អតីតយុទ្ធជនប្រមាណ ៧៩.៤៦៣ នាក់ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់អទិភាពអោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនត្រូវបានប្រារព្ធធ្វើនៅមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និង នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ។
សូមបញ្ចាក់ថា៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជន នាពេលនេះស្របពេលដែលដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទាំងប្រទេស នៅតាមបណ្តា រាជធានី ខេត្ត ក្រុង ផងដែរ។
ឯកឧត្ដម គន់ គីម អគ្គលេខា សមាគមអតីតយុទ្ជជនកម្ពុជា បានមានប្រសាសន៍ថា៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជន នៅមន្ទីរពេទ្យព្រះកេតុមាលា នាពេលនេះ ក្នុងគំរោង ៥០០នាក់ ប៉ុន្តែពេលនេះចំនួនអតីតយុទ្ធជនដែលមកទទួលការចាក់វ៉ាក់សាំងមានចំនួនជាង ៧០០នាក់។ ក្នុងនាមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម គន់ គីម បានថ្លែងអំណរគុណដល់ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានអនុញ្ញាតិអោយបងប្អូនអតីតយុទ្ធជនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃនេះ និងថ្ងៃបន្តបន្ទាប់ទៅទៀត នៅក្នុងចំណោមអតីតយុទ្ធជន ៨ ម៉ឺននាក់ ហើយការចាក់វ៉ាក់សាំងថ្ងៃនេះក៏មានគ្រួសារអតីតយុទ្ធជនបានមកទទួលការចាក់វាក់សាំងផងដែរ។
ថ្លែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជន នៅមន្ទីរពេទ្យព្រះកេតុមាលានាពេលនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជា គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អំពីសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានពលីជួយជាតិមាតុភូមិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា់៖ ការប្រើពាក្យយុទ្ធនាការលើយុទ្ធនាការនេះ គឺក្រើនរម្លឹក និងលើកទឹកចិត្តការចាក់វ៉ាក់សាំងដល់អតីតយុទ្ធជននៅក្នុងរាជធានីភ្នំពេញ និងនៅតាមកន្លែងមួយចំនួនទៀត។
សូមបញ្ជាក់ផងដែរថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេសនោះ ក្រុមការងារ អនុគណៈកម្មការចាក់វ៉ាក់សាំងរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក៍បានរៀបចំទីកន្លែង និងក្រុមគ្រូពេទ្យជំនាញចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ជូនដល់បងប្អូនសមាជិកអតីតយុទ្ធជន នៅទូទាំងប្រទេស។ ក្រោយពីទទួលបានការអនុញ្ញាត របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន មកនោះ ក្រុមការងារអនុគណៈកម្មការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់សមាគមអតីតយុទ្ធជនកម្ពុជា បានស្នើទៅគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយសហការជាមួយក្រសួងសុខាភិបាល និងផ្នែកសុខាភិបាលរបស់កងទ័ពតាមមូលដ្ឋាន សុំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនសមាជិកអតីតយុទ្ធជន ក្នុងក្របខ័ណ្ឌសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានចំនួនសរុបជាង ៧ម៉ឺន នាក់ ដោយចែកចេញជា ៥ មុខសញ្ញា ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍។
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន មិនថាប្រជាពលរដ្ឋទូទៅ ឬសមាជិកអតីតយុទ្ធជននោះទេ គឺការចាក់វ៉ាក់សាំងនេះ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ មកក្នុងសហគមន៍។ ចំពោះបងប្អូនសមាជិកអតីតយុទ្ធជន ការរៀបចំចាក់វ៉ាក់សាំងជូនដល់បងប្អូននេះ ដោយមើលឃើញថា បងប្អូនសមាជិកអតីតយុទ្ធជន គឺជាក្រុមគោលដៅមួយអាចប្រឈមមុខ ងាយរងគ្រោះ ដូច្នេះប្រមុខរាជរដ្ឋាភិបាល បានកំណត់ថា បងប្អូនសមាជិកអតីតយុទ្ធជនក៏មាន អាទិភាព ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលនេះគឺជាការគិតគូរខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខមាលភាពសម្រាប់បងប្អូនសមាជិកអតីតយុទ្ធយើង ៕