កាល ពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ ក្រសួងការពារជាតិកម្ពុជា និង ក្រសួងការពារជាតិ សាធារណរដ្ឋកូរ៉េ បានរៀបចំសិក្ខាសាលា ស្តីពីប្រតិបត្តិការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តី ការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ”ការពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយះការផ្លាស់ប្តូរ សមត្ថភាព ក្នុងបេសកកម្មដោះមីន ដើម្បីមនុស្សធម៌” ។ សិក្ខាសាលានេះមានរយះពេល២ថ្ងៃ ចាប់តាំង ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០១៥ នៅសណ្ឋាគារអប្សរាអង្គរ ខេត្តសៀមរាប ។
សិក្ខាសាលានេះ ចូលរួមធ្វើជាសហប្រធានដឹកនាំដោយ ឧត្តមសេនីយ៍ទោ កែរ សាវឿន នាយក នាយកដ្ឋាន ទំនាក់ទំនង សហប្រតិបត្តិការ និង និតិកម្ម នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និង កាកសំណល់សង្រ្គាម និង លោក Lee Jooyung នាយក នាយកដ្ឋាន នៃក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីមន្រ្តី នៃក្រសួងការពារ ជាតិ និងស្ថាប័ន ជំនាញនានា មកពីប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសបូក ។
សិក្ខាសាលានេះមានគោលបំណងសំខាន់ៗដើម្បីចែករំលែក នូវបទពិសោធន៍ ក្នុងចំណោម បណ្តាប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសបូក ពាក់ព័ន្ធនឹងការបំពេញបេសកកម្មបោស សំអាតមីនមនុស្សធម៌ នៅក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមក្របខ័ណ្ឌសហប្រជាជាតិ ក៏ដូចជាដើម្បី រិះរកនូវវិធីសាស្រ្តនិងមធ្យោបាយថ្មីៗ ដើម្បីលើកកម្ពស់សមត្ថភាព កងកម្លាំងរក្សាសន្តិភាព ក្នុងវិស័យបោស សំអាតមីន មនុស្សធម៌ផងដែរ ។
នៅក្នុងសន្ទរកថា ឯកឧត្តម ឧត្តមសេនីយ៍ទោ កែរ សាវឿន បាន លើកឡើងអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ដែលបានអភិវឌ្ឍន៍ខ្លួនពីប្រទេសមួយ ដែលទទួលរងនូវភាពជូរចត់ដោយសារ គ្រាប់មីន រហូតក្លាយជាប្រទេសមួយ ដែលមានជំនាញយ៉ាងស្ទាត់ជំនាញ ក្នុងវិស័យបោសសំអាតមីន នេះ ។ ឯកឧត្តមក៏បានលើកឡើងពីទស្សនៈកម្ពុជា ក្នុងការបង្កើតឪ្យមានជាមជ្ឈមណ្ឌល ឧត្តមភាព ថ្នាក់តំបន់ សម្រាប់វិស័យបោសសំអាតមីន មនុស្សធម៌ ដើម្បីជាកន្លែងមួយ សម្រាប់បណ្តាប្រទេស ក្នុងតំបន់អាច ចែករំលែកបទពិសោធន៍ និងមេរៀនដែលបានជួបប្រទះក្នុងការបំពេញ ប្រតិបត្តិការបោស សំអាតមីន កន្លមក ក៏ដូចជាដើម្បីបណ្តុះបណ្តាលដល់គ្រូបង្គោល និងកងកម្លាំង បោសសំអាតមីនក្នុងតំបន់ ។
នៅក្នុង សិក្ខាសាលានេះផងដែរ ប្រទេសជាសមាជិកអាស៊ានមួយចំនួន ក៏បានធ្វើបទបង្ហាញ អំពីបទពិសោធន៍ និងមេរៀន ដែលបានជួបប្រទៃក្នុងពេលបំពេញ បេសកកម្មរក្សាសន្តិភាពរបស់ខ្លួន ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ៕