កាលពីសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ អនុគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ ដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានបើក កិច្ចប្រជុំ ដើម្បីវាយតម្លៃទៅលើលទ្ធផល ដកបទពិសោធការងារ និងបន្តបេសកកម្មយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ-១៩ ជូនកងទ័ព ក្នុងកងយោធពលខេមរភូមិន្ទ និងគ្រួសារកងទ័ព តាមដំណាក់កាលជាបន្តបន្ទាប់ ទៀត ដែលមាននៅសល់យោធិនមួយចំនួនមិនទាន់បានចាក់ ពិសេសការចាក់ជាលើកទី២ និងធ្វើការចាក់ជូនគ្រួសារកងទ័ពបន្ត ទៅតាមបណ្តាកងឯកភាពនានា ព្រមទាំងចាក់ជូនអតីតយុទ្ធជន នាពេលខាងមុខ។ របៀបវារៈអង្គប្រជុំ ក៏បានធ្វើការផ្សព្វផ្សាយសេចក្តីសំរេចចិត្ត របស់អនុគណៈកម្មាការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ ក្នុងការបង្កើតអនុគណៈកម្មាការ ស្តីពីការតែងតាំង សមាសភាពតួនាទី និងភារកិច្ចរបស់ក្រុមបច្ចេកទេស និងលេខាធិការដ្ឋាន នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិផងដែរ។
នៅក្នុងសេចក្តីសម្រេចការតែងតាំងសមាសភាពតួនាទី និងភារកិច្ចរបស់ក្រុមបច្ចេកទេស និងលេខាធិការដ្ឋានមាន ៧ក្រុម គឺមាន៖ ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ, ក្រុមការងារទិន្នន័យ ចាក់វ៉ាក់សាំងកូវីដ១៩, ក្រុមការងាររៀបចំប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩, ក្រុមការងារបច្ចេកទេសគ្រប់គ្រងថែរក្សា និងដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩, ក្រុមបច្ចេកទេសចាក់វ៉ាក់សាំងកូវីដ១៩, ក្រុមការងារសន្តិសុខ និងក្រុមលេខាធិការដ្ឋាន។ ក្រុមទាំង ៧ មានតួនាទី និងភារកិច្ច ជាជំនួយអនុគណៈកម្មការ ចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ ក្នុងការលើកគម្រោងថវិកាសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងកូវីត១៩ មានសម្ភារៈបរិក្ខាពេទ្យ, ប្រព័ន្ធត្រជាក់, ការចុះតាមដានពង្រឹងសមត្ថភាព និងចំណាយផ្សេងៗរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីត១៩។ ក្រុមក៏ត្រូវធ្វើការរៀបចំផែនការគម្រោងថវិកាសកម្មភាព របស់ក្រុមការងារបច្ចេកទេស នៃអនុគណៈកម្មការចំពោះកិច្ច, សម្របសម្រួលការងារជាមួយក្រុមបច្ចេកទេស នៃអនុគណៈកម្មការចំពោះកិច្ចក្រសួងស្ថាប័នពាក់ព័ន្ធ, រៀបចំកិច្ចប្រជុំនានា របស់អនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ និងធ្វើរបាយការណ៍ទទួលអនុវត្តភារកិច្ចផ្សេងៗ ទៅតាមការប្រគល់ជូនរបស់ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា៖ ការដំណើរការចាក់វ៉ាក់ សាំងកូវីដ-១៩ ជូនដល់កងទ័ព និងគ្រួសារកងទ័ពកន្លងមកពិតជាបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ចាប់តាំងពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅរហូតមកដល់ថ្ងៃនេះ ដោយមាននាយទាហាន ជាន់ខ្ពស់ជាថ្នាក់ដឹកនាំ, នាយ និងពលទាហានជាច្រើនជុំវិញក្រសួងការពារជាតិ, អគ្គបញ្ជាការ និងគ្រួសារកងទ័ព បានមកស្ម័គ្រចិត្តចាក់វ៉ាក់សាំងដោយមិនគិតពីអាយុលើសការកំណត់ឡើយ។ ឯ.ឧ ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ពិសេសចំពោះវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ខ.ភ.ម នៃមន្ទីរពេទ្យព្រះកេតុមាលា ដែលបានយកចិត្តទុកដាក់ និងមានកិច្ចសហការបានល្អជាមួយនឹងបណ្តាកងឯកភាពនានា នៅក្នុងការចុះចាក់វ៉ាក់សាំងការពារវីរ៉ុស កូវីដ១៩នេះដោយសម្រេចបានល្អ។ ឯ.ឧបានឱ្យដឹងថា៖ មកដល់ថ្ងៃនេះយើងសំរេចចាក់ជូនដល់ ខ.ភ.ម ទូទាំងប្រទេស និងគ្រួសារកងទ័ពបានប្រមាណជាង ១៤ម៉ឺននាក់ហើយ ហើយចំនួនកងទ័ពនៅសល់ និងគ្រួសារកងទ័ពគឺយើងនឹងបន្តចាក់ជូនតទៅទៀត ឲ្យបាន ១០០% និងបន្តចាក់ជូនអតីតយុទ្ធជន និងគ្រួសារកងទ័ពទៀត នៅពេលខាងមុខ ៕