ក្នុងឪកាសអញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជាគណប្រតិភូឆ្មាំសមុទ្រវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ង្វៀន ក្វាង ដាំ មេបញ្ជាការឆ្មាំសមុទ្រវៀតណាម បានចូលរួមសំដែងការគួរសម ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ កាលពី ថ្ងៃទី ០៧ ខែឧសាភា ឆ្នាំ២០១៥ ។
នៅក្នុងជំនួបសន្ទនានោះ ឯកឧត្តម ទៀ បាញ់ បានសំដែងការស្វាគមន៍ ចំពោះគណៈប្រតិភូ ឆ្មាំសមុទ្រវៀតណាម ដែលបានអញ្ជើញ មកបំពេញទស្សនៈកិច្ច នៅកម្ពុជាផង បានជួបប្រជុំ ធ្វើការងារជាមួយ កងទ័ពជើងទឹក ខ.ភ.ម ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានចាត់ទុកការ ជួបគ្នា រវាងកងទ័ពទាំងពីរ គឺមានសារៈសំខាន់ ដែលបាននាំមក កិច្ចសហប្រតិបត្តិការ បង្កើនចំនង សាមគ្គីភាព មិត្តភាព កាន់តែជិតស្និត ប្រកបដោយការយោគយល់គ្នា និង បង្កើនប្រសិទ្ធភាព ការងារ នៃកងទ័ពទាំង២ ទៅអនាគតថែមទៀត ។ ការជួបគ្នានេះក៏ នឹងបង្កើនសមត្ថភាព រវាងកងទ័ពទាំង២ អោយកាន់តែ មានការរីកចំរើនផងដែរ ។ ឯកឧត្តម ទៀ បាញ់ បានបញ្ជាក់ជូនប្រតិភូ ឆ្មាំសមុទ្រ វៀតណាម ទៀតថា៖ លំហរសមុទ្រកម្ពុជា បានបើកទូលាយក្នុងការទទួល នាវាកងទ័ពជើងទឹក បណ្តាប្រទេស មិនត្រឺមតែនៅក្នុងតំបន់ទេ គឺទទួលស្វាគមន៍ ចំពោះកងនាវា មកពីប្រទេសឆ្ងាយៗ ដូចជា ប្រទេសបារាំងមកចូលសុំចត នៅកម្ពុជា ។ ឯកឧត្តម ទៀ បាញ់ ក៏បានជំរាបប្រតិភូ អំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ សន្តិសុខ លំហរសមុទ្រ និង អគ្គលេខាធិការ នៃគណៈកម្មធិការជាតិ សន្តិសុខលំ្រសមុទ្រ ដែលបានដំណើរការងារ របស់ខ្លួនទៅមុខ ប្រកបដោយ ជោគជ័យ ក្នុងរយះពេលប៉ុន្មានឆ្នាំ កន្លងទៅនេះ ។
មានមតិឆ្លើយតបវិញ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន ក្វាង ដាំ មេបញ្ជាការ សមុទ្រ វៀតណាម បានជំរាបឯកឧត្តម ទៀ បាញ់ អំពីលទ្ធផល នៃជំនួបការងារ រវាងប្រតិភូឆ្មាំសមុទ្រ វៀតណាម ជាមួយអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលំហរសមុទ្រកម្ពុជា ដែលបានប្រព្រឹត្តទៅ ទទួលបានលទ្ធផលល្អ ប្រកបដោយស្មារតី សហប្រតិបត្តិការខ្ពស់ ។ ឯកឧត្តម មេបញ្ជាការឆ្មាំសមុទ្រវៀតណាម បញ្ជាក់ថា៖ វៀតណាម ទើបបានបង្កើតកំលាំងឆ្មាំសមុទ្ររបស់ខ្លួន បើសិនប្រៀបធៀបជាមួយប្រទេសក្នុងតំបន់ វៀតណាមទើបបង្កើតចុងក្រោយគេ ។ ឯកឧត្តមបន្តថា កំលាំងឆ្មាំសមុទ្រវៀតណាម មានក្របខ័ណ្ឌ ធ្វើការសហការទាំងទ្វេភាគី និងពហុភាគី ក្នុងកិច្ចចាត់តាំង វេទិការដើម្បីពិភាក្សាគ្នា ហើយក្នុងឆ្មាំនេះភាគីកម្ពុជា គណៈកម្មាធិការជាតិសន្តិសុខ លំហរសមុទ្រ កម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សា ។ ឯកឧត្តម សង្ឃឹមថា នៅថ្ងៃខាងមុខគណៈកម្មាធិការជាតិ សន្តិសុខ លំហរសមុទ្រកម្ពុជា និងឆ្មាំសមុទ្រ វៀតណាម និង ធ្វើការសហការគ្នាច្រើន ខ្លឹមសារ បន្តទៀត និងការសហការជាមួយ ឆ្មាំសមុទ្រ ប្រទេសក្នុងតំបន់ផងដែរ ៕