាយ ដែលមានការចូលរួមពីសំណាក់មន្ត្រីក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាល និងក្រុមការងារពេទ្យ កងយោធពលខេមរភូមិន្ទ រួមគ្នាសិក្សារៀនសូត្រពីអ្នកឯកទេសវេជ្ជសាស្ត្រកងទ័ពរំដោះប្រជាជនចិន ដើម្បីត្រៀមគ្រប់លក្ខណៈបច្ចេកទេស ទទួលយកបទពិសោធន៍ និងសមត្ថភាពថ្មីៗបន្ថែមទៀត លើការដឹកជញ្ជូនវ៉ាក់សាំង ការរក្សាទុកវ៉ាក់សាំង និងការចាក់ការពារវីរុស covid-19។ នៅក្នុងព្រឹត្តិការណ៍ នៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០ ប្រទេសចិនជាប្រទេសមិត្តភ័ក្រមួយដ៏ល្អជាងគេ ដែលបានជួយគាំទ្រដល់រដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ក្នុងនោះក្រសួងការពារជាតិ មន្ទីរពេទ្យព្រះកេតុមាលា បានទទួលការគាំទ្រឧបត្ថម្ភពីក្រសួងការពារប្រទេសចិនជាបន្តបន្ទាប់ ទាំងថវិកា ឧបករណ៍សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធទាំងភ្នែកទន់ រឹង ពិសេសការពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ កងយោធពលខេមរភូមិន្ទ ដូចជា ការយកសំណាក ការរៀបចំទីតាំងធ្វើចត្តាឡីស័ក ព្រមទាំងការងារបច្ចេកទេសផ្សេងៗទៀត ពាក់ព័ន្ធទៅនឹងការការពារទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា៖ ក្រោមការខិតខំប្រឹងប្រែង រវាងកម្ពុជា-ចិន ប្រទេសចិននឹងជួយដល់ប្រទេសកម្ពុជា ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាន់តែរលូន និងរួមចំណែកកាន់តែសំខាន់ ក្នុងការយកឈ្នះសង្គ្រោមប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយជួយប្រទេសកម្ពុជា ស្តារសេដ្ឋកិច្ចឡើងវិញ ឱ្យកាន់តែឆាប់រហ័ស។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៦០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រ មកធ្វើការបណ្តុះបណ្តាល បំពាក់បំប៉នក្រុមគ្រូពេទ្យ និងបានឧបត្ថម្ភឧបករណ៍សម្ភារៈជូនមន្ទីរពេទ្យមួយចំនួន នៅតាមកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ តាំងពីឆ្នាំ២០២០ កន្លងមក ដើម្បីការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងកូវីដ-១៩ បើទោះបីពិភពលោកកំពុងប្រឈមនឹងការគម្រាមកំហែង នៃការរាតត្បាតជាសកលនូវជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា៖ នាពេលដ៏ខ្លីខាងមុខនេះ វ៉ាក់សាំងការពារជំងឺកូវី-១៩ ចំនួន ៦០ម៉ឺនដូស ដែលជាជំនួយបន្ទាន់របស់ចិនមកកម្ពុជា នឹងដឹកមកដល់ រាជធានីភ្នំពេញ។ សម្តេចពិជ័យសេនា បានចាត់ទុកថា វ៉ាក់សាំងការពារជំងឺកូវី-១៩នេះ គឺជាផលិតយុទ្ធសាស្ត្រមួយ ដែលបានបង្ហាញពីចំណងសាមគ្គីភាព មិត្តភាពពិតរវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស ហើយនឹងក្លាយជាកេរតំណែលមួយ នៃការកសាងសហគមន៍មួយ វាសនាមួយ ទៅថ្ងៃអនាគត សម្រាប់មនុស្សជាតិ ដែលនឹងត្រូវបន្តទៅរាប់រយពាន់ឆ្នាំ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ «ជាមិត្តរួមសុខទុក្ខ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» និងជាមិត្តដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ «និយាយតិច ធ្វើច្រើន»។
ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញត្រួតពិនិត្យការងារត្រៀមរៀបចំគ្រប់ផ្នែកសម្រាប់ទទួល ទុកដាក់ ប្រើប្រាស់ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកងទ័ព ក្នុងកងយោធពលខេមរភូមិន្ទ និងគ្រួសារនៅមន្ទីរពេទ្យព្រះកេតមាលា។ ក្នុងនោះ មន្ទីរពេទ្យព្រះកេតុមាលា បានត្រៀមនៅរថយន្តកុងតឺន័រសម្រាប់ដឹកជញ្ជូនវ៉ាក់សាំង មានចំនួនពីរគ្រឿង និងទូកុងតឺន័រស្តុកវ៉ាក់សាំងចំនួនពីរគ្រឿង ព្រមទាំងបានរៀបចំក្រុមការងារចាក់វ៉ាក់សាំង រៀបចំកន្លែងចាក់វ៉ាក់សាំង រួមនឹងការដោះស្រាយចំពោះប្រតិកម្មមិនប្រក្រតីផងដែរ។
សូមបញ្ចាក់ថា៖ កាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា៖ រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដោយបុគ្គលម្នាក់ត្រូវចាក់ចំនួន២ដូល។ ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងផែនការរបស់កម្ពុជាទាំង២០លានដូសនេះ មានជំនួយ ១១លានដូសផងដែរ ៕