វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន៦០ម៉ឺន ដូស ដែលបានដឹកមកដល់កម្ពុជា នារាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន ក្នុងពីធីប្រគល់ទទួលវ៉ាក់សាំងនេះ។ បន្ទាប់ពីបានទទួលលើកទី១ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ សរុបទាំងពីរលើកនេះ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងរបស់ចិនចំនួន ១លាន ៣សែន ដូស។ ក្នុងនោះវ៉ាក់សាំង ៧០ម៉ឺនដូស ត្រូវបានបែងចែកជាពីរចំណែក គឺ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង៤០ម៉ឺនដូស ប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។
ការមកដល់វ៉ាក់សាំងស៊ីណូហ្វាមជាលើកទី២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាជាលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចាក់វ៉ាក់សាំង គឺជាយុទ្ធសាស្ត្រដ៏ចម្បងមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្តេចតេជោ បានហៅការទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ពីរដ្ឋាភិបាលចិន គឺកើតចេញពីចំណងមិត្តភាពដ៏ល្អប្រសើររវាងកម្ពុជា និងចិន ដែលបានផ្តើមឡើងដោយ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងត្រូវបានពូនជ្រុំដោយសម្តេចតេជោផ្ទាល់ នាពេលបច្ចុប្បន្ន។
វ៉ាក់សាំងកូវីដ១៩ ជាទំនិញ ដែលកំពុងមានតម្រូវការបំផុត។ ក្នុងនោះប្រទេសចិន ក៏កំពុងមានតម្រូវការខ្លាំងផងដែរ ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន តែទោះជាយ៉ាងណារដ្ឋាភិបាលចិន បានបេះពីមាត់ពង្រាត់ពីក ដើម្បីផ្តល់វ៉ាក់សាំងជូនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអះអាងថា៖ បើគ្មានទំនាក់ទំនងល្អ កម្ពុជា នឹងមិនទទួលបានវ៉ាក់សាំងកូវីដ១៩ ពីរដ្ឋាភិបាលចិន ក្នុងគ្រាដ៏លំបាកនេះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ត្រូវបានគេមើលឃើញថា៖ បង្កើនកិច្ចសហប្រតិបត្តិការនឹងគ្នាជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចាប់តាំងពីការផ្ទុះឡើងនៅចុងឆ្នាំ២០១៩។ ឯកឧត្តម វ៉ាង វិនធាន តំណាងឱ្យរដ្ឋាភិបាលចិន ធ្លាប់បានបញ្ជាក់ថា៖ រដ្ឋាភិបាលចិន នឹងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងឧបត្ថម្ភគាំទ្ររហូតដល់កម្ពុជាយកឈ្នះលើជំងឺកូវីដ១៩។
ជាមួយនឹងការទទួលបានជំនួយវ៉ាក់សាំង ៧០ម៉ឺនដូស បូកនឹងវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបានទិញ ១.៥លានដូស ក្នុងតម្លៃដ៏ពិសេសពីក្រុមហ៊ុនចិននោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដាក់ចេញផែនការពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ បានប្រកាសប្រើពេលមួយខែ ចាក់វ៉ាក់សាំងឱ្យបាន១លានដូស។ តាមរយៈផែនការចាក់វ៉ាក់សាំង និងការទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ គេរំពឹងថា៖ កម្ពុជា អាចនឹងយកឈ្នះលើជំងឺកូវីដ១៩ ធ្វើឱ្យដំណើរការសង្គម សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋអាចវិលទៅរកភាពល្អប្រសើរឡើងវិញ។
សូមបញ្ជាក់ថា៖ មកដល់ពេលបច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងចំនួន ៣ប្រភេទ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីក្រុមហ៊ុនចិន និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ដែលជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភលោក ៕