នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលាចាប់ផ្តើមសាងសង់ផ្សារកំពង់ពពិលឡើងវិញ។ ចូលរួមនៅក្នុងឱកាសនោះដែរក៏មានវត្តមាន ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីក្រុមការងារចុះមូលដ្ឋានស្រុកពារាំងជាច្រើនរូបទៀត។
នៅក្នុងសេចក្តីរាយការណ៍របស់ លោក ហ៊ី ធួក អភិបាលស្រុកពារាំងបានឲ្យដឹងថា៖ ផ្សារកំពង់ពពិលត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបណ្តាលឱ្យខូចខាតតូបក្នុងផ្សារស្ទើរតែទាំងស្រុង រួមនឹងទ្រព្យសម្បត្តិរបស់បងប្អូនអាជីវករមួយចំនួនធំទៀត។
បើតាម ឯកឧត្ដម ជា សុមេធី បញ្ជាក់ថា៖ កន្លងមកនេះដោយមានការចង្អុលបង្ហាញពី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ក៏ដូចជាគណៈកម្មការថ្នាក់ខេត្ត ស្រុក និងជំនាញ បានធ្វើការសិក្សាគ្រប់ជ្រុងជ្រោយពីគម្រោងសាងសង់ផ្សារកំពង់ពពិលឡើងវិញ និងបានប្រាស្រ័យទាក់ទងជាមួយអាជីវករជាបន្តបន្ទាប់ រហូតឈានដល់ការឯកភាពបញ្ចុះបឋមសិលាសាងសង់នាថ្ងៃនេះ។
ក្នុងមតិសំណេះសំណាលរបស់ ឯកឧត្ដម វង្ស ពិសេន បានបញ្ជាក់អោងដឹងថា៖ គម្រោងសាង់សង់ផ្សារកំពង់ពពិលមានកម្ពស់២ជាន់ ដោយមានការជួយឧបត្ថម្ភថវិការបស់ សម្តេចក្រឡាហោម ស ខេង, រដ្ឋបាលសាលាខេត្តព្រៃវែង និងក្រុមការងារចុះចូលដ្ឋានស្រុកពារាំង។ ឯកឧត្ដម បានបញ្ជាក់ទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ។ ក្នុងន័យនេះ ឯកឧត្ដម អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព ដែលសន្តិភាពមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ផ្តល់ឱកាសឲ្យសង្គមជាតិធ្វើការអភិវឌ្ឍ និងប្រជាពលរដ្ឋបានប្រកបមុខរបរប្រកបដោយភាពសុខុដុមរមនា។
ឯកឧត្ដម វង្ស ពិសេន បានផ្តាំផ្ញើដល់ក្រុមការងារសាង់សង់ ត្រូវយកចិត្តទុកដាក់ដល់ការសាងសង់ឲ្យបានត្រឹមត្រូវបច្ចេកទេស ដើម្បីធានាដល់គុណភាព និងសុខសុវត្ថិភាពប្រជាពលរដ្ឋ។ ជាមួយនេះ ឯកឧត្ដម ប្រធានក្រុមការងារ បានសំណូមពរដល់ប្រជាពលរដ្ឋដែលជាអាជីវករ សូមចូលរួមថែរក្សាអនាម័យ ការលក់ដូរប្រកបដោយសណ្តាប់ធ្នាប់ បរិស្ថានល្អ។ បន្ថែមលើនេះ ឯកឧត្ដម វង្ស ពិសេន បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងសារកាលពីថ្ងៃទី២០ ខែកុម្ភៈ ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ ថ្មីៗនេះ ក្នុងនោះផ្តោតជាសំខាន់ ត្រូវបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ», ការហាមពលករខ្មែរកុំឲ្យត្រឡប់ពីប្រទេសថៃមកចូលរួមបុណ្យចូលឆ្នាំខ្មែរ នៅខែមេសាខាងមុខនេះ ព្រោះនឹងត្រូវជាប់ធ្វើចត្តាឡីស័ក និងមិនឲ្យត្រឡប់ទៅវិញ ព្រមទាំងការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋនៅតាមភូមិឃុំ និងតាមខ្នងផ្ទះឲ្យយល់ច្បាស់ថែមទៀត ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ៕