ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ ត្រួតពិនិត្យការចាក់វ៉ាក់សាំង ជូនដល់មន្ត្រីកីឡា បុគ្គលិក កម្មករ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
នាយកដ្ឋានព័ត៌មាន(១)
75
2252 សម្តេចពិជ័យសេនា ទៀ បាញ់ ត្រួតពិនិត្យការចាក់វ៉ាក់សាំង ជូនដល់មន្ត្រីកីឡា បុគ្គលិក កម្មករ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់មន្ត្រីកីឡា ក្រុមវិស្វករ បុគ្គលិក កម្មករ កម្មករិនី សាងសង់ពហុកីឡដ្ឋានមរតកតេជោ និងបុគ្គលិក កម្មករ កម្មករិនី សាងសង់ ទីស្តីការក្រសួងការពារជាតិ ប្រមាណ ១ ៥០០ នាក់។

ពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់មន្ត្រីកីឡា ក្រុមវិស្វករ បុគ្គលិក និងកម្មករនាពេលនេះ បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខធិការប្រចាំការ និងប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រសួងការពារជាតិ, ឯ.ឧ វ៉ាត់ ចម្រើន រដ្ឋលេខធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិតកម្ពុជា និងនាយឧត្តមសេនីយ៍ ម៉ក់ សារ៉ុន អគ្គមេបញ្ជាការរង ខ.ភ.ម ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំកីឡាជាតិ ជាច្រើនរូបទៀត។

សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលត្រូវចាក់ជូនដល់មន្ត្រីកីឡា ក្រុមវិស្វករ បុគ្គលិក និងកម្មករ សាងសង់ពហុកីឡដ្ឋានមរតកតេជោ និងសាងសង់ទីស្តីការក្រសួងការជាតិ ប្រមាណ ១ ៥០០នាក់នេះ គឺជាប្រភេទវ៉ាក់សាំង ស៊ីណូហ្វាម ដែលបានចាក់ដោយក្រុមគ្រូពេទ្យនៃ ខ.ភ.ម ក្នុងរយៈពេល១ថ្ងៃពេញ សម្រាប់ដូសលើកទី១ នេះ ហើយចាក់ដូសលើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១លាន ៥១៥ពាន់ ៤៤៧នាក់។

ហើយនៅក្នុងរយៈពេល៥ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ២០ម៉ឺននាក់ហើយ។

យោងតាមរបាយការណ៍ដែលទទួលបាននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី០៥ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បានចំនួន ១៩៦ពាន់ ០៦៦នាក់ ។

ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ៤១ពាន់ ៤៥១នាក់ ខណ្ឌដង្កោ ចាក់បាន ៤៧ពាន់ ៦៥២នាក់ ខណ្ឌ កំបូល ចាក់បាន ៣៤ពាន់ ៨៦៦នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៧២ពាន់ ០៩៧នាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ម្សិលមិញ ក៏បានបញ្ជាក់ផងដែរថា៖ ប្រតិបត្តិការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលជាតំបន់ប្រឈមការរីករាលដាលជំងឺកូវីដ១៩នោះ គឺចាក់រហូតអស់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើចាក់មិនអស់ គឺមិនដកថយជាដាច់ខាត៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ