ព័ត៌មាន

យុទ្ធ​នាការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​​២​ នៅ​តំបន់​ក្រហម​នឹ​ងចាប់​ផ្តើមថ្ងៃ​ទី១៦ ខែឧសភា​ ខណៈ​កា​រចាក់​ដូស​ទី​១​ នៅ​បន្ត​ផង​ដែរ
នាយកដ្ឋានព័ត៌មាន(៣)
28
2287 យុទ្ធ​នាការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​​២​ នៅ​តំបន់​ក្រហម​នឹ​ងចាប់​ផ្តើមថ្ងៃ​ទី១៦ ខែឧសភា​ ខណៈ​កា​រចាក់​ដូស​ទី​១​ នៅ​បន្ត​ផង​ដែរ

        យុទ្ធនាការ​ចាក់​វ៉ា​ក់សាំង​ប្រឆាំងជំងឺ​កូវី​ដ​១​៩ ដូស​ទី១​ ជូន​ប្រជាពលរដ្ឋនៅ​តំបន់​ក្រហម​ក្នុង​ខណ្ឌ​ចំនួន​៦​ នៅ​រាជធានី​ភ្នំពេញ​រយៈពេល​១៥​ថ្ងៃ ​បាន​សម្រេច​ស្ទើរតែ​ទាំង​ស្រុង​ហើយ​ នៅសល់​បន្តិច​បន្តួច​ប៉ុណ្ណោះ ហើ​យ​យុទ្ធនាការ​ចាក់​ដូស​ទី​២ នឹ​ង​ចាប់​ផ្តើមនៅ​ថ្ងៃទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០២១​។​

        ឈរលើ​ស្មារតី​ និ​ងការគិតគូរ​ខ្ពស់​ ក្នុងការ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ ក្នុង​រាជ​ធានី​ភ្នំពេញ ​ទទួល​បា​នវ៉ា​ក់សាំ​ង ដើម្បី​ការពារការ​រីក​រាល​ដា​លជំងឺ​កូវីដ​១​៩​នោះ ​សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​ដា​ក់ចេញ​ប​ទបញ្ជា​ឱ្យ​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​របស់​ក្រសួង​ការ​ពារ​ជាតិ​ ដឹ​ក​នាំ​ដោយ​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជា​តិ បាន​ចា​ប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ​កាល​ពីថ្ងៃទី​០១​ ខែ​ឧសភា​។​

        ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់ ​អគ្គមេ​បញ្ជាការ​រង​ នាយ​សេនាធិការ​ចម្រុះ ​នៃ​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ ​និ​ង​ជា​ប្រធាន​ប្រតិបត្តិយុទ្ធនាការ​ជា​តិចាក់​វ៉ាក់​សាំង​កូវីដ១៩​ បាន​ថ្លែង​ឱ្យដឹង​ថា​៖ យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​កូវីដ​១​៩ រយៈ​ពេល១​៥​ថ្ងៃ​នេះ​ ការ​ចាក់​វ៉ាក់​សាំង​សរុប​បាន​ជាង ​៦៥​ម៉ឺន​នាក់​។​ តំបន់​ក្រហម​ គឺ​ជា​តំបន់​មួយ​មាន​ភាព​ស្មុគស្មាញ និ​ង​ប្រឈម​ខ្លាំងនឹង​ការ​រីករាល​ដាល​ជំងឺកូវី​ដ​១​៩ តែ​ស្មារតី ​និង​ឆន្ទៈ​សម្រេច​បទ​បញ្ជា​សម្តេច​តេជោ​ប្រមុខ​រាជ​រដ្ឋាភិបាល​ និង​ដើម្បី​ការពារ​អាយុ​ជីវិ​តប្រជាពលរដ្ឋ​ ពី​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩​នោះ​ ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​ ដែល​សុទ្ធ​សឹង​ជា​កង​ទ័ព​បាន​ប្រឹង​ប្រែង​ជម្នះ​រាល់​ការ​លំបាក​ទាំង​ឡាយ​ក្នុង​យុទ្ធនាការ​ដ៏​ចាំ​បាច់​នេះ​។ ក្នុង​ប្រតិ​បត្តិការ​នេះ​ បា​នប្រើ​កម្លាំង​កង​ទ័ព​សរុប​ ៣,៤៤២​នា​ក់ មក​ពី ​៣១​អង្គភាព​។​

         ក្នុងកិច្ច​ប្រជុំ​បូក​សរុប​ការងារ​ចាក់​វ៉ាក់​សាំង​ដូសទី​១​ និង​រៀបចំ​ផែន​ការ​សម្រាប់​ការ​ចាក់​ដូស​ទី​២ ​ដែល​ធ្វើឡើង​នៅ​ទីបញ្ជាការ​ដ្ឋាន​កង​ពល​តូច​លេខ​៧​០ នា​ព្រឹកថ្ងៃទី​១៥​ ខែ​ឧសភា ​ឆ្នាំ២០២១​ មាន​ការ​ជជែក​គ្នាជា​ច្រើន​លើ​បញ្ហា និ​ង​ឧបសគ្គ​មួយ​ចំនួន​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ​និង​ការដា​ក់​ចេញ​ផែន​កា​រកែ​លំអ​រ ដើម្បី​ឱ្យ​ការ​ចាក់​ដូស​ទី២ ​មាន​ភាព​ល្អ​ប្រសើរ​។​

         នាយ​ឧត្តម​សេនីយ៍​ ឥ​ត សា​រ៉ាត់​ បាន​គូស​បញ្ជាក់​ថា​៖ ការ​ចាក់វ៉ាក់​សាំង​ដូស​ទី១នេះ​ បាន​ជួប​បញ្ហា​មួយ​ចំនួន​ដូច​ជា​ការ​រក្សា​សណ្តាប់​ធ្នាប់ ​និង​ការចែក​ប័ណ្ណ​ព័ត៌មា​ន​ចាក់​វ៉ាក់​សាំង​ជា​ដើម​។​ តែ​បញ្ហា​នេះ ​ក៏​បាន​ជជែក ​និ​ងដោះ​ស្រាយ​ឱ្យ​បាន​ល្អ​ប្រសើរ​។​ នាយ​ឧត្តម​សេនីយ៍ ​ឥត សា​រ៉ា​ត់ បា​ន​ចាត់​លទ្ធផល​ នៃ​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី១ ​នៅ​តំប​ន់ក្រហម​ក្នុង​ខណ្ឌទាំ​ង​៦ ​គឺ​ជា​ជោគ​ជ័យ​មួយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំ​ង ដើម្បីជា​ប្រយោជន៍​ដ៏ធំធេង​សម្រាប់​ជា​តិ និង​ប្រជាពលរដ្ឋ​កម្ពុជា ​ក្នុងការ​យក​ឈ្នះ​លើជំងឺ​កូវីដ​១៩​។ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​គូស​រំលេច​ថា​៖ ភាព​ជោគ​ជ័យ​ទាំង​នេះ​ ទទួលបាន​ក៏​ដោយ​សារ​មាន​កិច្ចសហការ​ដ៏​ល្អ​ប្រសើរ​របស់​ក្រុម​ការងារ​ចាក់​វ៉ា​ក់សាំង​។​ ក្នុង​នោះ​ក៏​មាន​ការរួម​ចំណែក​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផង​ដែរ​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ជួយ​ផ្តល់ ​និង​បញ្ជ្រាប​ព័ត៌មា​ន​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ចូល​រួម​ចាក់​វ៉ា​ក់សាំង​។​ ថ្វី​ត្បិត​​ការ​ចា​ក់ដូស​ទី​១​ ទទួល​បាន​ភាព​ល្អ​ប្រសើរ ​តែមិន​មែន​មាន​ន័យ​ថា​ បេសក​កម្មចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំប​ន់ក្រហម​នេះ​ ត្រូវ​បា​នបិទ​បញ្ចប់​នោះឡើយ​។​ បេសក​កម្ម​សំខាន់​ដែល​ត្រូវ​យក​ចិត្តទុក​ដាក់​បន្ត​ទៀត​នោះ​ គឺ​ការចាក់​វ៉ាក់​សាំង​នៅ​ដូស​ទី​២ ​ដែល​នឹង​ចាប់​ផ្តើមនៅ​ថ្ងៃទី១​៦​ ខែ​ឧស​ភា ឆ្នាំ​២០២១​ត​ទៅ​។ ក្នុង​កិច្ច​ប្រជុំនៅ​ព្រឹក​ថ្ងៃទី​១៥​ ខែ​ឧសភា​ មាន​ការ​ជជែ​ក​គ្នា​ច្រើន​លើ​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី២​ ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រុម​ការងារ​ចាក់​វ៉ា​ក់សាំង​នៅ​តំបន់​ក្រហម ​ដែល​មាន​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ជា​ប្រធាន​នោះ​។ បញ្ហា​ដែល​បាន​លើក​មក​ជជែក​មា​នដូច​ជា​ ការ​រៀបចំចែក​ប័ណ្ណ​ចាក់​វ៉ាក់​សាំ​ង ការ​យក​ចិត្តទុក​ដាក់​លើ​ការ​ចាក់​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​វ៉ាក់​សាំង​ និ​ងការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​ជា​ដើម​។​

         នាយ​ឧត្តម​សេនីយ៍​ ​ឥត​ សា​រ៉ាត់ ​បាន​គូស​រំលេច​ថា​ ដោយ​សារ​តែ​ការចាក់​ដូស​ទី​១ នៅ​ខណ្ឌ​មួយ​ចំនួន​មិន​ទា​ន់បាន​បញ្ចប់​នៅ​ឡើយ​នោះ​ ដូច​ជា​នៅ​សង្កាត់​ចោម​ចៅ១​ ចោម​ចៅ២ ​ចោម​ចៅ៣​ សង្កាត់​កាកាប១​ និង​សង្កាត់​ស្ទឹង​មាន​ជ័​យ៣​ ​ជា​ដើម​នោះ​។ ដូច្នេះការ​បែងចែក​ក្រុម​សម្រាប់​ចាក់​វ៉ាក់​សាំង​ដូស​ទី​២​ ត្រូវ​មាន​កា​រដាក់​កម្លាំង​បន្ថែមទៅ​កាន់​ ដើម្បី​មា​នក្រុម​សម្រាប់ចាក់​វ៉ាក់​សាំង​ដូស​ទី​១ និ​ងក្រុម​សម្រាប់​ចាក់​វ៉ាក់​សាំង​ដូស​ទី​២​។ ឯកឧត្តម​ ឥត​ សា​រ៉ាត់​ បាន​ក្រើន​រំលឹក​ដល់​ក្រុម​ការងារ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្ពស់ ​លើកា​រ​ចាក់​វ៉ាក់​សាំង​ដូស​ទី២នេះ​ ឱ្យ​បាន​លទ្ធផល​ល្អ​ប្រសើរ។​ ជាមួយ​នឹ​ងការ​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ា​ក់សាំងដូស​ទី​​២​នេះ​ នាយ​ឧត្តម​សេនីយ៍​ ឥ​ត សា​រ៉ាត់​ ក៏​បានរំលឹ​កប្រជាពលរដ្ឋពី​ឯកសារ​ និង​លក្ខខណ្ឌ​សំខាន់ៗ​មួយ​ចំនួន​ ដែល​ត្រូវ​យក​ទៅ​ជាមួយ​ខ្លួន ​និង​អនុវត្ត​ឱ្យ​បាន​សម្រាប់​ការ​ចាក់​វ៉ាក់​សាំង​ដូសទី២​នេះផ​ង​​ដែរ​។

         ឯកសារ ​និង​លក្ខខណ្ឌ​ដែល​ត្រូវ​អនុវត្តន៍​ឱ្យ​បាន​សម្រាប់​ការ​ចាក់​វ៉ាក់​សាំង​ដូសទី២​នេះ ​រួម​មាន​៖ យក​ទម្រង់ចា​ក់វ៉ាក់​សាំង​ដូស​ទី១​ម​ក​ជា​មួយ​,​ ចាក់​ដូស​ទី១ ​នៅ​កន្លែង​ណា ​ត្រូវ​ចាក់​ដូស​ទី​២ ​នៅ​កន្លែង​ដដែល​នោះ,​ ត្រូវដឹង​ពេល​វេលា​ដែល​កំណត់​ចាក់​ដូស​ទី​២ (គ្រប់​១៤​ថ្ងៃ) ​ចៀស​វាង​ការ​មក​កកកុញ​ និ​ងប៉ះពាល់​ដល់​ប្រសិទ្ធភាព​របស់​ថ្នាំ។​ ជា​ពិសេស​នោះ​ អ្នក​ដែល​មាន​ជំងឺ​កូវីដ​១​៩ មិ​នអនុញ្ញាត​ឱ្យទៅ​ចាក់​ដូស​ទី២​នោះ​ឡើយ​។ ជា​មួយគ្នានេះ​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ា​ត់ ក៏បាន​អំពាវនា​វ​ដ​ល់ប្រជាពលរដ្ឋ​នៅ​តំប​ន់ក្រហម​ ដែល​មិន​ទា​ន់​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១ នៅ​ឡើយ​នោះ​ទៅ​ចូល​រួម​ចា​ក់វ៉ាក់​សាំង​ ព្រោះ​ក្រុមការងារ​នៅ​តែ​បន្ត​ចាក់​ដូស​ទី១​ជូន​ ហើយ​សូម​ចូលរួម​អនុវត្តន៍​ឱ្យបាន​ល្អ​ប្រសើរ​តាម​វិធា​នសុខាភិបាល​ នៅ​ពេល​ទៅ​ចាក់​វ៉ាក់​សាំង​ ៕